ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យកម្លាំងអាវុធហត្ថបន្តពង្រឹងការងារសន្តិសុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

6 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម គង់ គឹ​ម​នី អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល សាកសួរ​ទុក្ខ និង​លើកទឹកចិត្ត​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​លោក មេបញ្ជាការ​រង នាយសេនាធិការ នាយ​-​នាយ​រង និង​ពល​អាវុធហត្ថ​ជា​ច្រើន​រូប ស្ថិត​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អភិបាលខេត្ត​។ លោក​មេបញ្ជាការ បាន​គូសបញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​និង​កំពុង​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​។

លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​ថា កម្លាំង​អាវុធហត្ថ​ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ហ្វឹកហាត់​រៀនសូត្រ​ជា​ប្រចាំ ទាំង​ផ្នែក​កាយសម្បទា យុទ្ធវិធី និង​ជំនាញ​ការងារ ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​រាល់​សភាពការណ៍​ផ្សេង​ៗ​។ ការ​ហ្វឹកហាត់​ជាប់​មិន​ដាច់​នេះ គឺ​ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​គឺ​ការ​បង្កើត​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព និង​ភាព​កក់ក្តៅ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នា​ពេល​កន្លង​មក​។

ក្នុង​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តល់​អនុសាសន៍ និង​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់​ត្រូវ បន្ត​ពង្រឹងស្មារតី​កតញ្ញូ​ធម៌​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល​។ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ហ្វឹកហាត់ ឱ្យ​ស្ទាត់ជំនាញ​លើ​រាល់​យុទ្ធវិធី និង​ពង្រឹង​វិន័យ​កងទ័ព​ឱ្យ​បាន​ម៉ឺងម៉ាត់​ជា​ប្រចាំ​។ ត្រូវ​បង្កើន​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ចុះ​ល្បាត ការពារ និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេង​ៗ​ឱ្យ​បាន​ទាន់​ពេលវេលា​។​បង្កើន​ការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​សម្រួល និង​ការពារ​សុវត្ថិភាព​ដាច់ខាត​ជូន​ដល់​ភ្ញៀវ​ទេសចរ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​។

ដើម្បី​លើកទឹកចិត្ត និង​សម្រួល​ដល់​ការ​រស់នៅ ព្រមទាំង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​របស់​កងកម្លាំង ឯកឧត្តម គង់ គឹ​ម​នី ក៏​បាន​នាំ​យក​នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ប្រគល់​ជូន​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រួម​មាន ថវិកា​ចំនួន ៥.០០០.០០០ រៀល (​ប្រាំ​លាន​រៀល​) អង្ករ​ចំនួន ២០ បេ ទឹកបរិសុទ្ធ​ចំនួន ៥០ កេស ទឹកក្រូច​ចំនួន ៣០ កេស មី​ចំនួន ៥០ កេស ត្រីខកំប៉ុង​ចំនួន ២០ កេស​ផង​ដែរ​៕