ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​នៅ​ថៃ​ ប្រកាស​ឈប់​ទទួលយក​អ្នក​ជំងឺអេដស៍​ថ្មី ព្រោះ​ខ្វះ​ថវិកា ខណៈ​ករណី​ឆ្លង ទូ​ទាំង​ប្រទេស​កើនឡើង​វិញ

5 ថ្ងៃ មុន

ប្រទេស​ថៃ ៖ ដោយសារ​តែ​ចំនួន​អ្នក​ឆ្លង​ជំងឺអេដស៍​មានការ​កើនឡើង​គួរ​កត់សម្គាល់​នោះ វត្ត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រកាស​ឈប់​ទទួលយក​អ្នកជំងឺ​ថ្មី ព្រោះតែ​ត្រូវ​រ៉ាប់រង​លើ​បណ្តា​អ្នកជំងឺ​ចាស់ និង​បុគ្គលិក​ជាង ២០០ នាក់ ខណៈ​ការ​ចំណាយ​ប្រចាំខែ​មាន​ចំនួន​ខ្ពស់ រីឯ​ប្រាក់​ឧបត្ថម្ភ និង​ការ​បរិច្ចាគ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Khaosod កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ប្រទេស​ថៃ​កំពុង​តែ​ជួប​ប្រទះ​ការ​កើនឡើង​វិញ​នូវ​ករណី​ជំងឺអេដស៍ (AIDS) និង​មេរោគ​ហ៊ី​វ (HIV) ដោយ​មាន​ករណី​ឆ្លង​ថ្មី​ប្រមាណ ៧ ០០០ ទៅ ៩ ០០០ នាក់​ក្នុង​១​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​លើស​ពី ៥០ ម៉ឺន​នាក់​ហើយ កាលពី​ថ្មី​ៗ​នេះ​។

ជាមួយនឹង​ការ​កើនឡើង​នេះ វត្ត​ព្រះបាទ​ណាំ​ភូ ស្ថិត​នៅ​ក្នុង​ខេត្ត​លពបុរី (Lopburi) បាន​ប្រកាស​មិន​ទាន់​មាន​លទ្ធភាព​ទទួល​អ្នកជំងឺ​ថ្មី​បន្ថែម​ទៀត​ឡើយ មូលហេតុ​ដោយសារ​តែ​បច្ចុប្បន្ន វត្ត​កំពុង​ជាប់​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​មើលថែ​បណ្តា​អ្នកជំងឺ​មាន​ស្រាប់ រួម​ទាំង​ត្រូវ​រ៉ាប់រង​លើ​បុគ្គលិក​បម្រើ​ការងារ​ជាង ២០០ នាក់​ឯណោះ​។

បើ​តាម ព្រះ​គ្រូ សុវត្ថិ កិត្តិ​សន (Suwat Kittisarn) ព្រះ​ចៅអធិការ​ស្តីទី​វត្ត​ព្រះបាទ​ណាំ​ភូ មាន​សង្ឃដីកា​ថា វត្ត​នៅ​តែ​បន្ត​រែកពន់​បន្ទុក​ថែទាំ​អ្នកជំងឺ បើ​ទោះបីជា​ប្រាក់​ចំណូល​មាន​កម្រិត និង​កំពុង​ធ្លាក់​ចុះ​ក៏​ដោយ​។ ការ​ចំណាយ​ទាំងនោះ​រួម​មាន ការ​ថែទាំ​អ្នក​ជំងឺអេដស៍ និង​បុគ្គលិក​ជាង ២០០​នាក់ ព្រមទាំង​ថ្លៃ​ទឹក​-​ភ្លើង ប្រេងឥន្ធនៈ អាហារ និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត ដែល​សរុប​ប្រហែល ២០ ម៉ឺន​បាត ឬ​ប្រហែល ៦ ០០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​។ ខណៈ​ពេល​ដែល​ចំនួន​អ្នក​ជំងឺអេដស៍​កាន់តែ​ច្រើន កំពុង​តែ​ទាក់ទង​មក​វត្ត​ដើម្បី​ស្វែងរក​ការ​ព្យាបាល​នោះ គណៈកម្មការ​វត្ត​បាន​ហាមឃាត់​មិន​ឱ្យ​ទទួល​អ្នកជំងឺ​ថ្មី​បន្ថែម​ទៀត​ឡើយ ដោយសារ​ការ​ចំណាយ​ដ៏​ច្រើន​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​។ ទោះ​យ៉ាងណា​ក៏​ដោយ គណៈកម្មការ​វត្ត​ក៏​បាន​ដាស់តឿន​ប្រជាជន​ថៃ​គ្រប់​រូប​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ចេះ​គ្រប់គ្រង​ខ្លួនឯង ដើម្បី​ចៀសវាង​ការ​ខុសឆ្គង ព្រោះ​ការ​ឆ្លង​ជំងឺអេដស៍​អាច​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​។

ជាមួយ​គ្នា​នោះ គណៈកម្មការ​វត្ត​ក៏​ចង់​នាំ​យក​បញ្ហា​នេះ​ទៅ​ជម្រាប​ជូន​អាជ្ញាធរ​ទទួលខុសត្រូវ​ផង​ដែរ ជុំវិញ​បញ្ហា​បណ្តា​អ្នកជំងឺ​មិន​អាច​ទទួល​បានការ​ព្យាបាល​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ឡើយ ដោយសារ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ៗ​។ បញ្ហា​នេះ​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​មួយ​ចំនួន​អស់​ថ្នាំលេប និង​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ បន្ថែម​ពីលើ​នេះ ស្ថានភាព​បច្ចុប្បន្ន​ក្នុង​វត្ត បន្ទាប់​ពី​បញ្ហា​នេះ​កើតឡើង បាន​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​ការ​បរិច្ចាគ ដែល​ធ្វើ​ឱ្យ​ខ្វះខាត​ថវិកា​លើ​ការ​រ៉ាប់រង​ដែល​មាន​ស្រាប់ ហើយ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន គណៈកម្មការ​វត្ត​នេះ​ចង់​ស្នើ​រដ្ឋាភិបាល​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​នេះ និង​ផ្តល់​ការ​ថែទាំ​បន្ថែម​ទៀត​ដល់​អ្នកជំងឺ​៕