រាជធានីភ្នំពេញ ៖ បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសម្របសម្រួលករណីកម្មករនិយោជិតនៃក្រុមហ៊ុន វើរីណូមេនូហ្វេកឆឺរីងឯ.ក ដែលបានធ្វើកូដកម្ម និងបិទផ្លូវចេញ-ចូលរោងចក្រ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពលើ ៦ចំណុច ដោយចូលធ្វើការវិញនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា ក្រសួងការងារតែងតែផ្តល់អាទិភាពដល់ ការសម្របសម្រួលដោយសន្តិវិធី និងការសន្ទនារវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ។ការឯកភាពលើ ៦ចំណុច នេះគឺជាជំហានសំខាន់មួយ ក្នុងការរក្សាស្ថិរភាពទំនាក់ទំនងការងារ ការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងធានានិរន្តរភាពនៃការផលិតរបស់សហគ្រាស ។ ក្រសួងនឹងបន្តតាមដានការអនុវត្តការឯកភាពនេះយ៉ាងជិតស្និទ្ធ ។

យោងតាមស្មារតីកិច្ចប្រជុំ ចំណុចសំខាន់ៗដែលបានឯកភាព គឺសហជីពមូលដ្ឋាន និងកម្មករនិយោជិត នឹងចូលបំពេញការងារតាមតួនាទីរៀងៗខ្លួនជាធម្មតាវិញ ព្រមទាំងអនុវត្តសិទ្ធិ និងកាតព្វកិច្ចស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ។
ជាមួយគ្នានេះ ក្រុមហ៊ុនបានឯកភាពពិនិត្យ និងកែលម្អការគ្រប់គ្រងផ្ទៃក្នុង ដោយប្រធានរដ្ឋបាលក្រុមហ៊ុន នឹងកែប្រែឥរិយាបទ និងរបៀបរបបធ្វើការងារក្នុងរយៈពេល៣ខែ ។ ក្នុងករណីមិនមានការកែលម្អដូចការឯកភាព ក្រុមហ៊ុននឹងអនុវត្តតាមខ្លឹមសារ ដែលបានព្រមព្រៀងរួមគ្នា ។

លើសពីនេះ ក្រុមហ៊ុនក៏បានឯកភាពណែនាំផ្នែករដ្ឋបាល និងគណនេយ្យ ឱ្យពិនិត្យការគណនា និងការទូទាត់ប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់ឱ្យនាយកដ្ឋានអធិការកិច្ចការងារ ចុះធ្វើអធិការកិច្ចពិសេស ដើម្បីពិនិត្យ និងតាមដានការអនុវត្តច្បាប់ការងារនៅក្រុមហ៊ុននេះ ។

បច្ចុប្បន្ន កម្មករនិយោជិតភាគច្រើនបានឯកភាព នឹងចូលបំពេញការងារវិញនៅនេះ ស្របតាមការព្រមព្រៀងដែលភាគីទាំងអស់ បានសម្រេចរួមគ្នា ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តតាមដាន និងសម្របសម្រួល ដើម្បីធានាឱ្យការអនុវត្តការឯកភាពទាំង ៦ចំណុចប្រព្រឹត្តទៅដោយរលូន និងស្របតាមច្បាប់ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ