ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! បង​ឌុ​ប​ប្អូន​ទៅ​រៀន ​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ ធ្លា.ក់​ប្អូនពីលើ​ម៉ូតូ​ ត្រូវ​រថយន្ត​កិ.ន​បែ.កក្បាល​ស្លា.ប់

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បងប្រុស​អាយុ​ជាង​១០​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​ប្អូនប្រុស​អាយុ​១០​ឆ្នាំទៅ​រៀន ហើយ​បាន​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ធ្លាក់​ប្អូនប្រុស​ទៅ​លើ​ថ្នល់ ។ ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ទៅ​ដល់ គេច​ចេញ​អត់​ទាន់​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​បេតុង​ព្រៃ​ស​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កុមា​រា​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ សុ​ភ័​ក្រ សុខ​វិសាល អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​ព្រៃវែង ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ចំណែក​បងប្រុស​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​១០​ឆ្នាំ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​បង្កើត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​គុប​ចង្កៀង​ជ្រុង ព​ណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1J-5459 ឌុ​ប​គ្នា​ចេញពីផ្ទះ​នៅ​ម្តុំ​ជិត​ពន្ធនាគារ​ព្រៃ​ស ទៅ​សាលារៀន ដោយ​បងប្រុស​ជា​អ្នក​ឌុ​ប និង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វ៉ា​ជែង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​១​គ្រឿង​នៅ​ខាង​មុខ បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​គ្នា​ធ្វើ​ឲ្យ​ម៉ូតូ​រេ​ចង្កូត ហើយ​ធ្លាក់​ក្មេង​ប្រុស​ដែល​ជា​ប្អូន​ទៅ​លើ​ថ្នល់​ទាំង​កំរោល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BR-2434 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើរ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ទៅ​ដល់​គេច​អត់​ទាន់​ក៏​កិន​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ឈប់​នៅ​នឹង​កន្លែង ចំណែក​រ៉ឺ​ម៉ក​ដឹក​បន្លែ​បើក​គេច​បាត់ ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ បាន​ធ្វើការ​វាស់វែង នាំ​យក​អ្នកបើកបរ​រថយន្ត និង​រថយន្ត ព្រមទាំង​ម៉ូតូ​ទៅ​ធ្វើការ​សាកសួរ​និង​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ រួច​ប្រគល់​សព​ក្មេង​ប្រុស​ខាងលើ​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕