ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ឧបករណ៍​ឆក់​ត្រី អ្នកលក់​បង្រៀន​ប្រើប្រាស់ ទីបំផុត​បុរស​ម្នាក់ ត្រូវ​ជាប់​ឃុំក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

6 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្តស្ទឹងត្រែង ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន និង​រក្សា​ទុក​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ដែល​ប្រឈម​មុខ​នឹង​ទោសទណ្ឌ ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ តាម​ច្បាប់​ស្តី​ពី​ជលផល ។

ពាក់ព័ន្ធ​ករណី​នេះ បាន​ធ្វើ​ឡើង​ដំបូង​ដោយ​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ភួ​ន ថុ​ន នៅ​ចំណុច​មុខ​ស្នាក់​ការ​សន្តិសុខ​លេខ​៧៤៨ ភូមិ​ណា​ង​អ៊ូង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ រួច​បាន​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង ដើម្បី​បន្ត​នីតិវិធី ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖ ឧបករណ៍​ឆក់​ត្រី ប្រភេទ​ក្តៅ​-​ត្រជាក់ ០១​គ្រឿង ព្រមទាំង​ខ្សែភ្លើង ៥​ម៉ែត្រ និង​កាបូបស្ពាយ ម៉ូតូ​ម៉ាក់​សង់ ០៥ ពណ៌​ក្រហម ០១​គ្រឿង ទូរ​សព្ទ​ដៃ ០១​គ្រឿង និង​ប្រាក់​រៀល​ចំនួន ៣៥៦,៥០០​រៀល ។

តាម​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​របស់​លោក យាម សា​វុន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បានឱ្យ​ដឹង​ថា ខ្លួន​បាន​ទិញ​ឧបករណ៍​ឆក់​(​ខូច​)​នេះ ពី​បុរស​ម្នាក់​ឈ្មោះ “​លី​” ។ ហើយ​ម្ចាស់​ដើម​រូប​នោះ មិន​ត្រឹមតែ​ជា​អ្នកលក់​ឧបករណ៍​ឱ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​សន្យា បង្រៀន និង​ផ្តល់​បច្ចេកទេស​ប្រើប្រាស់ បន្ទាប់​ពី​ជួយ​ជួសជុល​រួច ។

ករណី​នេះ​គឺជា​សារ​ព្រមាន​មួយ​ដ៏​ស្រួច​ស្រាវ​ដល់​សាធារណជន កុំ​ចាញ់បោក ឬ​ទទួលយក​ការ​អូស​ទាញ និង​ការ​បង្រៀន​បច្ចេកទេស​ខុសច្បាប់​ពី​ជនខិលខូច ។ ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី មិន​ត្រឹមតែ​ជា​អំពើ​បំផ្លាញ​ពូជ​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សេរីភាព ជាបគុក​ច្រវាក់ និង​ចំណាយ​ថវិកា​ឥតប្រយោជន៍ ខណៈ​អ្នក​បង្រៀន ឬ​អ្នក​ផ្តល់​គំនិត ក៏​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ៕