កម្លាំងចម្រុះចុះត្រួតពិនិត្យ ខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ រកពុំឃើញមានបទល្មើសនិងមនុស្សស្នាក់នៅ
- ភ្នំពេញ
រាជធានីភ្នំពេញៈអគារចំនួន៣ដែលមានកម្ពស់ប្រមាណ ពី២៦ ទៅ៣៦ ជាន់របស់ ខុនដូរ THE PARK WAYដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ២៧៣(ទំនប់ទួលគោក) នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះត្រួតពិនិត្យឆែកឆេររកពុំឃើញមានមនុស្សស្នាក់នៅនិងពុំឃើញ បទល្មើស ឡើយ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នៅទៅតាំងខុនដូរ THE PARK WAY ចំនួន៣អគារ (អគារA, អគារB និងអគារC) ។
លោកឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយរូបលោក ,លោក ហ៊ុន សុរិទ្ធី , អ៊ីមរ៉ន ហាស្សាន់ និង លោកពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ដោយបានការសម្របសម្រួលផ្នែកច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំង ខុនដូរ THE PARK WAY (អគារA, អគារB និងអគារC) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកឃ្លាំង ហួតបានឱ្យដឹងទៀតថា អគារខុនដូដែលចុះត្រួតពិនិត្យនោះ អគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង៤៥០បន្ទប់ ,អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ស្មើនឹង៥៧៦បន្ទប់ សរុបទាំង៣អគារ មានចំនួន ១,៥៣០បន្ទប់ ក្រុមការងារពិនិត្យឃើញថាអគារទាំង៣ខាងលើត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើសស្កេម និងបទល្មើសផ្សេងៗឡើយ ៕




















ចែករំលែកព័តមាននេះ