អាសូរ! កម្មការិនីម្នាក់ជិះម៉ូតូចេញពីធ្វើការពេលយប់ ជួបគ្រោះអកុសល នៅចំណុចស្តុបទួលពង្រ ផ្លូវវេងស្រេង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សណ្តោងកុងតឺន័របើកដោយបុរសម្នាក់បត់កៀរម៉ូតូបណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៦ ចំនុចស្តុបទួលពង្រ ផ្លូវវេងស្រេង កែងផ្លូវបេតុងផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ទួក យ៉េន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតខេត្តព្រៃវែង ។ ដោយឡែកអ្នកបើកបររថយន្តមិនបានអោយស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាក ហុងដាស្តុបពី ពណ៌ផ្ទមេឃលាយខៀវ ពាក់ស្លាកលេខ បាត់ដំបង 1AE 9653 ចេញពីធ្វើការរោងចក្រ ម្តុំផ្សារត្រពាំងថ្លឹង គោលបំណងត្រលប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ស្របទិសជាមួយនិងរថយន្តសណ្តោងកុងតឺន័រ ម៉ាកហ៊ីយុនដាយ ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 6391 បើកដោយបុរសម្នាក់ ខណៈមធ្យោបាយទាំង២គ្រឿង មកដល់ចំនុចកើតហេតុ ភ្លើងស្តុបអទិភាព ម៉ូតូបានជិះទៅត្រង់ចំណែករថយន្តវិញបានបួងចង្កូតបត់ស្ដាំឡើងទៅផ្លូវទួលពង្រ ដោយខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅកៀរនិងម៉ូតូស្កុបរបស់ស្ត្រីរងគ្រោះ បណ្ដាលឲ្យមនុស្ស ដួលចូលកង់ក្រោយរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មក្រោមកង់រថយន្តតែម្ដង ។ ដោយឡែកខាងរថយន្តវិញភ្លាមៗអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្រគល់អោយផ្នែកជំនាញចរាចរណ៍ធ្វើការតាមជំនាញ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងរកសាច់ញាតិរបស់ជនរងគ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះបានចេញពីធ្វើការថែមម៉ោង ត្រលប់ទៅផ្ទះវិញក៍ជួបគ្រោះថ្នាក់បែបនេះទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើលិខិតប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ចំនែកមធ្យោបាយទាំងអស់រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវាយវាស់វែងយករករក្សាទុកដើម្បីអនុវត្តនិតិវិធី ៕





ចែករំលែកព័តមាននេះ