ចាក់ថ្ម និងបូមខ្សាច់រំលោភចូលជ្រៅតាមចិត្ត ក្នុងទន្លេនៅបាក់ខែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងការដ្ឋានស្ថាបនាច្រាំងទន្លេចំនួន ២កន្លែងនៅភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងតែចាក់ថ្ម បូមខ្សាច់ចាក់លប់រំលោភច្រាំង និងទន្លេចូលយ៉ាងជ្រៅពុំត្រូវអាជ្ញាធរ និងក្រសួង មន្ទីរជំនាញណាចុះទៅទប់ស្កាត់ឡើយ ។ ទោះបីជាយ៉ាងណា អាជ្ញាធរខណ្ឌជ្រោយចង្វារអះអាងថា ការដ្ឋានបូមខ្សាច់ និងចាក់ថ្មចូលក្នុងទន្លេនោះមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។
ពលរដ្ឋនៅតំបន់នោះមានការងឿងឆ្ងល់ថា គ្មានច្បាប់ណាអនុញ្ញាតអោយរំលោភច្រាំង និងចាក់ដីចូលជ្រៅទៅក្នុងទន្លេនោះទេ ។ ការដ្ឋានដែលគេអះអាងថា រំលោភច្រាំងទន្លេនោះទីតាំងទី ១ ស្ថិតនៅខាងត្បូងជាប់សង្កាត់រដ្ឋបាលជលផលមុខកំពូល ចន្លោះស្ពានទី ១០ ទៅស្ពានទី ១១ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ការដ្ឋាននោះត្រូវគេដឹងថា បានចាក់រំលោភចូលទៅក្នុងទន្លេប្រមាណជិត ១០០ម៉ែត្រដោយចាក់ថ្មក្រោមបូមខ្សាច់ដាក់និងចាក់ដីពីលើ ។
នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ នេះ គេឃើញសាឡង់ចំនួនពីរគ្រឿងបានបន្តសំកាំងបូមខ្សាច់ចាក់លុបចូលទៅក្នុងទន្លេតែម្តង ។ ទោះបីជាយ៉ាងណាគេពុំដឹងថា ម្ចាស់ការដ្ឋាននោះឈ្មោះអ្វីឡើយបានជាមានឥទ្ធិពលចាក់លុបរំលោភច្រាំងទន្លេបែបនេះ ទំនងមិនធម្មតាទេ រហូតអាជ្ញាធរក្រុងភ្នំពេញមើលអត់ឃើញ ។
ទាក់ទិនការចាក់លុបចូលទន្លេនេះ អាជ្ញាធរខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ទីតាំងនោះមានច្បាប់អនុញាតពីរដ្ឋបាលរាជធានីភ្នំពេញ តែអាជ្ញាធរមិនបានបង្ហាញច្បាប់អនុញ្ញាតនោះឡើយ ។ ដោយឡែកទីតាំងមួយទៀតដែលនៅក្បែរគ្នានោះដែរកំពុងតែបន្តដឹកថ្មចាក់លប់រំលោភច្រាំងទន្លេដូចគ្នា ។ ទីតាំងនោះត្រូវគេដឹងថា មានម្ចាស់ អាសយដ្ឋានភូមិទី ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានច្បាប់អនុញាត អោយស្ថាបនាច្រាំងទន្លេពីរដ្ឋបាលរាជធានីភ្នំពេញនិងពីក្រសួងធនធានទឹក និងឧតុនិយម ។
ទោះបីជាយ៉ាងណា នៅក្នុងច្បាប់អនុញ្ញាតនោះមានលក្ខខណ្ឌជាច្រើន នៅក្នុងនោះមានលក្ខខណ្ឌមួយនៅពេលស្ថាបនាច្រាំងទន្លេរួចត្រូវដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយមិនត្រូវទាមទារសំណងនៅពេលរដ្ឋធ្វើការអភិវឌ្ឍន៍នៅលើទីតាំងនោះ ។ តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីសំណើសុំអនុញ្ញាតសាងសង់ច្រាំងទន្លេមេគង្គ (ប្រវែង ៤៧,៤៦ម៉ែត្រ នៅលើក្បាលដី ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២១១០៣០៣-១០០០ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជាគោលការណ៍ ប៉ុន្តែលោកស្រីត្រូវអនុវត្តដូចខាងក្រោម៖ ១-ស្នើសុំប្លង់បច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសធានាបានទាំងគុណភាព និងសោភណភាព ។ ២- មិនអនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំលើដីចំណីទន្លេ នឹងចាក់ដីរំលោភចូលទន្លេ ។ ៣- ក្នុងករណីមានបំណងសាងសង់សំណង់ផ្សេងលើដី ដែលមានប្លង់កម្មសិទ្ធិ ត្រូវស្នើសុំលិខិតអនុញ្ញាត សាងសង់ទៅតាមនីតិវិធី ។ ៤-នៅពេលស្ថាបនាច្រាំងទន្លេនេះរួច ត្រូវដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយមិនត្រូវទាមទារសំណង នៅពេលរដ្ឋធ្វើការអភិវឌ្ឍនៅលើទីតាំងនេះ ។ ៥-លើកប៉ាណូ ដែលមានប្លង់ និងលិខិតអនុញ្ញាតនៅខាងមុខទីតាំងការដ្ឋានសាងសង់ ដើម្បីជាក់បង្ហាញ ជាសាធារណៈ ។
ចំំណែកលិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបមកលោកស្រី ម៉ែន សាវិកា បានអោយដឹងថា ផ្អែកតាមការសិក្សាផ្នែកបច្ចេកទេសជលសាស្ត្រ ក្រសួងធនធានទឹក និងឧតុនិយម ពុំយល់ទាស់នឹងសំណើសុំសាងសង់ច្រាំងទន្លេប្រវែង ៤៧,៤៦ម៉ែត្រ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ នោះទេ ដោយលោកស្រីត្រូវអនុវត្តការងារមួយចំនួនដូចខាងក្រោម៖
– អនុវត្តតាមប្លង់បច្ចេកទេសសាងសង់ច្រាំងទន្លេដែលបានស្នើសុំ និងទទួលខុសត្រូវលើសំណង់ ច្រាំងទន្លេរបស់ខ្លួន,
– អនុវត្តបែបបទ និងនីតិវិធីផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងលិខិត បទដ្ឋានគតិយុត្តជាធរមាន,- ក្រសួងធនធានទឹក និងឧតុនិយម នឹងចុះតាមដានត្រួតពិនិត្យនៅទីតាំងសំណង់ច្រាំងទន្លេនេះ ក្នុងករណីចាំបាច់ ។
ទោះបីជាមានច្បាប់អនុញ្ញាតយ៉ាងណា គេមានការសង្ស័យថា ការដ្ឋានសំណង់ស្ថាបនាច្រាំងទន្លេខាងលើកំពុងតែរំលោភច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋក៏បានទទូចស្នើសុំដល់អាជ្ញាធរ និងក្រសួងមន្ទីរជំនាញមេត្តាចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ផងព្រោះការចាក់លុបរំលោភយកច្រាំងទន្លេនោះបានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពច្រាំងទន្លេ ។ គួរបញ្ជាក់ថា ដីមាត់ច្រាំងទន្លេ ជាសាច់ជ្រូក និងជាទីប្រាថ្នាចង់បានសម្រាប់អ្នកមានទ្រព្យ ស្ដុកស្តមនិងអ្នកមានអំណាចយកទុកជាទីកន្លែងលំហែកាយ និង បានចាក់លុបសាងសង់សំណង់ រំលោភចូលជ្រៅទៅក្នុងទន្លេ ជាបន្តបន្ទាប់ក្រោមរូបភាពច្បាប់អនុញ្ញាត ដែលគេសង្ស័យថា មានការគប់គិតគ្នាជាប្រព័ន្ធ ព្រោះស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍន៍ស្ថាបនាច្រាំងទន្លេ នោះវាបានបង្ហាញច្បាស់ណាស់ថាបានរំលោភទាំងច្រាំងទន្លេនិងផ្ទៃទឹកទន្លេដែលផ្ទុយពីច្បាប់អនុញ្ញាត ៕
ព័ត៌៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព






















ចែករំលែកព័តមាននេះ