កសិករម្នាក់ដាំដំណាំដូងក្រអូបជាង១ពាន់ដើមលើផ្ទៃដី៤ហិកតាកន្លះ ខិតខំបង្កើតគំនិតច្នៃប្រឌិតស្រាវជ្រាវដោយខ្លួនឯង
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ គេសង្កេតឃើញស្ត្រីជាកសិករម្នាក់បានអះអាងថា គាត់បានដាំដំណាំដូងក្រអូបជាង១០០០ដើម នៅលើផ្ទៃដីជាង១ហិកតា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏បានប្រមូលផលរយៈពេល២ឆ្នាំកន្លងមកនេះ ដោយបន្ទាប់ពីកាច់កិនថ្លៃជីថ្លៃកម្មករ គឺអាចនៅសល់ថវិកាតិចតួចសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ខណៈដែលការដាំដំណាំដូងក្រអូបនេះ គឺរៀន និងស្រាវជ្រាវពីរបៀបដាំដោយខ្លួនឯង ។
បើតាមប្រភពព័ត៌មានពីស្ត្រីជាម្ចាស់ចំការដូងម្នាក់ឈ្មោះ សំ ផល្លា រស់នៅក្នុងក្រុងប៉ៃលិន បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំដូងក្រអូប ស្ថិតនៅលើដីចំការត្រង់ចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយគាត់បានដាំដំណាំដូងនេះជាង១០០០ដើម នៅលើផ្ទៃដីជាង៤ហិកតា ។
ប្រភពដដែលបានបន្តទៀតថា កាលពីដំបូងឡើយ មុននឹងគាត់ចាប់ផ្តើមដាំដំណាំដូងក្រអូបនេះ គឺគាត់ចាប់ផ្តើមយកគ្រឿងចក្រទៅជីកដីធ្វើរណ្តៅចំងាយពីគ្នា៦ម៉ែត្របួនជ្រុង រួចក៏ដាក់ជីធម្មជាតិ ដូចជា ជីលាមកសត្វ ជីកំប៉ុស្ត អង្កាម ជីទ្រាប់បាត និងដាក់ថ្នាំការពារសត្វល្អិតចង្រៃកណ្តៀរជាដើម ។ គាត់ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំង ចំពោះសត្វល្អិតចង្រៃ ដែលតែងតែស៊ីបណ្តូលដើមដូង ដូចជា សត្វកញ្ចែ សត្វដួង ជំងឺក្រា និងសត្វដង្កូវជាដើម ។
គាត់បញ្ជាក់ទៀតថា តាំងពីដាំដំណាំដូងក្រអូបមកដល់ពេលនេះ គឺអស់រយៈពេល៧ឆ្នាំកន្លងមកហើយ ដោយប្រមូលផលបានរយៈពេល២ឆ្នាំកន្លងមកដែរ ។ ចំពោះការប្រមូលផលដំណាំដូងនេះ ជូនកាលធ្វើឡើងក្នុងរយៈពេល១០ថ្ងៃម្តង ពេលខ្លះទៀត២០ថ្ងៃម្តង ពោលគឺមិនទៀងទាត់នោះទេ ដោយពេលប្រមូលផលម្តងៗ គាត់អាចលក់បានចំនួន១៥០០ទៅ២០០០ផ្លែ ដោយក្នុង១ផ្លែ អាចលក់បានតម្លៃ១៥០០ទៅ១៧០០រៀល គឺឈ្មួញចូលទៅបេះដល់ក្នុងចំការផ្ទាល់តែម្តង ។ គាត់បានបញ្ជាក់ទៀតថា តាំងពីដាំរហូតដល់ប្រមូលផល មិនធ្លាប់ឃើញមានខាងមន្ត្រីជំនាញណាម្នាក់ចុះទៅបង្រៀន ឬសួរនាំនោះទេ គឺគ្រួសាររបស់គាត់បានខិតខំប្រឹងប្រែងស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតដោយខ្លួនឯង ។
គាត់បញ្ជាក់ទៀតថា ការដាំដំណាំដូងក្រអូបនេះ គឺផ្លែខួបប្រាំងខួបវស្សា មិនប្រកាន់រដូវនោះឡើយ ឱ្យតែថែទាំបានល្អគឺចេញផ្កា ក្តិប រហូតដល់ផ្លែធំល្មមបេះលក់ ទើបឈ្មួញបើកឡានចូលទៅទិញដល់ក្នុងចំការ ។ ហើយលើសពីនេះ ទឹកដូងក្រអូបរបស់គាត់ពិតជាមានរសជាតិឈ្ងុយ ហើយផ្អែមល្អ បន្ទាប់ពីបានទទួលទាន១ផ្លែហើយ ពេលក្រោយចង់ទទួលទានទឹកដូងរបស់គាត់ថែមទៀត ។
ទោះបីជាយ៉ាងណា នៅក្នុងខេត្តប៉ៃលិន មិនសូវមានអ្នកដាំដំណាំដូងក្រអូប ឬដូងតុកកែ ដូងភ្លើងអ្វីនោះទេ ដោយឃើញមានតែ២ទៅ៣ចំការប៉ុណ្ណោះ ។ ដូច្នេះហើយ ទើបតម្លៃទីផ្សារផ្លែដូងរបស់គាត់មិនមានការធ្លាក់ចុះនោះទេ ហើយគាត់ក៏សប្បាយរីករាយក្នុងការប្រមូលផលផ្លែលក់ជាបណ្តើរៗនេះផងដែរ៕







ចែករំលែកព័តមាននេះ