ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្រ.​មា.ន​វា.យ​ប្រ.ហារ​ប្រទេស​ទាំង​អស់​នៅ​ឈូង​សមុទ្រ​ពែក្ស​បើ​អាមេរិក​វា.យ​ប្រ.ហារ​មក​លើ​ខ្លួន​ជា​ថ្មី

6 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ អ៊ីរ៉ង់​ព្រមាន​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស​ថាប្រសិន​បើ​អាមេរិក​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី ខ្លួន​នឹង​​វាយ​ប្រហារ​ទីតាំង​ផលិត​ថាម​ពល​សំខាន់​ៗ​នៅ​ទូទាំង​តំបន់​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ចំនួន​៥​ដែល​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ ការ​ព្រមាន​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អ៊ី​រ៉ង់​ព្យាយាម​ធ្វើ​ឱ្យ​ចំណាត់​ការ​យោធា​មក​លើ​ខ្លួន​​រង​ការ​ខាត​បង់​កាន់​តែ​ធ្ងន់​ធ្ងរ​​ព្រោះ​ខ្លួន​នឹង​វាយ​ប្រហារ​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អាមេរិក​កាន់​តែ​ខ្លាំង​។ ការ​ព្រមាន​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​ការ​ទូត​ជាន់​ខ្ពស់​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​គំរាម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ថា​នឹង​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ីរ៉ង់ ​បើ​អ៊ីរ៉ង់​​មិន​ព្រម​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អ៊ីរ៉ង់​២​នាក់​​ រួម​ទាំង​​ប្រភព​២​នាក់​នៅ​ឈូង​សមុទ្រ​ និង​អ្នក​ការ​ទូត​ជាន់​ខ្ពស់​ម្នាក់​ប្រចាំ​តំបន់​​អះ​អាង​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អាបាស់​ អារ៉ាក់​ឈី និយាយ​ទៅ​កាន់​សមភាគី​អារ៉ាប៊ី​សាអូឌីត តួកគី កាតា និង​អគ្គ​បញ្ជា​ការ​កង​ទ័ព​ប៉ាគីស្ថាន​។ លោក​សូម​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ឈូង​សមុទ្រ​ប្រើ​ប្រាស់​ទំនាក់​ទំនង​ជា​មួយ​លោក​ត្រាំ​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​គាត់​កុំ​ឱ្យ​វាយ​ប្រហារ​អ៊ីរ៉ង់​សា​ជា​ថ្មី​។ លោក​ព្រមាន​ថា​ប្រសិន​បើ​អាមេរិក​នៅ​តែ​ជម្នះ​ចិត្ត​វាយ​អ៊ីរ៉ង់​ ពេល​នោះ អ៊ីរ៉ង់​នឹង​វាយ​សង​សឹក​វិញ​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​អាមេរិក​ និង​រោង​ចក្រ​ផលិត​ថាម​ពល​​​ទូទាំង​តំបន់​​ឈូង​សមុទ្រ​ជា​មិន​ខាន​។

អ្នក​ការ​ទូត​រូប​នោះ​ថ្លែង​បន្ត​ទៀត​ថា​សារ​របស់​លោក​អារ៉ាក់​ឈី​នៅ​រក្សា​ដដែល​គឺ​ថា​ឱ្យ​តែ​អាមេរិក​ហ៊ាន​វាយ​អ៊ីរ៉ង់​ អ៊ីរ៉ង់​ត្រូវ​តែ​វាយ​បក​វិញ​។ ប៉ុន្តែ​លោក​យល់​ថា​មធ្យោបាយ​ល្អ​ប្រសើរ​បំផុត​គឺ​ដោះ​ស្រាយ​បញ្ហា​តាម​ការ​ទូត​ដើម្បី​ជៀស​វាង​ការ​ពង្រីក​សង្គ្រាម​កាន់​តែ​ខ្លាំង​ដែល​នាំ​ឱ្យ​មាន​ការ​ខូច​ខាត​កាន់​តែ​ធំ​ធេង​។ ប្រភព​ម្នាក់​ប្រាប់​ថា​ការ​ព្រមាន​របស់​អ៊ីរ៉ង់​លើក​នេះ​មាន​លក្ខណៈ​ខ្លាំង​ក្លា​ជាង​ពេល​ណា​ទាំង​អស់​។ បើ​អាមេរិក​ហ៊ាន​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ីរ៉ង់​ អ៊ីរ៉ង់​នឹង​វាយ​សង​សឹក​វិញ​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល​​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ និង​គោល​ដៅ​ដទៃ​ទៀត​។ នេះ​ជា​ការ​បង្ហាញ​ថា​អ៊ីរ៉ង់​ព្យាយាម​ប្រើ​ប្រាស់​ការ​គំរាម​កំហែង​វាយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​តំបន់​ទុក​ជាលក្ខ​ខណ្ឌ​ដោះ​ដូរ​មិន​ឱ្យ​អាមេរិក​វាយ​ប្រហារ​មក​លើ​ខ្លួន​។ ហេតុ​នេះ វា​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស​ដែល​មាន​មូល​ដ្ឋាន​យោធា​អាមេរិក​តាំង​នៅ​ និង​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ប្រេង​ចេញ​។ ពួក​គេ​ត្រូវ​រា​រែក​ចិត្ត​នៅ​ក្នុង​បញ្ហា​នេះ​។

រាជ​ទាយាទ​អារ៉ាប៊ី​សា​អូឌីត ព្រះ​អង្គ​ម្ចាស់​ប៊ីន​សាល់​ម៉ាន់​ មាន​ព្រះ​រាជ​បន្ទូល​ជា​មួយ​លោក​ត្រាំ​ និង​ជំរុញ​ឱ្យ​លោក​ពន្យារ​ពេល​បើក​ប្រតិ​បត្តិ​ការ​សឹក​ជា​បណ្ដោះ​សិន​ដើម្បី​យក​ពេល​នេះ​ចរ​ចា​គ្នា​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ផ្នែក​ការ​ទូត​។ នេះ​បើ​យោ​ងតាម​អ្នក​ការ​ទូត​ជាន់​ខ្ពស់​ម្នាក់​ និង​ប្រភព​ជា​ច្រើន​ទៀត​នៅ​ឈូង​សមុទ្រ​។ ប្រភព​ដទៃ​ទៀត​អះ​អាង​ការ​ព្រមាន​របស់​អ៊ីរ៉ង់​លើក​នេះ​មាន​ចេត​នា​ដាស់​តឿន​ទៅ​ដល់​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ទាំង​អស់។ ប្រទេស​កាតា អូម៉ង់ និង​អារ៉ាប៊ី​សា​អូឌីត​សុទ្ធ​តែ​បាន​ជំរុញ​ឱ្យ​ទី​ក្រុង​វ៉ាស៊ីនតោន​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ឡើង​វិញ​ជា​មួយ​អ៊ីរ៉ង់​ដើម្បី​មិន​ឱ្យ​មាន​សង្គ្រាម​សា​ជា​ថ្មី​។ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា លោក​ត្រាំ​ប្រកាស​ថា​លោក​សម្រេច​ចិត្ត​​​មិន​វាយ​ប្រហារ​អ៊ីរ៉ង់​ទេ​។ ប៉ុន្តែ​អ៊ីរ៉ង់​ត្រូវ​តែ​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀ​ងជា​ប្រញាប់​៕ ប្រភព​៖ Reuters​