ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​បា.ញ់​មីស៊ីល​ផ្លោង​យ៉ាង​តិច​១​គ្រា.ប់​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន​ធ្វើ​ឱ្យ​ផ្អើល​ពេញ​តំបន់​អាស៊ី​បូព៌ា

6 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ កូរ៉េ​ខាង​ជើង​​ទើប​តែ​បាញ់​មីស៊ីល​ផ្លោង​យ៉ាង​តិច​មួយ​គ្រាប់​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​នៅ​ថ្ងៃ​​នេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ពី​យោធា​កូរ៉េ​ខាង​ត្បូង​។ ការ​បាញ់​មីស៊ីល​លើក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ទី​ក្រុង​ព្យុង​យ៉ាង​និយាយ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ចំពោះ​ប្រទេស​ជប៉ុន​ព្រោះ​ជប៉ុន​ចាប់​ផ្ដើម​ពង្រីក​កម្លាំង​យោធា​របស់​ខ្លួន​កាន់​តែ​ខ្លាំង​​ឡើងៗ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​។ អគ្គ​សេនាធិការ​ដ្ឋាន​ចម្រុះ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​យោធា​របស់​យើង​​​​ចាប់បាន​​សញ្ញា​ថា​មាន​មីស៊ីល​ផ្លោង​មួយ​គ្រាប់​​បាញ់​ចេញ​ពី​តំបន់​វុន​សាន (Wonsan) នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​។ ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​មាន​វត្ថុ​អ្វី​ម៉្យាង​​ដូច​ជា​គ្រាប់​មីស៊ីល​ត្រូវ​​​បាន​បាញ់​ចេញ​ពី​ទឹក​ដី​កូរ៉េ​ខាង​ជើង​។

ក្រោយ​មក ក្រសួងដដែល​បង្ហោះ​សារ​មួយ​ទៀត​បញ្ជាក់​ថា​មីស៊ីល​នោះ​មិន​បាន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ចំពោះ​ប្រទេស​ជប៉ុន​ទេ​។ អគ្គ​សេនា​ធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ចាប់​ផ្ដើម​ពង្រឹង​ការ​ឃ្លាំ​មើល និង​ត្រៀម​ជើង​ព្រួល​ទុក​ជា​មុន​ ក្រែង​លោ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​បន្ថែម​ទៀត​។ ទន្ទឹម​នឹង​នោះ កូរ៉េ​ខាង​ត្បូង​បន្ត​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ជា​មួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​គឺ​អាមេរិក និង​ជប៉ុន​។ កូរ៉េ​ខាង​ជើង​នៅ​តែ​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​ឥឡូវ​នេះ​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ​បាត់​ទៅ​​ហើយ​ ហើយ​ឋានៈ​នេះ​មិន​អាច​ប្រែ​ក្រឡាស់​វិញ​ជា​ដាច់​ខាត​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​មាន​ប្រសាសន៍​​កាល​​ពី​ដើម​សប្ដាហ៍​នេះ​ថា​យោធា​ជប៉ុន​ចាំ​បាច់​ត្រូវ​តែ​ពង្រីក​សមត្ថ​ភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​ការ​ប្រញឹក​ដៃ​នៅ​ក្នុង​គ្រា​អាសន្ន​។ រដ្ឋាភិបាល​ជប៉ុន​ក៏​ទើប​តែ​ចេញ​សៀវ​ភៅ​ស​វាយ​តម្លៃ​អំពី​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​រុស្ស៊ី ចិន និង​កូរ៉េ​ខាង​ជើង​។

កាល​ពី​ម្សិល​មិញ ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​ និង​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​នៅ​កូរ៉េ​ខាង​ជើង​ គឺ​លោក​ស្រី​គីម​យូជុង ​ប្រកាស​​តាម​​ទូរ​ទស្សន៍​ជាតិ​​ថា​ថ្នាក់​ដឹក​នាំ​នៃ​របប​ក្រុង​ព្យុង​យ៉ាង​នឹង​ដាក់​ចេញ​នូវ​ជម្រើស​យោធា​​មួយ​ចំនួន​នៅ​លើ​តុ​ដើម្បី​រត់​ឱ្យ​ទាន់​សភាព​ការណ៍​ដែល​ជប៉ុន​កំពុង​ពង្រីក​កម្លាំង​យោធា​របស់​ខ្លួន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ កូរ៉េ​ខាង​ជើងចាប់​ផ្ដើម​ពង្រីក​ទំនាក់​ទំនង​សេដ្ឋ​កិច្ច និង​យោធា​កាន់​តែ​ស៊ី​ជម្រៅ​ជា​មួយ​ប្រទេស​រុស្ស៊ី​។ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព និង​គ្រាប់​រំសេវ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ទល់​នឹង​អ៊ុយ​ក្រែន​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ​ រុស្ស៊ី​ផ្ដល់​ស្បៀង​អាហារ ជំនួយ​ហិរញ្ញ​វត្ថុ ថាម​ពល និង​បច្ចេក​វិទ្យា​យោធា​។ នេះ​បើ​យោង​តាម​ការ​ប្រមើល​មើល​របស់​អ្នក​វិភាគ​។ កូរ៉េ​ខាង​ជើង​ក៏​ឧស្សាហ៍​និយាយ​រំលឹក​ផង​ដែរ​​ថា​កូរ៉េ​ខាង​ត្បូង​ជា​សត្រូវ​ធំ​ទី​មួយ​របស់​ខ្លួន​​។

ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​ពាក្យ​សម្ដី​របស់​លោកស្រី​គីម​យូជុង​ទេ​។ ក្រសួង​គ្រាន់​តែ​និយាយ​ដោយ​ប្រយោល​ថា​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ទាប​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ម​មាន​គោល​បំណង​គំរាម​កំហែង​ប្រទេស​ដទៃ​ទៀត​នោះ​ដែរ​។ កម្លាំង​យោធា​របស់​យើង​ប៉ុណ្ណឹង​គ្មាន​គោល​ដៅ​ធ្វើ​សង្គ្រាម​ទេ​ យើង​គ្រាន់​តែ​ចង់​ទប់​ស្កាត់​មិន​ឱ្យ​កើត​មាន​សង្គ្រាម​នា​ពេល​អនា​គត​តែ​ប៉ុណ្ណោះ​ ចង់​បង្កើន​សមត្ថ​ភាព​ការ​ពារ​ខ្លួន​ឱ្យ​បាន​រឹង​មាំ និង​ស្រប​ទៅ​តាម​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​បែប​សន្តិ​ភាព​និយម​របស់​យើង​​ និង​ស្រប​ទៅ​តាម​​ច្បាប់​អន្តរ​ជាតិ​។

កាល​ពី​ឆ្នាំ​២០២៥ ជប៉ុន​បង្កើន​ខ្ទង់​ថវិកា​ការ​ពារ​ជាតិ​លើស​មុន​៩,៧%​។ មាន​ន័យ​ថា​កើន​ឡើង​ដល់​ចំនួន​៦២,២​ពាន់​លាន​ដុល្លារ​ ឬ​១,៤%​នៃ​ជីឌីភី​ប្រចាំឆ្នាំ​របស់​​ខ្លួន​។ ការ​ពង្រីក​កម្លាំង​យោធា​របស់​ជប៉ុន​ក៏​ធ្វើ​ឱ្យ​ប្រទេស​ចិន​ភ្ញាក់​ផ្អើល​ផង​ដែរ​។ ចិន​ចាត់​ទុក​ថា​នេះ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​របប​ដឹក​នាំ​បែប​យោធា​និយម​ជា​ថ្មី​។​ នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី​ជេ​ម្យុង ហាក់​ដូច​ជា​ប្រើ​ភាសា​ទន់​ភ្លន់​។ លោក​បោះ​ដៃ​ទៅ​រក​របប​កុ្រង​ព្យុង​យ៉ាង​ដើម្បី​ស្នើ​សុំ​ចរ​ចា​គ្នា​ដោយ​គ្មាន​បុរេ​លក្ខ​ខណ្ឌ​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​រក្សា​ភាព​ស្ងប់​ស្ងាត់​មិន​ឆ្លើយ​តប​នឹង​សំណើ​នេះ​ទេ៕​ ប្រភព​៖ Euro News