ប្រទេសអេស្ប៉ាញ ៖ កីឡាករបាល់ទាត់ឆ្នើម Lionel Messi បានបរិច្ចាគទឹកប្រាក់ជិត ១០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយស្តារតំបន់មួយនៅខាងក្រៅទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ESPN បានចេញផ្សាយកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
បើតាមលោកស្រី Isabel Diaz Ayuso ប្រធានសហគមន៍ក្រុងម៉ាឌ្រីដ បានសរសេនៅលើបណ្តាញសង្គម X ថា ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Inter Miami នៃលីគកំពូលសហរដ្ឋអាមេរិករូបនេះ បានផ្តល់ថវិកា ៨ ម៉ឺនអឺរ៉ូ ឬជាង ៩២,០០០ ដុល្លារអាមេរិក សម្រាប់ការកសាងតំបន់ Sierra Oeste de Madrid ឡើងវិញ។ ជាមួយគ្នានោះ លោកស្រីបានសម្តែងការថ្លែងអំណរគុណអតីតសមាជិកក្លិប Barcelona រូបនេះ និងបញ្ជាក់ប្រាប់លោកដែរថា ប្រជាជននៃទីក្រុងម៉ាឌ្រីដសង្ឃឹមថានឹងស្វាគមន៍លោកក្នុងពេលឆាប់ៗនេះ ដើម្បីទះដៃអបអរសាទរលោកឱ្យសមនឹងអ្វីដែលលោកគួរទទួលបាន។
គួរបញ្ជាក់ថា តំបន់ដែលស្ថិតនៅភាគខាងលិចទីក្រុងបេះដូងរបស់ប្រទេសអេស្ប៉ាញមួយនេះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារតែភ្លើងឆេះព្រៃ បានរីករាលដាលបង្កការខូចខាតដល់ដីធ្លី និងផ្ទះសម្បែង ព្រមទាំងបានបង្ខំឱ្យប្រជាពលរដ្ឋភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេថែមទៀតផង។
ក្រឡេកមក Lionel Messi ឯណោះវិញ ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពសប្បុរសធម៌របស់លោក ហើយខ្សែប្រយុទ្ធឆ្នើមវ័យ៣៩ឆ្នាំរូបនេះ ក៏បានបង្កើតមូលនិធិ «Leo Messi Foundation» ឡើងក្នុងឆ្នាំ ២០០៧ ដើម្បីគាំទ្រដល់កុមារ និងយុវជន តាមរយៈកម្មវិធីសុខភាព ការអប់រំ និងកីឡាផងដែរ៕



ចែករំលែកព័តមាននេះ