ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ព្រមា.ន​កា.ត់ទោ.ស​អ្នក​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ដែរ​ថា អា​មេ​រិ​ក​កំពុង​ខ្វះ​គ្រា.ប់​ធ្វើសង្គ្រា.ម

6 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ បាន​បដិសេធ​របាយការណ៍​ដែល​ថា សហរដ្ឋអាមេរិក​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​គ្រាប់រំសេវ​សំខាន់​ៗ ដោយ​លោក​សង្កត់ធ្ងន់​ថា ប្រទេស​នេះ​មាន​ស្តុក​ទុក​គ្រាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​លោក​ព្រមទាំង​បាន​ព្រមាន​ដែរ​ថា អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​លេច​ចេញ​ព័ត៌មាន​បែប​នេះ នឹង​ត្រូវ​ប្រឈម​មុខការ​កាត់ទោស​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​ប្រទេស​តួ​ក​គី​យ៉េ និង Euronews បាន​ចេញផ្សាយ​។

លោក ត្រាំ បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Truth Social ដូច្នេះ​ថា «​សហរដ្ឋអាមេរិក​មាន​គ្រាប់រំសេវ​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់ ជា​ពិសេស​គ្រាប់​ប្រភេទ​ជាក់លាក់​មួយ​ចំនួន​។ លើស​ពី​នេះ ចំនួន​ដ៏​ច្រើន​កំពុង​ត្រូវ​បាន​ផលិត និង​ដឹក​ជញ្ជូន​មក​សហរដ្ឋអាមេរិក​តាម​តម្រូវការ​។ បណ្តា​ក្រុមហ៊ុន​ការពារ​ជាតិ​កំពុង​សាងសង់​រោងចក្រ​ផលិត​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​យើង​»​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​បាន​បន្ថែម​ទៀត​ថា «​អ្នក​ដែល​ទម្លាយ​ព័ត៌មាន​នៃ​សេចក្តីថ្លែងការណ៍​ក្បត់ជាតិ​ទាំងនេះ កំពុង​ត្រូវ​បាន​តាម​រក​។ ទោស​ដាក់​ពន្ធនាគារ​រយៈពេល​វែង​នឹង​ត្រូវ​លើក​ឡើង​ដើម្បី​ដាក់បន្ទុក​!»​។

សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​ក​ជា​ច្រើន​បាន​រាយការណ៍​ថា ការ​ខ្វះខាត​ស្តុក​គ្រាប់​មី​ស៊ី​ល​ស្ទាក់​ចាប់ គឺជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​រដ្ឋបាល​របស់​លោក សម្រេចចិត្ត​ផ្អាក​ការ​វាយប្រហារ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ី​រ៉​ង់​។ តួយ៉ាង CNN ក៏​បាន​រាយការណ៍​ដែរ​ថា កង្វះខាត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ និង​មី​ស៊ី​ល​ស្ទាក់​ចាប់​សម្រាប់​ការ​ការពារ​ដែនអាកាស បាន​ជះ​ឥទ្ធិពល​ដល់​យុទ្ធសាស្ត្រ​របស់​លោក ត្រាំ នៅ​ក្នុង​ជម្លោះ​ជាមួយ​អ៊ី​រ៉​ង់ ដោយសារ​កងទ័ព​អា​មេ​រិ​កបាន​ប្រើប្រាស់​អស់​ជិត ៨០% នៃ​ស្តុក​មី​ស៊ី​ល​ស្ទាក់​ចាប់​ប្រភេទ THAAD របស់​ខ្លួន​៕