ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​ឃ្លាំង​អាវុ.ធ​ដ៏​ធំ​មួយ​នៅ​អ៊ី​រ៉ា​ក់

1 អាទិត្យ មុន

ទីក្រុង​បាក​ដា​ដ ៖ ក្រសួងការពារជាតិ​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ បាន​ថ្លែង​ថា ដោយសារ​សីតុណ្ហភាព​កើនឡើង​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ឃ្លាំង​អាវុធ មួយ​កន្លែង​នៅ​មូលដ្ឋានទ័ព​ដ៏​ធំ​មួយ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​បាក​ដា​ដ (Baghdad)​។ នេះ​បើ​តាម​ប្រភព​ពី AFP និង Al Arabiya English បាន​ចេញផ្សាយ​។

លោក Yehia Rasool អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ី​រ៉ា​ក់ បាន​ថ្លែង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​ឃ្លាំង​អាវុធ​មួយ​នៅ​ឯ​តំបន់ Taji ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ លោក​បាន​បញ្ជាក់​ថា ឃ្លាំង​នោះ​មាន​ផ្ទុក​គ្រាប់រំសេវ​ជា​របស់​កងពលតូច​ពាស​ដែក​ទី​៩​។

ជាមួយ​គ្នា​ដែរ អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សន្តិសុខ​របស់​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​ផ្ទុះ​មួយ​បាន​កើតឡើង​ក្នុង​តំបន់ Taji ហើយ​គ្រាប់រំសេវ​មួយ​ចំនួន​បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ ប្រភព​ដដែល​បន្ត​ថា ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ខិតខំ​បំពេញភារកិច្ច​របស់​ពួក​គេ​។

តំបន់ Camp Taji គឺជា​មូលដ្ឋានទ័ព​អ៊ី​រ៉ា​ក់​ដ៏​ធំ​មួយ ដែល​កាលពីមុន​ធ្លាប់​ជា​កន្លែង​ស្នាក់​នៅ​របស់​កងទ័ព​មក​ពី​សម្ព័ន្ធមិត្ត​ប្រឆាំង​ក្រុម​ជ្រុលនិយម ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក មុន​ពេល​ពួក​គេ​ចាក​ចេញពី​មូលដ្ឋាន​នេះ ព្រមទាំង​មូលដ្ឋាន​ផ្សេង​ៗ​ទៀត​។

ការ​ផ្ទុះ​នៅ​ឯ​មូលដ្ឋានទ័ព និង​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ គឺ​កើតឡើង​ញឹកញាប់​គួរសម​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​។ ដ្បិត​វិធានការ​សុវត្ថិភាព ជា​រឿយ​ៗ​ត្រូវ​បាន​មើល​រំលង ហើយ​អគ្គិភ័យ​តែងតែ​កើនឡើង អំឡុង​ខែ​រដូវក្តៅ​ដែល​មាន​កម្តៅ​ខ្លាំង គឺ​នៅ​ពេល​ដែល​សីតុណ្ហភាព​ហក់​ឡើង​ជិត​ដល់ ៥០​អង្សា​សេ​៕