ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នៅ​ស្រុក​សេ​សាន

6 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ឆ្លង​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រក​ឃើញ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ​កាលពី​វេលា​ម៉ោង​០៩​និង​១៦​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០
២៦ នៅ​ចំណុច​ថ្មដា ស្ថិត​ក្នុងភូមិ​ស្ដៅ​១ ឃុំ​ស្ដៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច ឱ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក ស៊ិ​ន សុ​ហឹ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ អាជ្ញាធរ​ដែនដី និង​គ្រូពេទ្យ​ជំនាញ ដឹកនាំ​ដោយ​លោក ស៊ើ​ម ឌី​ណា អភិបាលរង​ស្រុក​សេ​សាន និង​លោក មី សុគន្ធ ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច បាន​ចុះ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​លើ​សាកសព​។ សព​ជន​រង​គ្រោះ មានឈ្មោះ ស្រួច សា​នាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ដោយសារ​មិនឃើញ​ប្អូនប្រុស​ត្រឡប់​មក​ផ្ទះ​វិញ លោក​ក៏​បាន​ដើរ​ស្វែងរក ហើយ​បាន​ប្រទះ​ឃើញ​សព​ប្អូនប្រុស​នៅ​ក្នុង​ទឹកអូរ​សេវ ដោយ​មាន​បំពាក់​កូ​ម​នៅ​ក្បាល និង​មាន​ទូក​ផ្ទុក​ឧបករណ៍​ឆក់​ត្រី (​ក្បាល​ឆក់ និង​អា​គុយ ៧០ អំពែរ ចំនួន ០២ គ្រឿង​) ព្រមទាំង​ត្រី​មួយ​ចំនួន​។

ផ្អែក​លើ​ការ​ពិនិត្យ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ និង​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ ពៅ ភិ​រម្យ នៃ​មណ្ឌល​សុខភាព​ស្ដៅ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ឆក់​ត្រី ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ សូម​ឲ្យ​ចូលរួម លុប​បំបាត់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ដើម្បី​ការពារ​ជីវិត និង​ធនធាន​មច្ឆា​ជាតិ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ គឺជា​សារ​ដាស់តឿន និង​ជា​មេរៀន​ដ៏​ជូរ​ចត់​មួយទៀត​ចំពោះ​អ្នក ដែល​នៅ​តែ​បន្ត​ប្រើប្រាស់ «​ឧបករណ៍​ឆក់​ត្រី​» ដែល​ជា​ឧបករណ៍​ល្មើសច្បាប់ និង​មាន​គ្រោះថ្នាក់​បំផុត ។

ឧបករណ៍​ឆក់ ដែល​មាន​ចរន្តអគ្គិសនី​កម្លាំង​ខ្លាំង បាន​សម្លាប់ និង​បំផ្លាញ​ពូជ​ត្រី តូច ធំ ស៊ុត​ត្រី និង​កូន​ត្រី​តូច​ៗ រួម​ទាំង​កម្ទេច​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ប្រភព​ទឹកធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​បាត់បង់​ផល​នេសាទ​ទៅ​ថ្ងៃ​អនាគត ។

ពាក់ព័ន្ធ​ករណី​ជាក់ស្ដែង​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​រាល់​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ជា​បន្ទាន់ ដើម្បី​ការពារ​សុវត្ថិភាព​ជីវិត​ផ្ទាល់ខ្លួន និង​ចូលរួម​ថែរក្សា​ការពារ​ធនធាន​មច្ឆា​ជាតិ ឱ្យ​បាន​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕