ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្សប្រភេទ (GYATA-64) នៅភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រ យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្តាលឲ្យស្ត្រីម្នាក់ ឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ រស់នៅតំបន់កើតហេតុ ដាច់ជើងស្តាំ ។
ប្រភពបានលើកឡើងថាមូលហេតុករណីផ្ទុះនេះ បណ្តាលមកពីជនរងគ្រោះដើររុករកដកផ្សិត ។
អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬ រកអនុផលផ្សេងៗ ក្នុងតំបន់ណាមិនស្គាល់ច្បាស់ ឫជាតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមគ្រោះថ្នាក់បណ្តាលឱ្យរបួស ពិការស្លាប់ ដោយសារគ្រាប់ទាំងនោះ ។
នៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕



ចែករំលែកព័តមាននេះ