ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត ពិនិត្យ​មើល​វឌ្ឍនភាពការ​ស្ថាបនា «​សួន​ប៉ៃលិន​មរតក​តេ​ជោ​»

1 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៦ លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​ការ​ស្ថាបនា «​សួន​ប៉ៃលិន​មរតក​តេ​ជោ​» នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ សាធារណៈ​ក្នុង​ខេត្ត ជា​ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន ដែល​អាច​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រាល់​ការ​លំបាក និង​សំណូមពរ​ប្រជាពលរដ្ឋ ព្រមទាំង​ខិតខំ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា​ដូច​ជា ​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ។ ប​ច្ចប្ប​ន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការ​ដាំ​ដើមឈើ ការ​ដាំ​ផ្កា​លំអ​បន្ថែម និង​ការ​ថែទាំ ព្រមទាំង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន និង​សុខភាព ក៍​ដូច​ជា​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណ​ភាព​ស្រស់បំព្រង ងាយស្រួល​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា​ ការ​ស្ថាបនា​សួនច្បារ​ដាក់​ឈ្មោះ​សួន «​ប៉ៃលិន​មរតក​តេ​ជោ​» គឺ​ក្នុង​គោលបំណង សម្ដែង​នូវ​ការ​ដឹងគុណ និង​ការ​ចង​ចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព ដោយ​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព ព្រមទាំង​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ និង​បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្វែង​យល់​ប្រវត្តិសាស្ត្រ របស់​ខេត្ត​ប៉ៃលិន ដែល​ជា​ចំណុច​ឈ្នួ​ន​ផ្ទុះ​សន្តិភាព និង​សមត្ថភាព ចំណេះដឹង​ពិតប្រាកដ នៃ​ម​គ្គុ​ទេសន៍​អ្នកដឹកនាំ​កម្ពុជា​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ បាន ស្រី​មុំ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ការ​ស្ថាបនា និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្នុង​នោះ​អ្នក​ដែល​រស់នៅ​តាម​ដងស្ទឹង​ប៉ៃលិន សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផល​ប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេច​បាន​ទៅ​តាម​ការ​គ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទាំងអស់​គ្នា​ ។

សូម​បញ្ជាក់​ថា​ ៖ សួន «​ប៉ៃលិន​មរតក​តេ​ជោ​» ដែល​កំពុង​ស្ថាបនា​នា​ពេល​នេះ គឺ​មាន​ប្រវែង ១,៨០០​ម៉ែត្រ នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ចាប់ពី​ចំណុច​ស្ពាន​សន្តិភាព ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ដល់​ស្ពាន​អូរ​ច្រា ស្ថិត​ក្នុងភូមិ​ទួល​ល្វា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៕