ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់ប្រហារ​ក្នុង​សាលារៀន​ថៃ អ្នក​ស្លា.ប់​កើន​ដល់​៧​នាក់ រួម​មាន គ្រូ សិស្ស និង​ជន​ដៃដល់

5 ថ្ងៃ មុន

ប្រទេស​ថៃ ៖ យោង​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​ពី​សារព័ត៌មាន Khaosod ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​៧​នាក់ នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដ៏​រន្ធត់​នៅ​សាលារៀន​មួយ ក្បែរ​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន អំពី​ហេតុការណ៍​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ បង្ក​ឡើង​ដោយ​សិស្ស​ប្រុស​ម្នាក់​នៅ​ក្នុង​សាលារៀន ទេព​សិរិ​ន ន​ន់​ថា​បុរី (Thepsirin Nonthaburi) ស្ថិត​ក្នុងស្រុក​បាង​គ្រួ​យ (Bang Kruai) ខេត្ត​ន​ន់​ថា​បុរី (Nonthaburi) ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន ១៥ នាក់ និង​គ្រូបង្រៀន ២ នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ដល់​បណ្តា​គ្រូបង្រៀន សិស្សានុសិស្ស និង​បុគ្គលិក​សាលា ហើយ​អ្នក​មិន​ពាក់ព័ន្ធ​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​នោះ​ភ្លាម​ៗ ហើយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​។

របាយការណ៍​ក្រោយ​ៗ​មក​បង្ហាញ​ថា សិស្ស​ដែល​បង្កហេតុ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ ព័ត៌មាន​បឋម​បញ្ជាក់​ថា ជន​ដៃដល់​បាន​បាញ់​សម្លាប់​ខ្លួនឯង ហើយ​សាកសព​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់រៀន​មួយ​នៅ​ក្នុង​សាលា​នោះ​។

ក្រោយ​ស្ថានការណ៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង ការិយាល័យ​ការពារ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ខេត្ត​ន​ន់​ថា​បុរី បាន​បញ្ជាក់​ជា​ផ្លូវការ​ថា មនុស្ស ១៥ នាក់​បាន​រង​របួស ដោយ​ក្នុង​នោះ ២ នាក់​របួសធ្ងន់ និង ៧ នាក់​បាន​ស្លាប់ ដែល​រួម​មាន​គ្រូបង្រៀន ៣ នាក់ សិស្ស ៣ នាក់ និង​ជន​ដៃដល់ ១ នាក់​។

ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក ត្រៃ​រ៉ុ​ង ភី​វ​ផា​ន (Trairong Phiwphan) អគ្គ​អធិការរង​នគរបាល​ជាតិ​ភូមិន្ទ​ថៃ និង​ជា​អ្នកនាំពាក្យ​នគរបាល​ជាតិ​ភូមិន្ទ​ថៃ បាន​ថ្លែង​ថា ប៉ូលិស​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​មូលហេតុ​នៃ​បទល្មើស​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ត្រូវការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​។ កិច្ចការ​នេះ​រួម​បញ្ចូល​ទាំង​ការ​ពិនិត្យ​កាលៈទេសៈ​ដែល​នាំ​ឱ្យ​មាន​ហេតុការណ៍​នេះ កាលៈទេសៈ​ជុំវិញ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនល្មើស​។

អាជ្ញាធរ​បាន​ទាក់ទង​ទៅ​អាណាព្យាបាល​ជនល្មើស ហើយ​ជាបឋម​បានដឹង​ថា រូបគេ​រស់នៅ​ជាមួយ​សាច់ញាតិ​វ័យ​ចំណាស់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ព័ត៌មាន​លម្អិត​អំពី​មូលហេតុ និង​ការ​ជំរុញ​ចិត្ត​ជនល្មើស​នៅ​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។ បន្ថែម​ពីលើ​នេះ របាយការណ៍​ចុង​ក្រោយ​ក៏​បាន​បង្ហាញ​ថា ជីដូន​ជីតា​ជនល្មើស​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្លាប់​ក្នុងផ្ទះ​នៅ​ក្នុង​តំបន់ Soi Wat Lat Pladuk ដែល​នាំ​ឱ្យ​ប៉ូលិស​ជឿ​ថា ហេតុការណ៍​នេះ​អាច​នឹង​កើតឡើង​នៅផ្ទះ​ជីដូន​ជីតា​ជនល្មើស មុន​ពេល​មានការ​បាញ់ប្រហារ​នៅ​ឯ​សាលារៀន​៕