ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនា.ស់​រឿង​បាត់​ខោ​ខូ​វ​ប៊​យ! ​នារី​២​ក្រុម​បើក​ឆាកប្រយុ.ទ្ធ​គ្នា​ ២​ថ្ងៃក្រោយ​ ត្រូ​វ​នគរបាល​ឃាត់ខ្លួនភាគី​​ទាំង​សងខាង

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នារី​២​ក្រុម​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​«​ដៃ​អូន​»​ជាមួយ​គ្នា ដោយ​ម្ខាង​មាន​គ្នា​៥​នាក់​និង​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់ បាន​មាន​ទំនាស់​គ្នា​រឿង​ភាគី​ម្ខាង​បាត់​ខោ​ខូ​វ​ប៊​យ ហើយ​ស្រាប់តែ​ឃើញ​ភាគី​ម្ខាង​ទៀត​កំពុង​ស្លៀកខោ​របស់​ខ្លួន ។ បន្ទាប់​ពី​ការ​ទាស់​ពាក្យ​សម្ដី​មួយ​ប្រាវ រួច​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា ពេល​នោះ​សន្តិសុខ​ឃាត់​បំបែក ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​ភ្លាម​ៗ​នោះ​ពុំ​មាន​ភាគី​ណាមួយ​ប្ដឹង​នគរ​បាន​ទេ ប៉ុន្តែ​ក្រោយមក​មាន​អ្នក​យក​រូបភាព​និង​រឿង​នោះ​ទៅ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ឃើញ ក៏​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ទាំង​សងខាង​បាន​៩​នាក់​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

អំពើ​ហិង្សា​ដោយ​ចេតនា​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ នៅ​ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន​«​ដៃ​អូន​» ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នារី​ៗ​ដែល​ត្រូវ​នគរបាលរ​ឃាត់ខ្លួន​នោះ​ភាគី​ទី​១​មាន​គ្នា​៥​នាក់
១.​ឈ្មោះ អ៊ឹ​ង ហ្គេ​ច​លី​ន អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ២.​ឈ្មោះ ម៉ី លី​ណា អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ៣.​ឈ្មោះ សុត គឹ​ម​យ៉ា​ន អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ៤.​ឈ្មោះ អ៊ា សា​ណា អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ៥.​ឈ្មោះ វ​ណ្ណី ច័ន្ទ​ស្រី​ពេជ្រ អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោ​ធី៍​សែន​ជ័យ ។

ដោយឡែក​ភាគី​ទី​២​មាន​គ្នា​៤​នាក់​រួម​មាន​១.​ឈ្មោះ ឈឹ​ម រក្សា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ
២.​ឈ្មោះ លី ណា​លី​ន អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ
៣.​ឈ្មោះ សុខ ពិសី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ
៤.​ឈ្មោះ ឈឹ​ម ក​ញ្ច​នា អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​៤​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​នារី​ម្នាក់​ឈ្មោះ ម៉ី លី​ណា ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ភាគី​១ បាន​បាត់​ខោ​ខូ​វ​ប៊​យ​ចំនួន​០២​រក​មិនឃើញ​សោះ ក្រោយមក​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​នារី​ម្នាក់​ទៀត​ឈ្មោះ លី ណា​លី​ន ស្ថិត​នៅ​ក្នុង​ក្រុម​ទី​២​កំពុង​ស្លៀក​របស់​ខ្លួន ហើយ​នាង​ក៏​បាន​សួរនាំ ។ ពេល​នោះ​ឈ្មោះ លី ណា​លី​ន បាន​ប្រាប់​ថា នាង​បាន​ទិញ​ខោ​ខូ​វ​ប៊​យ​នោះ​ពី​នារី​ម្នាក់​ទៀត​ឈ្មោះ ឈឹ​ម រក្សា បន្ទាប់​មក​ឈ្មោះ ម៉ី លី​ណា ដែល​ជា​ម្ចាស់​ខោ​ក៏​បាន​ទៅ​សួរនាំ​ឈ្មោះ ឈឹ​ម រក្សា ដែល​កំពុង​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​ដៃ​អូន ហើយ​បាន​ចោទប្រកាន់​ទៅ​លើ​នារី​ឈ្មោះ ឈឹ​ម រក្សា ថា​បាន​លួច​ខោ​ខូ​វ​ប៊​យ​របស់​ខ្លួន (​ម៉ី លី​ណា​) ប៉ុន្តែ​ឈ្មោះ ឈឹ​ម រក្សា ប្រកែក​ថា​នាង​មិន​បាន​លួច​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ទៀត​អ្នក​ទាំង​២​គឺ​ឈ្មោះ ម៉ី លី​ណា និង​ឈ្មោះ ឈឹ​ម រក្សា ក៏​បាន​ទាស់​ពាក្យ​សំដី​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​វាយតប់​ចាប់​បោច​សក់​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បក្ខពួក​ភាគី​ទាំង​សងខាង​ក៏​បាន​ចូល​ទៅ​ជួយ​គូកន​របស់​ខ្លួន បើក​ឆាក​ប្រ​យុ​ទ្អ​គ្នា​បង្ក​ភាព​រញ៉េរញ៉ៃ​ពេញ​មុខ​ហាង​និង​ដងផ្លូវបណ្តាល​ឱ្យ​រង​របួសស្រាល​ទាំង​សងខាង
។ ខណៈនោះ​សន្តិសុខ​យាម​ហាង​បាន​ឃាត់​បំបែក​អ្នក​ទាំងអស់​គ្នា​ចេញ ទើប​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​ភ្លាម​ៗ​នោះ​ពុំ​មាន​ភាគី​ណាមួយ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ឡើយ ប៉ុន្តែ​ក្រោយមក​មាន​អ្នក​យក​រូបភាព​និង​ហេតុការណ៍​នោះ​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ថែម​ថា នៅ​ពេល​ឃើញ​រឿងរ៉ាវ​ខាងលើ​តាម​ហ្វេ​ស​ប៊ុ​ក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស ខណ្ឌដង្កោ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់ក​កន្លែង​កើតហេតុ រហូត​ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​៤​ល្ងាច​។ កម្លាំង​នគរបាល​ខាងលើ ក៏​បាន​ឃាត់ខ្លួន​ភាគី​ទំនាស់​ទាំង​សងខាង​ចំនួន​៩​នាក់​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕