ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុ​ម​អ្នក​ជីករ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​អូរ​ព្រំដែន​ ឃាត់ខ្លួន​មនុស្ស​០៧​នាក់​នៅ​ស្រុក​ភ្នំព្រឹក

5 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​មនុស្ស​យ៉ាង​ហោចណាស់​ចំនួន​០៧​នាក់  ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជា​ការ​កងឯកភាព​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន  កាលពី​រសៀល​ថ្ងៃ​ទី​០៦ សីហា ពេល​ដែល​ពួក​គេ​កំពុង​ប្រើប្រាស់​ឧ​បករ​ណ៏​ជីក​កកាយ​រុករករ៉ែមាស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​កៀក​នឹង​ដងអូរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ឃុំ​បារាំង​ធ្លាក់​ ។ ​តាម​រយៈ​របាយ​ការ​ណ៍​​សមត្ថកិច្ច​ កិច្ច​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក វ៉ា​ត់ វិសាល អ​​ភិ​បាល​រង​ស្រុក ដែល​គេ​អះអាង​ថា  តំណាង​ជួសមុខ​ឲ្យ​លោក សុង សុ​ភ័​ក្រ អភិ​បាលស្រុក​ភ្នំព្រឹក​ ។ ​

ប្រជាពលរដ្ឋ​ចំនួន​០៧​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ដល់ទី​តាំង​ផ្ទាល់   ខណៈ​ពេល​ពួក​គេ​កំពុង​ជីក​គាស់កកាយ​រុករក​រ៉ែ​មាស​នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​ ត្រង់​ចំណុច​ភូមិ​​ដំណាក់​អំពិល និង​ភូមិ​ហុង​ទឹក  ឃុំ​បារាំង​ធ្លាក់ ​។​ ក្រុម​នេះ​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ​។ ពួក​គេ​ធ្វើ​របៀប​លួចលាក់​តាម​ជួរ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ក្នុងភូមិ​សាស្ត្រ​នានា​នៅ​ស្រុក​ភ្នំព្រឹក ​ដែល​គេ​ស្គាល់​ថា​ ជា​ស្រុក​មួយ​នៅ​ភាគ​ខាងលិច​នៃ​អាណាចក្រ​ទឹកដី​ខេត្តបាត់ដំបង ដែល​សំបូរ​ធនធាន​រ៉ែ​ក្រោម​ដី ​។ ច្រើន​ឆ្នាំ​មក​ហើយ  នៅ​តំបន់​ភ្នំព្រឹក​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ «​ភូ​យ៉ាង​» បាន​បង្កើត​ទីតាំង​ទ្រង់​ទ្រាយ​ធំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​យ៉ាង​គគ្រឹកគគ្រេង​ ។ ​ប៉ុន្តែ​ក្រោយ​ៗ​មក ​ក្រុមហ៊ុន​នេះ​ក៏​ស្រាប់​តែ​ស្ងាត់បាត់​ដំណឹង​ឈឹង​បន្តិច​ម្ដង​ៗ​រហូត​មក​ទល់​នឹង​ថ្ងៃនេះ​ ។

​ប៉ុន្តែ​ ទន្ទឹម​នឹង​ដំណើរការ​របស់​ក្រុមហ៊ុន​ «​ភូ​យ៉ាង​» គេ​ក៏​ឃើញ​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​ដែល​មាន​ដី​នៅ​តំបន់​នោះក៏​បាន​នាំ​គ្នា​ជីក​រុករក​រ៉ែ​បែប​អាជីវកម្ម​ខ្នាត​តូច​យ៉ាង​ភ្លូកទឹកភ្លូកដី​ដែរ  តែ​ក្រោយ​ៗ​មក សកម្មភាព​នេះ ​ហាក់​បាន​ថមថយ​វិញ ​ រហូត​មក​ទល់​ពេល​នេះ ​នៅ​សេសសល់​បន្តិច​បន្តួច​ ដែល​ដើរ​ជីក​កកាយ​តាម​ដងអូរ​ ។

​សព្វថ្ងៃ​ មាន​ពលរដ្ឋ​តិច​តួច​ដែល​មាន​ដី​នៅ​តំបន់​នោះ ​នៅ​តែ​បន្ត​ធ្វើ​ដោយ​លួចលាក់​តាម​ដងអូរ​ព្រំដែន ឬ​តាម​ដីចម្ការ  ឬ​នៅ​តាម​ចង្កេះភ្នំ  ដើម្បី​បានកំរៃ​បន្តិច​ប​ន្តួច​​ចិញ្ចឹម​ក្រពះ​ ។ បើ​តាម​ការ​កត់សម្គាល់​ជាក់ស្ដែង នា​បច្ចុប្បន្ន​នេះ គេ​ឃើញ​មានស្រុក​ចំនួន​០៣ ដែល​ពួក​ឈ្មួញ​​ទុច្ចរិត ដែល​ភាគ​ច្រើន​ជា​មន្ត្រី​មាន​អំណាច ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច លួច​ធ្វើ​អា​ជី​កម្ម​រ៉ែ និង​ធនធានធម្មជាតិ​ក្រោម​ដី​យ៉ាង​ផុសផុល ​ដោយ​គ្មាន​ច្បាប់​អនុញាត ​។   តាម​បណ្ដា​ស្រុក​ទាំង​០៣​នោះ រួម​មាន​៖   ស្រុក​ភ្នំព្រឹក  ស្រុក​សំឡូត  និង​ស្រុក​គាស់​ក្រឡ​ ។

​បើ​តាម​ប្រភព​ព័​ត៌​មាន   សព្វ​ថ្ងៃនេះ ក្រុម​ឈ្មួញ​ទុច្ចរិត​ហាក់ បាន​និង​កំពុង​សម្រុក​ជីក​រុករក​រ៉ែ​ច្រើន​ជាងគេ​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​សំឡូត​ ។    ពួក​ឈ្មួញ​កាយ​យក​ថ្ម​រ៉ែ ​នៅ​ស្រុក​សំឡូតលក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ទី​២ ដើម្បី​ដឹក​យក​ទៅ​ចម្រាញ់​យក​មាស នៅ​ទីតាំង​ស្រុក​គាស់​ក្រឡ​ ។ ប៉ុន្តែ​កន្លង​ទៅ​ថ្មី​ៗ​នេះ គេ​ឃើញ​មន្ត្រី​ជំនាញ​បាន​ចុះ​បង្ក្រាប​ដល់ទី​តាំង​ចម្រាញ់​មាស​នៅ​ស្រុក​គាស់​ក្រឡ​ម្ដង​ហើយ​ ។​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ  ស្រាប់តែ​លេចឮ​ព័​ត៌​មាន​ថ្មី​ៗ​មក​​ថា ​មាន​មេ​ឈ្មួញ​ស្ត្រីជើង​ខ្លាំង​រក​បទល្មើស​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត​ម្នាក់  ត្រូវ​គេ​សង្ស័យ​ថា  បាន​និង​កំពុងសំងំ​បង្កើត​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ដែរ​​ គួប​ផ្សំ​ជាមួយនឹង​មុខរបរ​ចាស់​​«​បទល្មើស​ព្រៃឈើ​»​ ។

​យ៉ាងណា នេះ​ជា​ព័​ត៌​មាន​បឋម​ដែល​កោះសន្តិភាព ទើប​ទ​ទួ​ល​បានកាលពី​ស​ប្ដា​ហ៍​មុន​នេះ ​។ យើង​ងាក​មក​តាមដាន​ក្រុម​អ្នក​ជីក​កកាយ​រ៉ែ​មាស​ចំនួន​០៧​នាក់ ដែល​ត្រូវ​អាជ្ញា​ស្រុក​​ភ្នំព្រឹក​ឃាត់ខ្លួន​ឯណោះ​វិញ​ ។ ​អធិការ​ស្រុក​ភ្នំព្រឹក លោក សំ  វី​រៈ  បាន​ប្រាប់​ថា  ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ  ធ្លាប់​​ត្រូវ​អាជ្ញាធរ ឬ​មន្ត្រី​ជំំ​នា​ញ​ចុះ​ហាមឃាត់​ច្រើន​លើក​ហើយ​ តែ​ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដដែល នៅ​តាម​ដងអូរ​ជាប់​ព្រំដែន​ ។ ​លោក​ថា  បើ​តាម​ការ​សួរនាំ​ប្រជាពលរដ្ឋ​ទាំងនេះ​មួយ​ចំនួន ​ជា​អ្នក​ធ្វើ​ចំណាកស្រុក​ ។ ​ពួក​គាត់​តែង​យក​ភាព​ក្រីក្រ គ្មាន​អង្ករ​ច្រក​ឆ្នាំង​មក​ធ្វើ​ជា​លេស ដើម្បី​ដោះ​បន្ទុក​ជាមួយ​សមត្ថកិច្ច​ ។

​ប៉ុន្តែ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​ថា  ពេល​នេះ ​មន្ត្រី​របស់​លោក​បាន​សួរនាំ ​និង​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕