ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់មូលដ្ឋាន សម្រេចបាន ៨០% នៃផែនការឆ្នាំ២០២៦
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការបញ្ជាក់ពីសិទ្ធិ សញ្ជាតិ និងអត្តសញ្ញាណស្របច្បាប់។ ការកាន់កាប់អត្តសញ្ញាណបណ្ណ មិនត្រឹមតែជាកាតព្វកិច្ចពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ ក្នុងការទទួលយកសេវាសាធារណៈ និងសេវាផ្នែកសង្គមកិច្ចផ្សេងៗ។
យោងតាមរបាយការណ៍របស់លោក តាត់ យ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលកោះសន្តិភាពទទួលបាននាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ក្រុមការងារ និងកងកម្លាំងជំនាញ បានខិតខំចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់មូលដ្ឋានតាមខ្នងផ្ទះ។
ជាលទ្ធផល ក្នុងផែនការឆ្នាំ២០២៦ ត្រូវផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ២២ ៦៨៦ នាក់ ដោយអនុវត្តបានចំនួន ១៨ ១២៤ នាក់ (ស្មើនឹង ៨០%) ។ ការផ្តល់ជូនប្រជាពលរដ្ឋអាយុ ១៥ ឆ្នាំឡើង (ផ្តល់ថ្មី) ផែនការចំនួន ២ ១៧១ នាក់ អនុវត្តបានលើសផែនការចំនួន ២៩ នាក់ (សរុប ២ ២០០ នាក់)។ ការផ្តល់ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព (ផ្តល់ទុតិយតា/ប្តូរថ្មី) ផែនការចំនួន ២០ ៥១៥ នាក់ អនុវត្តបានចំនួន ១៥ ៩៥៣ នាក់ និងនៅសេសសល់ចំនួន ៤ ៥៦២ នាក់។
លោកស្នងការរងបានបញ្ជាក់ថា កម្លាំងជំនាញនឹងបន្តខិតខំចុះអនុវត្តនៅតាមមូលដ្ឋាន ដើម្បីផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានគ្រប់ចំនួនតាមផែនការដែលបានកំណត់ បើទោះបីជាចំនួនដែលនៅសេសសល់ភាគច្រើន គឺជាប្រជាពលរដ្ឋដែលបានឃ្លាតឆ្ងាយពីមូលដ្ឋានដោយសារការចំណាកស្រុកយ៉ាងណាក៏ដោយ៕







ចែករំលែកព័តមាននេះ