លោកស្នងការរងផែនចរាចរណ៍ភ្នំពេញ ពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ ប្តឹងលោក ទ្រី សក្កដា បើកបរឡានបង្កគ្រោះថ្នា.ក់ដោយមានសារធា.តុញៀ.នក្នុងខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកស្នងការរងផែនចរាចរណ៍ភ្នំពេញបានពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ គឺលោកមេធាវី ម៉ី រាត្រី និងលោកមេធាវី ទឹម ហេងលី ដើម្បីរៀបចំពាក្យបណ្តឹង និងការពារសិទ្ធិឱ្យភាគីជនរងគ្រោះដោយស្មគ្រចិត្តមិនគិតកម្រៃ នៅក្នុងករណីលោក ទ្រី សក្កដា បើកបររថយន្តដោយមានសារធាតុញៀនក្នុងខ្លួន ហើយបើកបរបង្កឱ្យមានគ្រោះថ្នាក់ បណ្តាលឱ្យម្តាយរងរបួសធ្ងន់ និងកូនស្រីបានបាត់បង់ជីវិតគួរឱ្យអាណិត និងសង្វេគបំផុតនោះ ជាផ្លូវការ ដោយមិនឱ្យរួចខ្លួនឡើយ ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការផ្ទាល់នៅព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០២៦ នេះ ។

គួរបញ្ជាក់ថា អ្នកចម្រៀង ទ្រី សក្កដា បានបើករថយន្តម៉ាក BYD មួយគ្រឿងឈប់ដេកតាមផ្លូវ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថទៅដាស់ភ្ញាក់បើករថយន្តថយក្រោយបុករះរថយន្តជាបន្តបន្ទាប់២គ្រឿង និងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្មេងស្រី អាយុ១៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកស្ត្រីជាម្ដាយបានរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី០៧ សីហា ឆ្នាំ ២០២៦ នៅចំណុចស្តុបតាមផ្លូវ៥៩៨ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាកម៉ាកBYD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២CE-៤៨៧៤ ស៊េរី២០២៥ បើកបរដោយលោកទ្រី សក្កដា ដែលគេស្គាល់ថា ជាតារាចម្រៀង និងបង្ហាញម៉ូតដ៏មានប្រជាប្រិយម្នាក់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើ បានធ្វើដំណើរតាមផ្លូវលេខ 598 នៅក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលធ្វើដំណើរមកដល់ចំណុចស្តុប ស្រាប់តែឈប់ហើយដេកលង់លក់ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះមានលក្ខណៈស្រវឹង ឬយ៉ាងណានោះទេ ។ ខណៈនោះ អ្នកដំណើរក៏បានរាយការណ៍ទៅកងកម្លាំងអាវុធហត្ថ ។

តាមព័ត៌មានបានឲ្យដឹងទៀតថា នៅពេលនោះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានគោះទ្វារដាស់ ស្រាប់តែបុរសនោះក៏បានថយរថយន្តបុករះរថយន្តចំនួន២គ្រឿង,ម៉ាកហាយឡេនឌ័រ មួយគ្រឿង និង TOYOTA មួយគ្រឿង ហើយរថយន្តនោះពុំព្រមឈប់ហើយក៏បានព្យាយាមបើកថយក្រោយទៅកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្ត្រីម្តាយ និងកូនស្រី អាយុឆ្នាំ១៣ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។
នៅក្នុងគ្រោះថ្នាក់នោះ រថយន្តបានកិនម៉ូតូជាប់និងក្មេងស្រី នៅក្រោមរថយន្ត និងជ្រុល ទៅបុកឡើងចិញ្ចើមផ្លូវបុកប៉ុស្តិ៍យាម បណ្ដាលឲ្យរងការខូចខាត ហើយជាប់ទៅមុខលែងរួច ។ ភ្លាមៗ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចនាំទៅកាន់ស្នាក់ការប៉ុស្តិ៍នគបាលភ្នំពេញថ្មី ។

ដោយសារតែស្ថានភាពក្មេងស្រីរងរបួសធ្ងន់ ហើយក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់
នគរបាលខណ្ឌសែនសុខបានចុះទៅសម្រួលចរាចរណ៍ រួចទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងនាំយករថយន្ត និងអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ។ ទន្ទឹមនឹងនោះ អ្នកបើកបររថយន្តដែលជាតារាចម្រៀងត្រូវបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀនក្នុងខ្លួនផងដែរ ៕


ចែករំលែកព័តមាននេះ