បើកបរក្នុងស្ថានភាពស្រវឹង បុ.ករបាំងថ្ម និងបង្គោលភ្លើង ប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹង ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនសង្ស័យចំនួន២បទល្មើស គឺបទធ្វើឲ្យខូចខាតដោយខ្វះការប្រុងប្រយ័ត្ន និងបទបើកបរស្ថិតក្នុងស្ថានភាពស្រវឹង (មានអត្រាជាតិអាល់កុល១.០១ mg/L) តាមមាត្រា៤១៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៧ថ្មីនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក គឺជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ។

ក្រោយពីបញ្ចប់ការបើកការស៊ើបសួរ តំណាងអយ្យការបានធ្វើការបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចខ្លួន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។
សូមជម្រាបថា កាលថ្ងែទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ៣F-៨២៤១ របស់ក្រុមហ៊ុនមួយ បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ដល់ត្រង់ចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ២៧១ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទិសដៅពីត្បូងទៅជើង បានបុករបាំងថ្ម និងបង្គោលភ្លើងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចបង្គោលភ្លើង១ដើម និងថ្ម២ដុំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តម៉ាក HYUNDAI១គ្រឿង បើករេចង្កូតពេញផ្លូវ លុះមកដល់ចំណុកកើតហេតុ ក៏ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុ ទើបឃើញមានមន្ត្រីសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ បានចុះដល់ និងបានវាស់វែងពិនិត្យ ដោយវាស់ជាតិអាល់កុលលើអ្នកបើកបរស្រវឹង ឃើញអត្រាជាតិអាល់កុល1.01Mg/L បើកបរក្នុងល្បឿនលឿន ធ្វើឲ្យខូចខាតដោយខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ។

អ្នកបើករថយន្តរូបនេះឈ្មោះ ឃន រដ្ឋា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៩០ ផ្លូវលំភូមិព្រែកកណ្ដៀង ឃុំព្រែកកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
យោងតាមការចោទ លើបទល្មើសធ្វើឲ្យខូចខាតដោយការខ្វះការប្រុងប្រយ័ត្ន តាមមាត្រា៤១៩ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែន ទៅ២លានរៀល និងបទបើកបរស្ថិតក្នុងស្ថានភាពស្រវឹង (មានអត្រាជាតិអាល់កុល១.០១ mg/L) មាត្រា៧៧ថ្មីនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ទោសត្រូវដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យប្រាក់ពី៨សែនទៅ៤លានរៀល ៕

ចែករំលែកព័តមាននេះ