ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ណែនាំ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ថ្មី ឱ្យ​បន្ត​ចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​ទំនាស់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម គង់ គឹ​ម​នី អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ជូន​លោក ទឹម មុនី​រតន៍ ជំនួស​លោក លឹ​ម ចាន់​សុ​ភី ដែល​ត្រូវ​ចូល​និវត្តន៍​។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​នាំ​នូវ​ការ​សាកសួរ​សុខទុក្ខ និង​ការ​ផ្តាំផ្ញើ​ពី ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​បាន​កោតសរសើរ​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ទាំងអស់​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​នា​ពេល​កន្លង​មក​។

ឯកឧត្តម ទេព ធន បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​សំខាន់​ៗ​ជូន​ប្រធាន​មន្ទីរ​ថ្មី និង​មន្ត្រី​ជំនាញ រួម​មាន​ត្រូវ​បន្ត​ខិតខំ​ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី និង​កាត់​បន្ថយ​ទំនាស់​។​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​លើ​តម្លាភាព យុត្តិធម៌ និង​សម្របសម្រួល​ឱ្យ​បាន​ឈ្នះ​-​ឈ្នះ ដើម្បី​បញ្ចប់ទំនាស់​នៅ​ត្រឹម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ការ​សាងសង់​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ដើម្បី​ធានា​សុវត្ថិភាព សោភណភាព និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​ខេត្ត​។​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ និង​បង្កើន​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។

ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​ច្រក​ចេញចូល​តែ​មួយ​ឱ្យ​បាន​ល្អ​ប្រសើរ ចូលរួម​ទប់ស្កាត់​ការ​រាន​ដី​ព្រៃ​ខុសច្បាប់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ក្នុង​ការ​បំពេញភារកិច្ច​។

លោក ទឹម មុនី​រតន៍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ដែល​ទើប​ទទួល​បានការ​តែងតាំង បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ខិតខំ​បំពេញភារកិច្ច ដឹកនាំ​អង្គភាព​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង និង​រដ្ឋបាល​ខេត្ត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​បំផុត​៕