ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កូរ៉េ​ខាង​ជើង​ជំរុញ​ឱ្យ​ប្រជា​ជន​បរិភោគ​សា.ច់​សុ.ន.ខ​ទប់​ទល់​នឹង​ការ​ឡើង​កម្ដៅ​

5 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ឧបទ្វីប​កូរ៉េ​កំពុង​ទទួល​រង​ការ​ឡើង​កម្ដៅ​ដ៏​ខ្លាំង​ក្លា​ មិន​ថា​តែ​កូរ៉េ​ខាង​ជើង​ ឬ​ខាង​ត្បូង​នោះ​ទេ​។ បើ​សម្រាប់​កូរ៉េ​ខាង​ត្បូង ការ​ឡើង​កម្ដៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​សម្លាប់​មនុស្ស​ជាង​ម្ភៃ​នាក់​។ ចំណែក​នៅ​កូរ៉េខាង​ជើង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ជន​បរិភោគ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​​អាច​ទប់​ទល់​នឹង​ការ​ឡើង​កម្ដៅ​។ ពួក​គេ​អាច​បរិភោគ​សម្ល​សាច់​សុនខ​ និង​ស៊ុប​មាន់​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​កូរ៉េ​ខាង​ជើង​​បាន​និយាយ​កោត​សរ​សើរ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន​ និង​ចាត់​ទុក​ថា​លោក​ជា​បុរស​ខ្លាំង​ដែល​អាច​ទប់​ទល់​នឹង​អាកាស​ធាតុ​គ្រប់​ប្រភេទ​។ ទូរ​ទស្សន៍​ជាតិ​កូរ៉េ​ខាង​ជើង​ផ្សាយ​ថា​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​ សីតុណ្ហ​ភាព​អតិ​បរមា​កើន​ឡើង​ដល់​៣៦,៧​អង្សា​។​

នៅ​ក្នុង​ចំណោម​ចំណី​អាហារ​ដែល​ទូរទស្សន៍​ជាតិ​កូរ៉េ​ខាង​ជើង​ផ្ដល់​ជា​អនុ​សាសន៍​ឱ្យ​ប្រជា​ជន​បរិភោគ​នៅ​ក្នុង​អាកាស​ធាតុ​ក្ដៅ​នេះ​គឺ​សម្ល​សាច់​សុនខ​​។ នេះ​ជា​ជំនឿ​តាំង​ពី​ដូន​តា​មក​ដែល​ថា​​ការ​បរិភោគ​អាហារ​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​ទប់​ទល់​នឹង​កម្ដៅ​។ នៅ​ក្នុង​កម្ម​វិធី​អប់​រំ​សុខ​ភាព​ដែល​ចេញ​​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​កាសែត​របស់​បក្ស​ពល​ករ​កូរ៉េ​ រ៉ូដុង ស៊ីនមុន (Rodong Sinmun)​ បាន​ដក​ស្រង់​ប្រសាសន៍​របស់​វេជ្ជ​បណ្ឌិត​ប្រចាំ​មន្ទីរ​ពេទ្យ​ធំ​នៃ​ទី​ក្រុង​ព្យុង​យ៉ាង​ដែល​និយាយ​ថា​អាហារ​ត្រជាក់​ៗ​ដូច​ជា​ឪឡឹក​ ត្រសក់​ស្រូវ សណ្ដែក​បាយ​ និង​​អាហារ​ដែល​មាន​ឱជារស​ដទៃ​ទៀត​ដូច​ជា​សម្ល​សាច់​សុនខ​ បបរ​ត្រី និង​បបរ​សណ្ដែក​ក្រហម​ជា​ដើម​សុទ្ធ​តែ​ជួយ​ទប់​ទល់​នឹង​កម្ដៅ​។ កាសែត​ខាង​លើ​នេះ​បាន​បម្រុង​ទុក​ទំព័រ​របស់​ខ្លួន​ដើម្បី​ពិពណ៌នា​ពិស្ដារ​អំពី​សម្ល​សាច់​សុនខ​​ដោយ​ចាត់​ទុក​ថា​វា​ជា​អាហារ​ជា​ប្រពៃណី​របស់​ជន​ជាតិ​កូរ៉េ​ប្រចាំ​រដូវ​ក្ដៅ​។

កាសែត​ថែម​ទាំង​បាន​រំលឹក​នូវ​ពាក្យ​ទំនឹម​ទំនៀម​ដែល​និយាយ​ថា​សូម្បី​តែ​សម្ល​សាច់​សុនខ​កំពប់​ពី​ចាន​ទៅ​លើ​ជើង​ក៏​វា​ជាថ្នាំ​កែ​រោគ​ផង​ដែរ​។ កាសែត​ដដែល​នេះ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ពិធី​ប្រកួត​ប្រជែង​ការ​ចម្អិន​សាច់​សុនខ​ថ្នាក់​ជាតិ​ទើប​តែ​រៀប​ចំ​កាល​ពី​ដើម​ឆ្នាំ​នេះ​។ ដោយ​ឡែក ទូរទស្សន៍​ជាតិ​កូរ៉េ​ខាង​ជើង ​ខេ​ស៊ីអឹន​អេ (KCNA) បាន​ចុះ​ផ្សាយ​កោត​សរ​សើរ​អំពី​សម្ល​សាច់​មាន់​ម៉្យាង​ឈ្មោះ​សាំ​យេ​តាង (samyetang) ដែល​គេ​ញាត់​មើម​យឹន​ស៊ិន​​ បាយ​ដំណើប និង​ផ្លែ​ពុទ្រា​​ចូល​ទៅ​ក្នុង​មាន់​។ ភោ​ជនីយ​ដ្ឋាន​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​មាន​ភ្ញៀវ​ចូល​ច្រើន​ៗ​ដោយ​សារ​ពួក​គេ​ព្យាយាម​រក​អាហារ​ដែល​ជួយ​ឱ្យ​ត្រជាក់​ខ្លួន​។ ទូរទស្សន៍​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង​នៅ​សប្ដាហ៍​នេះ​ក៏​បាន​ចាក់​ផ្សាយ​នូវ​កម្ម​វិធី​ស្ដី​ពី​ការ​ថែ​ទាំ​សុខ​ភាព​រដូវ​ក្ដៅ​ផង​ដែរ​​។

ទូរទស្សន៍​នេះ​បាន​ផ្ដល់​អនុ​សាសន៍​ឱ្យ​ផឹក​ទឹក​ឱ្យ​ច្រើន​ និង​ឧស្សាហ៍​ចុះ​ហែល​ទឹក​ ឬ​ហាត់​ប្រាណ​នៅ​ទី​ចំហ​។ រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាង​ជើង​ពុំ​ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​តួ​លេខ​អ្នក​ស្លាប់​ដោយ​សារ​ការ​ឡើង​កម្ដៅ​នេះ​ទេ​។ ក្រៅ​ពី​ការ​ផ្ដល់​ដំបូន្មាន​ស្ដីពី​ការ​ថែ​ទាំ​សុខ​ភាព​ដូច​ខាង​លើ​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ក៏​មិន​ភ្លេច​​ចាក់​ផ្សាយ​អំពី​ប្រ​ធាន​បទ​បែប​ឃោសនា​លើក​តម្កើង​មេ​ដឹក​នាំ​របស់​ខ្លួន​នោះ​ឡើយ​។ ទូរទស្សន៍​កូរ៉េ​ខាង​ជើង​ផ្សាយ​ថា​លោក​គីម​ជុង​អ៊ុន​ក៏​មិន​ខុស​ពី​ប្រជា​ជន​សាមញ្ញ​នោះទេ លោក​ក៏​ទទួល​រង​ការ​ឡើង​កម្ដៅ​ដូច​គ្នា​។​ កាសែត​រ៉ុដុង​ ស៊ីន​មុន​ នៅ​សប្ដាហ៍​នេះ​បាន​ចាក់​ផ្សាយ​ខ្សែ​អាត់​វីឌីអូ​ចាស់​ៗ​តាំង​ពី​ឆ្នាំ​២០១៣​ដែល​បង្ហាញ​រូប​លោក​គីម​ជុង​អ៊ុន​ចុះ​ពិនិត្យ​មើល​ការ​ដ្ឋាន​សំណង់​បែក​ញើស​ជោគ​ពេញ​ខ្លួន​។

ទោះ​បី​អាវ​សើម​ជោគ​ដោយ​ញើស​ និង​ទោះ​បី​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ជូន​យោបល់​ទៅ​លោក​ដើម្បី​ជៀស​វាង​ការ​ចុះ​ហាល​ក្ដៅ​បែប​នេះ​ក្ដី ​ប៉ុន្តែ​លោក​គីម​មិន​រាថយ​ឡើយ​។ លោក​​ឆ្លើយ​តប​ទៅ​មន្ត្រី​នោះ​​​ថា​ទោះ​បី​អាកាស​ធាតុ​ក្ដៅ​រហូត​ដល់​ទ្រាំ​មិ​នបាន​យ៉ាង​ណា​ក្ដី អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ចំពោះ​ប្រជា​ជន​យើង​ត្រូវ​តែ​ធ្វើ​។ កាសែត​ដដែល​នេះ​ក៏​បាន​សរ​សេរ​រៀប​រាប់​ផង​ដែរ​ថា​លោក​គីម​សុខ​ចិត្ត​ធ្វើ​ដំណើរ​ឆ្ល​ងកាត់​ជួរ​ភ្នំ​ដែល​មាន​សណ្ឋាន​ដី​ឡើង​ចុះ​ និង​ក្រោម​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ជោគ​ជាំ​កាល​ពី​ឆ្នាំ​២០១៨​ដើម្បី​ស្វែង​រក​ទី​តាំង​ដែល​ល្អ​សម្រាប់​ការ​សាង​សង់​តំបន់​រមណីយ​ដ្ឋាន​លំហែ​កាយ​រដូវ​ក្ដៅ​។ អត្ថ​បទ​ខ្លះ​ទៀត​ចុះ​ផ្សាយ​រំលឹក​អំពី​លោក​គីម​ចុះ​ទៅ​ពិនិត្យ​មើល​រោង​ចក្រ​ផលិត​​ផ្អក​គ្រឿង​សមុទ្រ​នៅ​ពេល​សីតុណ្ហ​ភាព​ហក់​ឡើង​ដល់​៣៩​អង្សា​។ លោក​ចុះ​ពិនិត្យ​មើល​កន្លែង​ផ្អាប់​អាហារ​ទាំង​នោះ​ និង​ណែនាំ​ឱ្យ​គិត​គូរ​ជា​សំខាន់​ទៅ​លើ​គុណ​ភាព និង​អនាម័យ​។ សម្រាប់​ការ​ឡើង​កម្ដៅ​នៅ​ពេល​នេះ គេ​មិន​ទាន់​ដឹង​លម្អិត​ថា​តើ​លោក​គីម​បាន​ ឬ​ក៏​គ្រោង​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ៕​ ប្រភព៖ Reuters