ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ យកស​ព​ទារិកា​ដាក់​ក្នុង​ធុងសំរាម​ នៅ​វត្ត​តាំង​កសាង​ខាងត្បូង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ ​បាន​ច្រក​សព​ទារិកា​ម្នាក់ ដែល​ទើបតែ​កើត​ថ្មី​ៗ​ នៅ​ក្នុង​ថង់​ រួច​យក​ទៅ​បោះចោល​នៅ​ក្នុង​ធុងសំរាម​១ ហើយ​ត្រូវ​បាន​បុរស​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ប្រទះ​ឃើញ ក៏​ប្រាប់​លោកតា​អាចារ្យ​ ឲ្យ​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៦ នៅ​ក្បែរ​ចេតិយ៍​ក្នុង​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទារិកា​ខាងលើ​នៅ​មាន​ផ្ចិត​ពុំ​ទាន់​ត្រូវ​បាន​ពេទ្យ ឬ​ឆ្មប​កាត់​ចេញ​ទេ ហើយ​ក៏​មាន​ឈាម​ប្រឡាក់​ខ្លួនប្រាណ​នៅ​ស្រស់​ៗ​នៅឡើយ ដែល​អាច​បញ្ជាក់​បាន​ថា​ ទើបតែ​កើតមក​ថ្មី​ៗ ក៏​ត្រូវ​គេ​យក​ទៅ​បោះ ដោយ​ពុំ​ដឹង​ថា ​បោះចោល​ទាំង​រស់​ក្រោយមក​ទើប​ស្លាប់ ឬ​ក្រោយ​កើតមក​ស្លាប់​ទើប​យក​សព​បោះចោល​នោះ​ទេ។ នៅ​ពេល​ភ្លាម​ៗ​នោះ​ពុំ​មាន​នរណា​បានដឹង​ថា តើ​ឪពុក​ម្ដាយ​របស់​ទារិកា​នេះ ​ជា​នរណា​ឡើយ មិនតែប៉ុណ្ណោះ​ក៏​ពុំ​ដឹង​ថា​ តើ​មូលហេតុ​អ្វី ទើប​បានជា​កូន​ស្លាប់​ហើយ ឪពុក​ម្ដាយ​មិន​យក​ទៅ​បញ្ចុះ ឬ​បូជា​ឲ្យ​បាន​ត្រឹមត្រូវ បែរជា​ច្រក​ថង់​ រួច​យក​មក​បោះចោល​ក្នុង​ធុងសំរាម ​បែប​នេះ​ទៅ​វិញ ។

បុរស​ម្នាក់​ឈ្មោះ​ ឡោ ផា​ច់ អាយុ​៦២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​ស្នាក់​នៅ​ទីស្នាក់ការ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយ​ថា រាល់ថ្ងៃ​គាត់​តែងតែបាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​តាំង​កសាង​ខាងត្បូង​នោះ ដើម្បី​រង់ចាំ​ហូប​បាយ ​ក្រោយ​ព្រះសង្ឃ​ឆាន់​រួច។ ដោយ​ឡែ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ គាត់​ក៏​ដើរ​ចូល​ទៅ​ក្នុង​វត្ត ​ដើម្បី​ហូប​បាយ​ថ្ងៃត្រង់​ដូច​រាល់ដង​ដែរ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​គាត់​បាន​ទៅ​បើក​គម្រប​ធុងសំរាម​ ដើម្បី​រក​សំបក​ដប ឬ​សំបក​កំប៉ុង​ភេសជ្ជៈ​ផ្សេង​លក់​អេ​ត​ចាយ ។

អ្នក​រើស​អេ​ត​ចាយ​រូប​នោះ ​បាន​និយាយ​បន្ត​ថា នៅ​ពេល​បើក​គម្រប​ធុងសំរាម​នោះ​ បាន​ប្រទះ​ឃើញ​ថង់​បារី​អា​ឡាំង​ដឺ​ឡុ​ង ​១​នៅ​ក្នុង​នោះ ហើយ​គាត់​ក៏​ទាញ​លើកយក​មករ​លាក់​មើល ស្រាប់តែ​ឃើញ​សព​ទារិកា​ម្នាក់​ នៅ​ក្នុង​ថង់​បារី​នោះ​តែ​ម្ដង។ បន្ទាប់​មក​គាត់​ក៏​បានរ​ត់ទៅ​ប្រាប់​លោកតា​អាចារ្យវត្ត​ខាងលើ​បានដឹង ​និង​ទៅ​ជួយ​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​លោកតា​អាចារ្យ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​ ដែល​នៅ​ជិត​នោះ​ដែរ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ខាងលើ​ភ្លាម ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ចេញ​ទៅ​កាន់​ទីនោះ ហើយ​ចាត់ចែង​តម្កល់សព​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង​នោះ ដោយ​រង់ចាំ​ក្រែង​ឪពុក​ម្ដាយ ឬ​ក្រុម​គ្រួសារ​ទៅ​យក​ធ្វើបុណ្យ ហើយ​បើ​គ្មាន​ទេ នគរបាល​ នឹង​បូជាសព​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ហើយ ៕