ទីក្រុងម៉ានីល ៖ ក្រសួងកសិកម្មហ្វីលីពីននៅតែប្រកាន់ជំហររឹងមាំទៅលើការសម្រេចចិត្តរបស់ខ្លួន មិនដាក់បម្រាមលើការនាំចូលអង្ករឡើយ បើទោះបីជាកម្រិតនៃការដឹកជញ្ជូនមានការកើនឡើងខ្លាំងក៏ដោយ ដោយផ្អែកលើហេតុផលថា ប្រទេសហ្វីលីពីនចាំបាច់ត្រូវបង្កើតស្តុកបម្រុង មុនពេលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានរំពឹងថានឹងជះឥទ្ធិពលនៅចុងឆ្នាំនេះ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) និង Inquirer ចេញផ្សាយកាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel Jr. បានថ្លែងថា ការនាំចូលអង្ករ ដែលបានឈានដល់ ៣,៣ លានតោន កាលពីសប្តាហ៍មុន ត្រូវតែបន្តធ្វើឡើង ខណៈដែលលក្ខខណ្ឌអាកាសធាតុស្ងួតហួតហែងកាន់តែខិតជិតមកដល់អំឡុងខែវិច្ឆិកា ឬខែធ្នូ ដូច្នេះត្រូវតែមានស្តុកបម្រុងទុកសម្រាប់ខែធ្នូ ឆ្នាំនេះ រហូតដល់ខែមេសា ឆ្នាំក្រោយ។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីក្រុមកសិករបានជំរុញឱ្យមានការយកពន្ធការពារលើអង្ករចំនួន ៣០% ដោយលើកឡើងពីបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងតម្លៃស្រូវធ្លាក់ចុះ ដោយសារតែការនាំចូលដ៏ច្រើនលើសលប់។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនបានព្យាយាមបន្ធូរបន្ថយការបារម្ភចំពោះផលប៉ះពាល់នៃការនាំចូលមកលើកសិករក្នុងស្រុក ដោយលោកបានថ្លែងថា រដ្ឋាភិបាលនឹងពង្រីកការទិញស្រូវរបស់ទីភ្នាក់ងារស្បៀងអាហារជាតិរហូតដល់ ៥០ ម៉ឺនតោននៅក្នុងឆ្នាំនេះ។
គួររំលឹកដែរថា រដ្ឋាភិបាលហ្វីលីពីនបានផ្អាកការនាំចូលអង្ករ ចាប់ពីខែកញ្ញាដល់ចុងឆ្នាំ២០២៥ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវដែលកំពុងធ្លាក់ចុះ និងជួយកសិករឱ្យលក់បានក្នុងតម្លៃកាន់តែប្រសើរ។ ប៉ុន្តែខុសពីឆ្នាំមុនដែលឃ្លាំងស្ទើរតែពេញស្តុកនោះ លោក Tiu Laurel បានឱ្យដឹងថា ទីភ្នាក់ងារស្បៀងអាហារជាតិ នឹងបញ្ចេញអង្ករពីក្នុងស្តុកឱ្យអស់ត្រឹមខែកញ្ញា ដើម្បីបើកផ្លូវសម្រាប់ការបង្កើនការទិញស្រូវរដូវប្រមូលផល ហើយថវិកាសម្រាប់ទិញរបស់ទីភ្នាក់ងារនេះ ក៏បានកើនឡើងជាងទ្វេដងផងដែរ ប្រហែល ២០ ពាន់លានប៉េសូ ឬជិត ៣០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ បើប្រៀបធៀបនឹង ៩ ពាន់លានប៉េសូ ឬ ១៤៨ លានដុល្លារ កាលពីមុន។
ទីភ្នាក់ងារជាតិស្បៀងអាហារជាតិ គ្រោងនឹងប្រមូលទិញស្រូវស្រូវទើបច្រូតកាត់ថ្មីៗ និងសើមពីកសិករក្នុងតម្លៃ ២១ ប៉េសូ ឬប្រហែល ១ ៤០០ រៀលក្នុង១គីឡូក្រាម ចំណែកឯស្រូវស្ងួតមានតម្លៃចាប់ពី ២៥ ដល់ ២៧ ប៉េសូ ឬប្រហែល ១ ៦០០ ដល់ ១ ៨០០ រៀលក្នុង១គីឡូក្រាម៕


ចែករំលែកព័តមាននេះ