ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះងាយៗ! ដាក់ខ្ទឹមសក្នុងបង្គន់មួយយប់ អាចជួយកាត់បន្ថយក្លិនមិនល្អបាន

5 ថ្ងៃ មុន



ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាបង្គន់ឱ្យស្អាត និងគ្មានក្លិនមិនល្អ គឺជាការងារមួយដែលគ្រួសារជាច្រើនយកចិត្តទុកដាក់ ព្រោះបង្គន់ជាកន្លែងមានសំណើមខ្ពស់ ងាយឱ្យបាក់តេរី និងផ្សិតលូតលាស់។ ថ្មីៗនេះ មានគន្លឹះមួយដែលកំពុងទទួលការចាប់អារម្មណ៍ គឺការដាក់ខ្ទឹមស ១ កំពឹសក្នុងបង្គន់មុនចូលគេង។

អ្នកជំនាញបញ្ជាក់ថា ខ្ទឹមសមានសារធាតុ Allicin ដែលត្រូវបានបញ្ចេញនៅពេលខ្ទឹមសត្រូវកាត់ ឬបុក។ សារធាតុនេះមានលក្ខណៈជួយទប់ស្កាត់បាក់តេរី និងផ្សិតមួយចំនួន ដូច្នេះវាអាចជួយកាត់បន្ថយមេរោគដែលកកកុញក្នុងបង្គន់ ដែលជាមូលហេតុនាំឱ្យមានក្លិនមិនល្អ និងស្នាមប្រឡាក់។

របៀបអនុវត្ត

អ្នកអាចយកខ្ទឹមស ១ កំពឹស ដាក់ចូលក្នុងបង្គន់នៅពេលយប់ ហើយទុកចោលរហូតដល់ព្រឹក ដោយមិនចាក់ទឹក។ នៅព្រឹកថ្ងៃបន្ទាប់ ត្រូវពាក់ស្រោមដៃ យកខ្ទឹមសចេញ រួចសម្អាតបង្គន់ដូចធម្មតា។

បើចង់ឱ្យសារធាតុ Allicin បញ្ចេញបានកាន់តែច្រើន អាចបកសំបក និងបុកខ្ទឹមសបន្តិច មុនដាក់ចូលក្នុងបង្គន់ ហើយទុកប្រហែល ៦–៨ ម៉ោង មុនយកចេញ និងចាក់ទឹក។

សម្រាប់ស្នាមប្រឡាក់ជាប់ក្ដាំង

មនុស្សមួយចំនួនក៏ប្រើវិធីធម្មជាតិមួយទៀត ដោយដាំទឹកប្រហែល ៦០០ មិល្លីលីត្រ ជាមួយខ្ទឹមសបុក ៣–៤ កំពឹស។ បន្ទាប់ពីទឹកត្រជាក់បន្តិច ចាក់ទៅក្នុងបង្គន់មុនចូលគេង ទុកមួយយប់ ហើយចាក់ទឹកសម្អាតនៅព្រឹកថ្ងៃបន្ទាប់។ វិធីនេះអាចជួយកាត់បន្ថយក្លិន និងស្នាមកកខ្លះៗបាន ប៉ុន្តែគួរធ្វើប្រហែល ២ ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

ចំណុចសំខាន់ដែលគួរដឹង

អ្នកជំនាញបញ្ជាក់ថា ការប្រើខ្ទឹមសគ្រាន់តែជាគន្លឹះជំនួយប៉ុណ្ណោះ មិនអាចជំនួសការដុសលាងបង្គន់ជាប្រចាំ ឬការប្រើផលិតផលសម្អាតដែលសមស្របបានទេ។ ចំពោះស្នាមប្រឡាក់ក្ដាំង កំណកកាល់ស្យូម ឬក្លិនមិនល្អដែលកើតមានយូរ អ្នកនៅតែត្រូវសម្អាតដោយប្រើឧបករណ៍ និងសារធាតុលាងសម្អាតឱ្យបានត្រឹមត្រូវ។

លើសពីនេះ កុំភ្លេចយកខ្ទឹមសចេញពីបង្គន់មុនចាក់ទឹក ដើម្បីជៀសវាងការបង្កការស្ទះ ឬប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹក។ ការរក្សាអនាម័យបង្គន់ជាប្រចាំ និងមានប្រព័ន្ធខ្យល់ចេញចូលល្អ នៅតែជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយបាក់តេរី ផ្សិត និងក្លិនមិនល្អ៕