ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសែនព្រេនតាមទំនៀមទម្លាប់ជនជាតិដើមភាគតិច មុនដំណើរការសាងសង់បង្គោលកង្ហារខ្យល់អគ្គិសនី នៅមណ្ឌលគិរី

5 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឱ្យ​ការ​សាងសង់​បង្គោល​កង្ហារ​អគ្គិសនី​ដំណើរការ​រលូន និង​ស្រប​តាម​បែបបទ​ប្រពៃណី​របស់​បងប្អូន​រស់នៅ​ក្នុង​មូលដ្ឋាន នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៦ លោក ចាន់ រតនា អភិបាលរង​ខេត្តមណ្ឌលគិរី បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធីសែនព្រេន​លើ​ដី​សាងសង់​បង្គោល​កង្ហារ​ខ្យល់ ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ស្រែ​អ៊ី និង​សហគមន៍​ការពារ​ធនធានធម្មជាតិ​ណំ​ភុំ​(​ស្រែ​អ៊ី​) ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ តំណាង​សហគមន៍ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​នាក់ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អ៉ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

លោក ចាន់ រតនា បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​បង្គោល​កង្ហារ​ខ្យល់​អគ្គិសនី​នេះ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សហគមន៍​ទាំងមូល​។​លោក​បាន​លើក​ឡើង​ថា ជា​ធម្មតា រាល់​ការងារ​អភិវឌ្ឍន៍​ទាំងអស់ តែងតែ​ចៀស​មិន​ផុត​ពី​ការ​មាន​ផល​ប៉ះពាល់​តិច​ឬ​ច្រើន​នោះ​ឡើយ​។ ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​មានការ​យោគយល់ អធ្យាស្រ័យ និង​អត់ធ្មត់​ខ្ពស់ ចំពោះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ឬ​ការ​រំខាន​ផ្សេង​ៗ​ដែល​កើត​មាន​ឡើងជា​បណ្តោះអាសន្ន ក្នុងអំឡុងពេល​ដំណើរការ​សាងសង់​នេះ ដើម្បី​ឱ្យ​គម្រោង​ដ៏​មាន​សារសំខាន់​នេះ​សម្រេច​បាន​ជោគជ័យ បម្រើ​ដល់​ផលប្រយោជន៍​រួម​នា​ពេល​អនាគត​។

ជាមួយ​គ្នា​នេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​សហគមន៍​ទាំងអស់ សូម​ចូលរួម​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​ក្រុមការងារ​បច្ចេកទេស ព្រោះ​សមិទ្ធផល​បង្គោល​កង្ហារ​ខ្យល់​អគ្គិសនី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ថាមពលបៃតង ដែល​មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ និង​ទាក់ទាញ​សក្តានុពល​ទេសចរណ៍​មក​កាន់​សហគមន៍​យើង​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។

លោក ម្ហេះ កែក មេ​ភូមិ​ស្រែ​អ៊ី បានឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​ពិធីសែនព្រេន​ទៅ​តាម​ក្បួនខ្នាត និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នា​ឱកាស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​គោរព​អញ្ជើញ​អារក្សអ្នកតា និង​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ដីធ្លី​តំបន់​នោះ មក​ទទួល​ដឹង​ឮ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ សេចក្តី​សប្បាយ ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេង​ៗ និង​សុំ​ឱ្យ​ដំណើរការ​កសាង​បង្គោល​កង្ហារ​ខ្យល់​អគ្គិសនី​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទទួល​បាន​ជោគជ័យ និង​មាន​សុវត្ថិភាព​ទាំងស្រុង​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្គា​វ៉ា​ត់ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។ គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​ប្រមាណ ២០០​លាន​ដុល្លារ ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ខែមករា ឆ្នាំ​២០២៦​។

ទីតាំង​នៃ​គម្រោង​នេះ​គឺ​ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ។​ការ​អភិវឌ្ឍន៍​នេះ​នឹង​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​។ បន្ថែម​ពី​នេះ ខេត្តមណ្ឌលគិរី​ក៏​បាន​ទទួល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ថ្មី​មួយទៀត គឺ​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ខេត្តក្រចេះ​មក​ខេត្តមណ្ឌលគិរី ចម្ងាយ ១៣៣​គីឡូម៉ែត្រ ព្រមទាំង​អនុ​ស្ថានីយ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ចំនួន ២ ផង​ដែរ​៕