ស្រីលង្កាបានប្រកាសបើកសម្ពោធស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជាជាផ្លូវការ កាលពីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកសក្តានុពលផ្សេងៗនៃប្រទេសទាំងពីរ ។

លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ការវិវត្តន៍ថ្មីនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាឆ្នាំខាងមុខ ។
លោកបានបន្តថា ខណៈដែលបណ្តាប្រទេសនៅលើពិភពលោកកំពុងជួបប្រទះការប្រែប្រួលយ៉ាងឆាប់រហ័សនៃទិដ្ឋភាពអន្តរជាតិ ដែលតម្រូវឱ្យយើងរួមគ្នាពង្រឹងកិច្ចសន្ទនា ប្រព័ន្ធពហុភាគីនិយម និងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិដោយសន្តិវិធី ។

លោកបានបង្ហាញនូវការជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសស្រីលង្កានឹងដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពរវាងកម្ពុជា និងស្រីលង្កា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគលើកកម្ពស់ទេសចរណ៍ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ ព្រមទាំងផ្តល់សេវា និងជំនួយផ្នែកកុងស៊ុល ដ៏មានតម្លៃដល់ពលរដ្ឋស្រីលង្កាដែលរស់នៅក្នុងប្រទេសកម្ពុជា ។

លោក ភីលី វង្ស ( Pily Wong ) កុងស៊ុលកិត្តិយសស្រីលង្កាប្រចាំ កម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះ គឺជាទំព័រប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុត មិនត្រឹមតែសម្រាប់រូបលោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជាតិដ៏អស្ចារ្យទាំងពីរផងដែរ ទោះបីជាកម្ពុជា និងស្រីលង្កា មានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែប្រជាជាតិទាំងពីរមានទំនាក់ទំនងវប្បធម៌ និងជំនឿសាសនាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនាថេរវាទ ។

លោកបានបន្តថា ស្ថានកុងស៊ុលកិត្តិយស ដែលទើបបង្កើតថ្មីនេះនឹងដើរតួជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការ ជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគឆ្លងដែន និងការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផ្តល់សេវាកម្ម និងជំនួយផ្នែកកុងស៊ុលចាំបាច់ ក៏ដូចជាធ្វើជា«ផ្ទះដ៏កក់ក្តៅ» សម្រាប់ប្រជាពលរដ្ឋស្រីលង្កាដែលកំពុងរស់នៅ ឬមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ