ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាពដ៏គួរឱ្យសង្វេគ! កាមេរ៉ាបង្កប់ទម្លាយរូបភាពសត្វព្រៃរងគ្រោះថ្នា.ក់ដា.ច់ជើងដោយសារអន្ទា.ក់ នៅស្ទឹងត្រែង

5 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រូបភាព​ដ៏​គួរ​ឱ្យ​សង្វេគ​ចិត្ត​មួយ​ត្រូវ​បាន​លាតត្រដាង តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​/​កាមេរ៉ា​បង្កប់ (Camera Trap) របស់​ក្រុមការងារ​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ នៅ​ក្នុង​ដែន​ជម្រក​សហគមន៍​ព្រៃឈើ​ជាំ​ពេជ្រ និង​សហគមន៍​ភ្នំ​ព្រ​ជុំ​មិត្ត នៃ​ខេត្តស្ទឹងត្រែង​។

រូបភាព​នោះ​បាន​បង្ហាញ​ពី​វត្តមាន​សត្វព្រៃ​ចំនួន ០២ក្បាល ដែល​ក្នុង​នោះ​មាន​សត្វព្រៃ​មួយ​ក្បាល​បាន​របួស​ស្ទើ​ដាច់​ជើង​ម្ខាង ដែល​គេ​សង្ស័យ​យ៉ាង​មុតមាំ​ថា​រងគ្រោះ​ដោយសារ​តែ «​អន្ទាក់​»​។

វិបត្តិ​អន្ទាក់​ស្ងាត់ បាន​និង​កំពុង​ក្លាយជា «​ជញ្ជីង​សេចក្តីស្លាប់​» ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​សម្រាប់​សត្វព្រៃ​។ នៅ​ពេល​សត្វ​ដើរ​រាំង​ចំ​អន្ទាក់​លួស ឬ​ខ្សែកាប​ទោះបីជាកម្លាំង​បោល​របស់​វា​អាច​ទាញ​ដាច់​ខ្សែ​ចេញពី​គល់ឈើ​ក៏​ដោយ ប៉ុន្តែ «​ក្បាល​អន្ទាក់​» នៅ​តែ​រឹត​ជាប់ជើង ឬក​របស់​វា​យ៉ាង​តឹង​។ នៅ​ពេល​សត្វ​ផ្លាស់​ទី ឬ​រត់ ក្បាល​អន្ទាក់​កាន់តែ​រឹត​ត្បៀត​ជម្រៅ​សាច់ កាត់​ផ្តាច់​ចរន្ត​ឈា
ម រហូត​ដល់​រលួយ​សាច់ ចូល​ដល់​ឆ្អឹង និង​បង្កើត​ជាមុខរបួស​ឆ្លង​រោគ​យ៉ាងធ្ងន់ធ្ងរ​។ សត្វ​ខ្លះ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​យ៉ាង​ទារុណ​រាប់​ខែ រហូត​ដល់​ដាច់​ជើង​ខ្លួនឯង ឬ​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន និង​ឆ្លង​រោគ មុន​ពេល​មាន​អ្នក​ជួយ​សង្គ្រោះ​ទាន់​។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង លោក ហ៊ុន សំ​អឿ​ន បាន​មាន​ប្រសាសន៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​៖ បច្ចុប្បន្ន​នេះ សត្វព្រៃ​កំពុង​រងគ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដោយសារ​អន្ទាក់​។ កន្លង​មក យើង​ដោះ​បាន​អន្ទាក់​ជា​ច្រើន​នៅ​ក្នុង​ព្រៃ រួម​ទាំង​កាំភ្លើង​កែ​ច្នៃ​ផង​ដែរ ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​ចុះ​ល្បាត​យើង​បានប្រទះ​ឃើញ​កាំភ្លើង​កែ​ច្នៃ​សម្រាប់​បាញ់​សត្វ​ចំនួន ០៣
ដើម ត្រូវ​គេ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​។

លោកនាយ​សង្កាត់​បាន​បន្ត​អំពាវនាវ​ដល់​សាធារណជន​ថា​៖ ក្នុង​នាម​ខ្ញុំ​ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឱ្យ​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ព្រៃឈើ ជា​ពិសេស​សត្វព្រៃ​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​យើង​ទាំងអស់​គ្នា ព្រោះ​សត្វព្រៃ ទាំងនេះ​ងាយ​រង​គ្រោះ​និង​ជិត​ផុត​ពូជ​ទៅ​ហើយ​នៅ​ក្នុង​ខេត្តយើង​។ ការ​ការពារ និង​អភិរក្ស​សត្វព្រៃ​បាន​ល្អ មិន​ត្រឹមតែ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ផលប្រយោជន៍​ច្រើន តាម​រយៈ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្សាន្ត​ផង​ដែរ​។

យោង​តាម​ប្រភព​ពី​ក្រុមការងារ​អភិរក្ស​បានឱ្យ​ដឹងថា សហគមន៍​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ដែល​មាន​សក្តានុពល និង​មាន​វត្តមាន​សត្វព្រៃ​រស់នៅ​ច្រើន រួម​មាន​៖ សហគមន៍​ព្រៃឈើ ព្រៃ​អូរ​ធម្ម (​ឃុំ​តា​ឡា​ត់ ស្រុក​សេសាន​) សហគមន៍ បុរី​អូរ​ស្វាយ (​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​) សហគមន៍​ព្រៃឈើ ជាំ​ពេជ្រ (​ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​) សហគមន៍ព្រៃឈើ ភ្នំ​ប្រជុំ​មិត្ត (​ឃុំ​សំអាង ស្រុក​ថឡា​បរិ​វ៉ា​ត់​) ។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ដោយ​មានការ​គាំទ្រ​ថវិកា​ពី​អង្គការគាំពារ​សត្វព្រៃ ការ​បំពាក់​កាមេរ៉ា​តាមដាន​សត្វ​ត្រូវ​បាន​ធ្វើ​ឡើង​បាន​តែ​នៅ​ក្នុង​សហគមន៍​ចំនួន​២​ក៏​ដោយ​ប៉ុន្តែតាម​រយៈ​ការ​ចុះ​ល្បាត​ជាក់ស្តែង មន្ត្រី​ជំនាញ និង​សហគម​ន៍​នៅ​តែ​ប្រទះ​ឃើញ​ដានជើង​សត្វព្រៃ​ជា​ច្រើន​ប្រ​ភេទ​នៅ​ក្នុង​សហគមន៍​ដទៃ​ទៀត​ដែល​ទាមទារ​ឱ្យ​មានការយកចិត្តទុកដាក់ និង​ពង្រីក​កិច្ច​ការពារ​បន្ថែម​។

ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ដែល​នៅ​សេសសល់ ការបន្ត​រុញច្រាន «​យុទ្ធនាការ​អន្ទាក់​សូន្យ​»(Zero-Snare Campaign) ការ​រឹត​បន្តឹង​ច្បាប់​លើ​អ្នក​បរបាញ់ និង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​ដោយ​ឈប់​បរិភោគ​សាច់សត្វព្រៃ គឺជា​កាតព្វកិច្ច​ចំ​បាច់​បំផុត ព្រោះ «​គ្មាន​អ្នកទិញ គឺ​គ្មាន​អ្នក​បរបាញ់ ឬ​ដាក់​អន្ទាក់​ឡើយ​»៕