ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាងសង់​ស្ថានីយ​បូមទឹកគីឡូម៉ែត្រ​លេខ​៩​ថ្មី​ មាន​សមត្ថភាព​បូម​រំដោះ​ទឹកបាន ៨,៣៤​ម៉ែត្រគូបក្នុង​១​វិនាទី បញ្ចៀស​ការ​ជន់​​លិច​លំនៅ​ឋាន​​ពលរដ្ឋ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​រំដោះ​ជំនន់​ទឹកភ្លៀងបញ្ចៀស​ការ​ជន់​លិច​ផ្ទះសម្បែង និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កសាង​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ថ្មី​មួយទៀត ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ដែល​មាន​សមត្ថភាព​បូម​រំដោះ​ទឹកបាន​៨,៣៤​ម៉ែត្រគូប​ក្នុង​១​វិនាទី ។

ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ថ្មី បាន​ចាប់ផ្តើម​ការ​សាងសង់​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ការដ្ឋាន​សម្រេច​បាន​៩០%​ហើយ គ្រោង​ភ្ជាប់​ទុយោ​ជាមួយ​ស្ថានីយ​នៅ​មុន​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​បូមទឹក​ទម្លាក់​ចូល​ទន្លេ និង​គ្រោង​បញ្ចប់​ការដ្ឋាន​ទាំងស្រុង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៦​ខាង​មុខ​នេះ ។

ស្ថានីយ​បូមទឹក​នេះ​មាន ម៉ូ​ទ័​រ​៤​គ្រឿង ម៉ូ​ទ័​រ មុខកាត់​១​ម៉ែត្រ កម្លាំង​បូម​៩០០០​ម៉ែត្រគូប​/​ម៉ោង មាន​ចំនួន​២​គ្រឿង ។ ម៉ូ​ទ័​រ​មុខកាត់ ០,៨​ម៉ែត្រ កម្លាំង​បូម ៦០០០​ម៉ែត្រគូប​/​ម៉ោង មាន​ចំនួន​២​គ្រឿង សរុប​កម្លាំង​បូមទឹក ៣០ ០០០​ម៉ែត្រគូប​/​ម៉ោង ឬ ៨,៣៤ ម៉ែត្រគូប​/​វិនាទី ។

លោក គន់ សោភា ប្រធាន​ការិយាល័យ​សាធា​រណការ​និង​ដឹក​ជញ្ជូន​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៦​ថា ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ មាន​តួនាទី​បូម​រំដោះ​ទឹក​ចេញពី​ប្រឡាយ​បាក់​ទូក ប្រឡាយ​អូរវែង មក​គីឡូម៉ែត្រ​លេខ​៩ ។ ស្ថានីយ​បូមទឹក​នេះ មិន​ត្រឹមតែ​រំដោះ​ទឹក​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ប៉ុណ្ណោះ​ទេ គឺ​បាន​រំដោះ​ទឹក​ចេញពីខណ្ឌដូនពេញ និង​ខណ្ឌទួលគោក​ថែម​ទៀត ។

លោក គន់ សោភា បាន​បន្ត​ថា ក្រៅពី​កសាង​ស្ថានីយ​បូមទឹក​គីឡូ​លេខ​៩ ជា​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​និង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ស្តារ​ប្រឡាយ​បាក់​ទូក និង​ប្រឡាយ​អូរ​វែង​ថែម​ទៀត ដើម្បី​ឱ្យ​ទឹកបាន​ហូរ​លឿន​ឆ្ពោះ​មក​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ។

លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌ​ឫស្សីកែវ បានឱ្យ​ដឹង​ដែរ​ថា ការ​ស្តារ​ប្រឡាយ​បាក់​ទូក និង​ប្រឡាយ​អូរ​វែង ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ បាន​អនុវត្ត​រយៈពេល​១២២​ថ្ងៃ​មក​ហើយ ចាប់ពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ ។ ជា​លទ្ធផល ប្រឡាយ​បាក់​ទូក​ស្តារ​បាន​ប្រវែង ៣ ៥២០​ម៉ែត្រ និង​ប្រឡាយ​អូរ​វែង​ស្តារ​បាន​ប្រវែង ៣ ៤៨០​ម៉ែត្រ​សរុប​ប្រវែង ៧ ០០០​ម៉ែត្រ ។ ប្រើប្រាស់​គ្រឿង

ចក្រ និង​មធ្យោបាយ​១១​គ្រឿង គឺ​រថយន្ត​បូម​ដឹក​សំណល់​ចេញ​៥​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​ដៃ​វែង​៣​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​ដៃខ្លី​១​គ្រឿង សា​ឡង់​១​គ្រឿង ។ ប្រឡាយ​ទាំង​២​នេះ ជួយ​រំដោះ​ទឹកភ្លៀង​ពេលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ការពារ​ពី​ការ​លិចលង់ និង​ជាទី​តាំង​យុទ្ធសាស្ត្រ​ទទួល​ទឹក​ហូរ​ធ្លាក់​ពី​ស្ថានីយ​បូមទឹក​ទួល​គោក ។

លោក ម៉ៅ វ​ណ្ណា ចៅសង្កាត់​គីឡូម៉ែត្រ​លេខ​៦ នៅ​ពេល​ចុះ​ពិនិត្យ​មើល​ប្រឡាយ​ខាងលើ​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា មាន​ប្រសាសន៍​ថា ខណៈ​នេះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​កសាង​ស្ថានីយ​បូមទឹក​គីឡូម៉ែត្រ​លេខ​៩ ថែម​ទៀត វា​នឹង​ធ្វើ​ឱ្យ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ លែង​ប្រឈម​មុខ​នឹង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ហើយ ។

លោក​ចៅសង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​នាមប្រជាពលរដ្ឋ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ឯកឧត្ដម ឃួ​ង ស្រេង អភិបាលរាជធានី​ភ្នំពេញ ដែល​បាន​កសាង​ស្ថានីយ​បូមទឹក​មួយ​នេះ​ឡើង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លែង​ភ័យ​ព្រួយ​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​។​ជាមួយ​គ្នា​នេះ លោក​ចៅសង្កាត់​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ពលរ​រដ្ឋ​ដែល​រស់នៅ​ជាប់​ប្រឡាយ សូម​ចូលរួម​ថែរក្សា​ប្រឡាយ​ដែលបាន​ស្តារ​រួច និង​សូម​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​អនាម័យ​បរិស្ថាន និង​បញ្ចៀស​ការ​លិចលង់ ៕