ខេត្តព្រះសីហនុ ៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្ដភាពកម្ពុជា-ចិន ខេត្ដព្រះសីហនុ (PCCFPI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១,៨៦០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
បើតាមវិទ្យាស្ថាន PCCFPI បានឲ្យដឹងថា វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ទៅលើមុខជំនាញចំនួន ១១ រួមមាន ៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការថែទាំ និងជួសជុលកាំមេរ៉ាសុវត្ថិភាព, ការថែទាំនិងជួសជុលបរិក្ខារអេឡិចត្រូនិក, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ និងការកែច្នៃបន្លែ និងផ្លែឈើ ។
ជំនាញទាំងនេះ ត្រូវបានជ្រើសរើស ដោយសារមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន ជាពិសេសនៅខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។ វាជួយឱ្យសិក្ខាកាមងាយស្រួលក្នុងការរកការងារធ្វើ បង្កើនប្រាក់ចំណូល និងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន ។
សិក្ខាកាម ដែលចាប់អារម្មណ៍ចុះឈ្មោះចូលរៀន អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ឧបត្ថម្ភ ១,១២០,០០០រៀល ក្នុងមួយវគ្គ (ចំពោះអ្នកមានប័ណ្ណសមធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរងហានិភ័យដែលមានសុពលភាព), ការអនុវត្ដជាក់ស្ដែងជាមួយឧបករណ៍ទំនើប, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុនជាដៃគូរ ។
ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយអាចទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ២៦១ ២៤២/ ០១៦ ៦៣៣ ៣៦៧/ ០៩៨ ៧៧៧ ៨០៧/ ០១០ ២៦៩ ៩៥២ ឬអញ្ជើញទៅវិទ្យាស្ថាន PCCFPI ដែលមានអាសយដ្ឋាន ភូមិពូធឿន សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្ដព្រះសីហនុ ។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕





ចែករំលែកព័តមាននេះ