សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ការរត់ល្អជាងការដើរ ព្រោះអាចដុតកាឡូរីបានច្រើន។ ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា មិនមានលំហាត់ប្រាណណាមួយល្អជាងដាច់ខាតនោះទេ ព្រោះទាំងការដើរ និងការរត់ សុទ្ធតែអាចជួយពង្រឹងបេះដូង បង្កើនសុខភាព និងគាំទ្រការរស់នៅបានយូរ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងសមស្របនឹងស្ថានភាពរាងកាយ។
ការដើរ គឺជាលំហាត់ប្រាណដែលមានផលប៉ះពាល់ទាប ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ ឬអ្នកទើបចាប់ផ្តើមហាត់ប្រាណ។ ទោះដុតកាឡូរីតិចជាងការរត់ក៏ដោយ ការដើរជាប្រចាំអាចជួយពង្រឹងបេះដូង សាច់ដុំ ឆ្អឹង និងកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃជាច្រើន។
ចំណែកការរត់ អាចដុតកាឡូរីបានច្រើនជាង និងជួយបង្កើនសមត្ថភាពបេះដូង និងសួតបានលឿន។ ប៉ុន្តែវាក៏បង្កសម្ពាធលើសន្លាក់ និងឆ្អឹងច្រើនជាងការដើរផងដែរ ដូច្នេះវាសមស្របសម្រាប់អ្នកដែលមានសុខភាពល្អ និងអាចទទួលការហាត់ប្រាណកម្រិតខ្ពស់បាន។
អ្នកជំនាញណែនាំឱ្យមនុស្សពេញវ័យហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។ ប្រសិនបើជ្រើសរើសការដើរ គួរព្យាយាមដើរប្រហែល ៣ គីឡូម៉ែត្រក្នុងមួយថ្ងៃ ដោយចាប់ផ្តើមក្នុងល្បឿនមធ្យម ហើយបង្កើនល្បឿនបន្តិចម្តងៗ។ បើមានអាការៈហត់ខ្លាំង ដង្ហើមខ្លី ឬវិលមុខ គួរឈប់សម្រាកភ្លាមៗ។
សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា លើសឈាម ឬធ្លាប់ដាច់សរសៃឈាមខួរក្បាល គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនចាប់ផ្តើមហាត់ប្រាណ។ ជាទូទៅ ការដើរ យូហ្គា ឬវាយសី គឺជាជម្រើសដែលមានសុវត្ថិភាពជាងការរត់ ឬសកម្មភាពដែលប្រើកម្លាំងខ្លាំង។
សរុបមក អ្វីដែលសំខាន់បំផុត មិនមែនថាអ្នកជ្រើសរើសដើរ ឬរត់នោះទេ ប៉ុន្តែគឺការហាត់ប្រាណឱ្យបានទៀងទាត់ និងជ្រើសរើសលំហាត់ដែលសមនឹងសុខភាពរបស់ខ្លួន។ នៅពេលធ្វើជាប្រចាំ ទាំងការដើរ និងការរត់សុទ្ធតែអាចជួយឱ្យបេះដូងរឹងមាំ បង្កើនគុណភាពជីវិត និងគាំទ្រការរស់នៅបានយូរ៕
ចែករំលែកព័តមាននេះ