ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីម្នាក់ប្តឹងថា ត្រូវស្ត្រីប្លែកមុខទះស្មាដាក់ថ្នាំ យកលុយនិងគ្រឿងអលង្ការអស់ជាង៣ពាន់​ដុល្លារ ដែលខំសន្សំទុកធ្វើផ្ទះ​

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ និង​ប្ដី​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​នាង​បានអះអាង​ថា​មាន​ស្ត្រី​ម្នាក់​ទៀត​ទះ​ស្មាដាក់​ថ្នាំ ធ្វើ​ឲ្យ​នាង​ភាំង​ស្មារតី ។ បន្ទាប់​មក​ស្ត្រី​ជា​ជនសង្ស័យ​រូប​នោះ​ហៅ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​ម្នាក់​ទៀត​ដែល​ជា​បុរស លុះ​ទៅ​ដល់​កន្លែង​ស្ងាត់ បាន​យក​លុយ​និង​គ្រឿងអលង្ការ​ពី​ក្នុង​កាបូប​របស់​នាង​សរុប​ចំនួន​ជាង​៣.០០០​ដុល្លារ រួច​ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ប៉ុន្តែ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ប្រាប់​ឲ្យ​នាង​ទៅ​ដាក់​បណ្ដឹង​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល ខណ្ឌ​កំ​បូល​វិញ ព្រោះ​ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំ​បូល​ឯណោះ​ទេ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៤២(​ផ្លូវបែក​ចាន​-​ភ្នំ​បា​សិទ្ធ​) ត្រង់​ចំណុច​មុខ​វត្ត​អង្គ​បឹង​ចក ក្នុងភូមិ​អង្គ​បឹង​ចក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នារី​រូប​នោះ​ឈ្មោះ​រ៉ែ​ម ចាន់​រ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នាង​បាន​អះអាង​ថា​បាន​បាត់បង់​ប្រាក់​ចំនួន​១.០០០​ដុល្លារ ដែល​ទើបតែ​ដក​ចេញពី​ធនាគារ​ថ្មី​ៗ រួម​ទាំង​ចិញ្ចៀនមាស​៣​វង់ និង​កងដៃ​១​វង់ ដែល​មាន​តម្លៃ​សរុប​ជាង​២.០០០​ដុល្លារ​ទៀត​ផង​ដែរ ហើយ​ទ្រព្យសម្បត្តិ​ទាំងនេះ​នាង​និង​ប្ដី​ទុក​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​ផង​ឥឡូវ​ត្រូវ​បាត់បង់​អស់​ទៅ​វិញ ។

នាង​បាន​និយាយ​ប្រាប់​នគរបាល​បន្ត​ទៀត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ពេល​នាង​ដើរ​ចេញពី​រោងចក្រ ដើម្បី​ហូប​បាយ​ថ្ងៃត្រង់ ក៏​ជួប​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​មុខ​រោងចក្រ​ដែល​នាង​ធ្វើការ ។ ស្ថិត​នៅ​ជិត​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​សួរនាំ​នាង​ពី​នេះ​ពី​នោះ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ទះ​ស្មាដាក់​ថ្នាំ​នាង​ធ្វើ​ឲ្យ​នាង​បាត់បង់​ស្មារតី ហើយ​បន្ទាប់​មក​ទៀត​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ បាន​នាំ​នាង​ឡើង​ជិះ​ម៉ូតូ​១​គ្រឿង​របស់​បក្ខពួក​ដែល​ជា​បុរស​ម្នាក់​ទៀត ។

នាង​កម្មការិនី​បាន​និយាយ​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​នាង​រហូត​ទៅ​ដល់​ផ្លូវ​លេខ​៤២ (​ផ្លូវបែក​ចាន​-​ភ្នំ​បា​សិទ្ធ )​ត្រង់​ចំណុច​មុខ​វត្ត​អង្គ​បឹង​ចក ភូមិ​អង្គ​បឹង​ចក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ជនសង្ស័យ​ក៏​បាន​យក​ប្រាក់​១​ពាន់​ដុល្លារ និង​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​សរុប​ជាង​២​ពាន់​ដុល្លារ​ទៀត​ពី​ក្នុង​កាបូប​របស់​នាង រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ មុន​ពេល​ច​ញ​ទៅ​នោះ ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​នាង​បិទ​សញ្ញា​យន្តហោះ​មិន​អាច​ឲ្យ​នាង​ខ​ល​ទៅ​ណា ឬ​ខ​ល​រក​ប្ដី​បាន​ទេ សូ​ម្បី​តែ​មិត្តភក្ដិ​របស់​នាង​ដែល​មិន​បានឃើញ​គាត់​ទៅ​ធ្វើការ ពេល​ថ្ងៃ និង​បាន​ខ​ល​រក​នាង ក៏​ខ​ល​មិន​ចូល​ដែរ ។

នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​ក្រោយ​ពេល​ជនសង្ស័យ​ទៅ​បាត់​អស់ នាង​បាន​យក​ទូរស័ព្ទ​មក​បើក​សញ្ញា​យន្តហោះ​វិញ ទើប​អាច​ខ​ល​ហៅ​ប្ដី​ឲ្យ​ជិះ​ម៉ូតូ​កង់​បី​ទៅ​យក​នាង​ពី​កន្លែង​កើតហេតុ រួច​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​សាកសួរ​នាង​មួយ​ជំហាន​រួច​មក នគរបាល​ប៉ុស្តិ៍​ខាងលើ ក៏​បាន​ប្រាប់​ឲ្យ​ទៅ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​កំ​បូល​វិញ ព្រោះ​ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

ទាក់ទិន​ទៅ​និង​ករណី​នេះ​នគរបាល​ពុំ​ទាន់​អាច​សន្មត់​ថា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ នាង​ថា​ត្រូវ​ជនសង្ស័យ​ទះ​ស្មាដាក់​ថ្នាំ ប៉ុន្តែ​មិន​មាន​ថ្នាំ​ឯណា​ត្រឹមតែ​ទះ​ស្មា​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​បាន​នោះ​ទេ ទាល់តែ​យក​ថ្នាំ​នោះ​មក​ឲ្យ​ហិត​និង​ច្រមុះ ឬ​ដាក់​នៅ​ក្នុង​ទឹក និង​ភេសជ្ជៈ​ឲ្យ​ផឹក ទើប​អាច​ទៅ​រួច ។ បើ​ថា​នាង​ចាញ់បោក​ក្រុម​ចោរ​ទម្លាក់យោង​វិញ ក៏​ពុំ​ទាន់​ប្រាកដ​នោះ​ដែរ ព្រោះ​ភាគច្រើន​បំផុត​ក្រុម​ចោរ​ទម្លាក់យោង​តែងតែមាន​បន្សល់​ទុក​នូវ​គ្រឿងអលង្ការ​កាឡៃ ឬ គ្រាប់​និង​វត្ថុ​ផ្សេង​ៗ​ជា​ថ្នូរ​ឲ្យ​ជន​រង​គ្រោះ​ក្រោយ​ធ្វើ​សកម្មភាព​រួច ប៉ុន្តែ​ករណី​ខាងលើ​អត់​មាន​បន្សល់​វត្ថុ​តាង​អ្វី​សោះ ។ ដូច្នេះ​ករណី​នេះ​ក៏​សង្ស័យ​ថា​អាច​ជា​រឿង​ផ្សេង​ទៀត​ផង​ដែរ តែ​ថា​នាង​មិន​ហ៊ាន​និយាយ​ការ​ពិតតែ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះបីជា​បែប​ណា​ពេល​នេះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល ខណ្ឌ​កំ​បូល កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​យ៉ាង​ដុតដៃដុតជើង​ហើយ មិន​បាន​ព្រងើយកន្តើយ​នោះ​ទេ ៕