រថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉ក បត់ឆ្លងផ្លូវបុ.កជាមួយរថយន្ត BMW ខូចខាតទាំងសងខាង
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនយក្សសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង ខណៈបត់ឆ្លងផ្លូវចូលចាក់ប្រេង ក៏បានបុកជាមួយរថយន្តម៉ាក BMW ១គ្រឿងទៀត ដែលកំពុងបើកតាមផ្លូវត្រង់ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សរងគ្រោះនោះឡើយ ។
ឧប្បត្តិហេតុខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវព្រៃស ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ ព្រៃ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនធំ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-3326 សណ្ដោងកន្ទុយរ៉ឺម៉ក បើកបរធ្វើដំណើរតាមផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវចូលចាក់ប្រេងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយនៅជិតនោះ ហើយក៏មានរថយន្ត១គ្រឿងទៀតម៉ាកBMW ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-1001 បើកបរតាមផ្លូវព្រៃសដូចគ្នាក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់គ្នាគេចអត់ទាន់ក៏បុកគ្នាពេញទំហឹងតែម្ដង ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ខណៈនោះរថយន្តធំបានរុញរថយន្តតូចទៅផ្ទប់ជាមួយរបាំងដែកនិងឡេីងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត យ៉ាងដំណំ ហើយរថយន្តBMW ខូចខាតខ្លាំងជាង ។ ព្រមទាំងបានបណ្ដាលឲ្យបែកអំពូលភ្លើងបំភ្លឺផ្លូវ១ផងដែរ ប៉ុន្តែសំណាងល្អដែលមិនមានមនុស្សរងរបួស ឡើយ ហើយក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះធ្វើការវាស់វែង រួចនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕












ចែករំលែកព័តមាននេះ