ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ ១៩​គ្រួសារ​នៅ​ស្ទឹង​ត្រែង ស្ម័គ្រចិត្ត​ប្រគល់​ដី​រដ្ឋ​ជាង ៧៥​ហិ​កតា មក​វិញ ដើម្បី​ដាំ​ព្រៃ​ស្តារ​ធម្មជាតិ

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ ១៩ គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ព្រះ​រំកិល ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​សម្រេចចិត្ត​រួម​គ្នា​ប្រគល់​ដី​ព្រៃរបស់​រដ្ឋ​សរុប​ជាង ៧៥ ហិ​កតា ជូន​មន្ត្រី​ជំនាញ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​។​នេះ​មិនមែន​ជា​ការ​បង្ខំ​ប៉ុន្តែ​ជា​ការ​ភ្ញាក់រលឹក និង​ជា​គំរូ​នៃ ស្មារតី​ម្ចាស់​ការ ក្នុង​ការ​ការពារ​បរិស្ថាន​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។

ក្រុម​មន្ត្រី​ជំនាញ​បាន​បង្ហាញ​ថា​៖ ចេញពី​ការ​កាន់កាប់​ខុសច្បាប់ មក​ប្រែ​ក្លាយជា​តំបន់​បៃតង​ក្នុង​សហ​គមន៍ ការ​ប្រគល់​ដី​រដ្ឋ​ជូន​វិញ​នា​ពេល​នេះ បាន​ស្តែង​ឱ្យឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​។ បន្ទាប់​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពន្យល់ណែនាំ​អំពី​ទិដ្ឋភាព​ច្បាប់ និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​កាប់​ឆ្ការព្រៃ ប្រជាពលរដ្ឋ​បាន​យល់​ឃើញ​ថា «​ការ​អភិរក្ស គឺ​សំខាន់​ជាង​ការ​កាន់កាប់​ផ្ទាល់ខ្លួន​»​។ ពួក​យើងបាន​យល់​ច្បាស់​ហើយ​ថា ការ​កាន់កាប់​ដី​រដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត មិន​ត្រឹមតែ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ទៀត​ផង​»​។

លោក ស៊ុន ជឿន អាយុ ៦២ ឆ្នាំ តំណាង​ប្រជា​ពលរដ្ឋ​ទាំង ១៩ គ្រួសារ បាន​បញ្ជាក់​ដោយ​ក្តី​រីករាយ​ថា ពួកគាត់​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ដើម្បី​រួម​គ្នា​ដាំ​ដើមឈើ​ឡើង​វិញ និង​ការពារ​ជម្រក​សត្វព្រៃ​ទុកជា​មរតក​សម្រាប់​កូនចៅ​។

លោក ហ៊ុន សំ​អឿ​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង បានឱ្យ​ដឹង​ថា ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដី​មក​វិញ មន្ត្រី​ជំនាញ​បាន​ត្រៀម​កូន​ឈើប្រណិត​ចំនួន ១៣,៥០០ ដើម​រួច​ជា​ស្រេច ក្នុង​ការ​ដាំ​លើ​ផ្ទៃដី​ទាំង ៧៥ ហិ​កតា​នោះ​វិញ ដើម្បី​រួម​គ្នា​រក្សា​ព្រៃឈើ​ឱ្យ​បៃតង និង​ជំរុញ «​គម្រោង​រេ​ដ​បូក​មេគង្គ (REDD+) ជំហាន​ទី​១» ឱ្យ​សម្រេច​បាន​ជោគជ័យ​។​ទន្ទឹម​នឹង​ការ​ដាំ​ដើម
ឈើ​ឡើង​វិញ វិធានការ​ក្តៅ​លើ​បទល្មើស​ព្រៃឈើ​ក៏​នៅ​តែ​បន្ត​ធ្វើ​ឡើង​យ៉ាង​ម៉ឺងម៉ាត់​។

លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​បានលើក​ឡើង​ថា​៖​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០២៦​នេះ មន្ត្រី​ជំនាញ​បាន បង្ក្រាប​បទល្មើស​១៤ លើក​និង​បញ្ជូនសំណុំរឿង​ទៅ​តុលាការ ១១ ករណី​បំផ្លាញ​ឡធ្យូង​ខុសច្បាប់​បាន ៨១ ឡ​. ដកហូត​អន្ទាក់​សត្វ ៣១ អន្ទាក់​, កាំភ្លើង​កែ​ច្នៃ ២ ដើម និង​ត្រាក់ទ័រ ១ គ្រឿង ។

បច្ចុប្បន្ន ខេត្តស្ទឹងត្រែង​មាន​សហគមន៍​ព្រៃឈើចំនួន ៦ កន្លែង​ដែល​កំពុង​ការពារ​យ៉ាង​សកម្ម​។​ការ​លះបង់​ដីស្រែ​ចំការ​ដែល​ធ្លាប់​អាស្រ័យ​ផល​មក​ឱ្យ​រដ្ឋ​វិញ​ពីសំណាក់​អ្នក​ភូមិ ១៩ គ្រួសារ​នេះ ត្រូវ​គេ​មើលឃើញ​ថា​ជា «​ជំហាន​ដ៏​ធំ​មួយ​» នៃ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ប្រជា​សហគមន៍ ចេញពី​ការ​ទាញ​យក​ផលប្រយោជន៍​បណ្តោះអាសន្ន មក​ជា​ការ​ចូលរួម​បង្កើត​និរន្តរភាព​បរិស្ថាន​សម្រាប់​អនាគត​៕