ហាងកាហ្វេមួយកន្លែង ត្រៀមបើកសម្ពោធនៅព្រឹកថ្ងៃចន្ទនេះ បែរជាត្រូវក្រុមអន្ធពាល SUPRISE មុនពេលយប់គ.ប់បែកកញ្ចក់ខ្ទេចខ្ទីរ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ហាងកាហ្វេដ៏ធំមួយកន្លែង ដែលថៅកែត្រៀមបើកសម្ពោធស្វាគមន៍អតិថិជន នៅព្រឹកថ្ងៃទី០៣ សីហា នេះ ប៉ុន្តែ បែរជាត្រូវក្រុមក្មេងអន្ធពាលមានគ្នាយ៉ាងតិច០៧នាក់ ប្រដាប់ដោយដុំថ្មជិះម៉ូតូទៅគប់ទម្លុះបំបែកកញ្ចក់ខ្ទេចរហូតដល់ក្នុងហាងនៅពេលយប់មុនថ្ងៃបើកសម្ពោធដោយពុំដឹងពីមូលហេតុ ។ នេះបើតាមម្ចាស់ហាងបាននិយាយ ។

ហាងកាហ្វេដ៏ធំដែលម្ចាស់ហាងត្រៀមបើកសម្ពោធទទួលភ្ញៀវនេះ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៣ ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លោក ឡា សំណាង អាយុ៣០ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេដ៏ថ្មីស្រឡាងនេះបាននិយាយថា គាត់ទើបចាប់ផ្ដើមរៀបចំរួចរាល់់ ហើយថា នឹងត្រៀមបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី ០៣ សីហា នេះ តែត្រូវរំខានដោយក្រុមជនអន្ធពាលនាំគ្នាគប់កម្ទេចកញ្ចក់ទ្វារខាងមុខធ្លុះធ្លាយរហូតដល់ខាងក្នុងដោយគ្មានមូលហេតុ ។ ដូច្នេះ ការបើកសម្ពោធត្រូវអាក់ខានសិន ។

លោក ឡា សំណាង បានប្រាប់ថា លោកមិនដឹងពីមូលហេតុ ដែលនាំឲ្យមានមនុស្សចងគំនុំរហូតឈានដល់នាំគ្នាជិះម៉ូតូទាំងហ្វូងយកដុំថ្មមកគប់កម្ទេចកញ្ចក់ហាងរបស់លោកនៅឡើយទេ មុនពេលហាងរបស់លោកត្រៀមបើកសម្ពោធ ។ លោកពុំមានប្រវត្តិទំនាស់ជាមួយជនណាទេ ក្នុងមុខរបរនេះ ប៉ុន្តែបែរជាត្រូវជនមិនស្គាល់មុខ មកតាមយារយីលោកបែបនេះ ។ ពេលនេះ ដំណើរការបើកសម្ពោធត្រូវបានផ្អាក ហើយលោកកំពុងដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ដើម្បីសុំជួយអន្តរាគមន៍ ស្វែងរកមុខក្រុមជនដៃដល់ ។ ហាងកាហ្វេដែលមានយីហោ« MODERN» ដែលមានកម្ពស់០៤ជាន់ បានរៀបតុបតែងលំអទៅដោយរូបតុក្កតា ពណ៌ចម្រុះនៅផ្នែកខាងមុខ ត្រៀមស្វាគមន៍អតិថិជនក្នុងថ្ងៃសម្ពោធដាក់ឲ្យដំណើរការ ។ ប៉ុន្តែបែរជាត្រូវអាក់ខាន ក្រោមស្នាដៃជនអន្ធពាលមួយក្រុម ប្រើដុំថ្មគប់បំផ្លាញ ។

ថៅកែហាងកាហ្វេ លោក ឡា សំណាង បាននិយាយថា អគារកម្ពស់០៤ជាន់នេះ លោកជួលគេទេ ដើម្បីបើកហាងកាហ្វេ តែបើកត្រឹមជាន់ក្រោមប៉ុណ្ណោះ ។ លោកបានបន្តថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី០២ សីហា ហើយប៉ុន្មាននាទីក្រោយ ទើបលោកដឹងតាមរយៈសាក្សីទូរស័ព្ទប្រាប់ ។ លោកនិងបុគ្គលិកមិនទាន់ស្នាក់នៅក្នុងហាងទេ ព្រោះទើបរៀបចំរួច ។ ហើយថា នឹងស្នាក់នៅក្នុងហាង នៅក្រោយថ្ងៃសម្ពោធរួច ។
លោក សំណាង បានស្រង់សម្ដីសាក្សីថា នៅយប់កើតហេតុ សាក្សីបានឃើញក្រុមក្មេងស្ទាវៗមានបក្ខពួកចំនួន០៧នាក់ ជិះម៉ូតូ០៣គ្រឿង ។ ពួកគេជិះមកពីទិសខាងត្បូងតាមបណ្ដោយផ្លូវលេខ៣ ប្រដាប់ដោយថុំថ្មគ្រប់ដៃ ។ ពេលមកដល់ខាងមុខហាង ស្រាប់តែពួកគេនាំគ្នាចុះគប់ទៅលើកញ្ចក់ទ្វារហាង លាន់ដូចរន្ទះ ធ្វើឲ្យទ្វារមួយផ្ទាំងបែក និងធ្លុះធ្លាយដល់ផ្នែកខាងក្នុងនៃហាងទៀតផង ។

ថៅកែហាងរូបនេះបានបញ្ជាក់ដដែលៗថា គាត់មិនធ្លាប់មានជម្លោះជាមួយនរណា ឬ ជាមួយដៃគូរកស៊ីណាម្នាក់ទេ ប៉ុន្តែនៅពេលជួបរឿងបែបនេះ លោកក៏កំពុងឆ្ងល់ដែរ ។ ពេលនេះ គម្រោងបើកសម្ពោធហាងកាហ្វេថ្មីរបស់លោកត្រូវរលាយខ្សុល ដោយសារស្នាដៃជនអន្ធពាលមួយក្រុម ដែលសមត្ថកិច្ចកំពុងត្រូតពិនិត្យសកម្មភាពក្រុមនេះ ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនានា នៅតាមដងផ្លូវ ។
ដោយឡែក សមត្ថកិច្ចវិញ ពុំទាន់មានការពន្យល់អំពីមុខសញ្ញាក្រុមជនសង្ស័យមួយក្រុមនេះទេ បើទោះជាកំពុងមមារញឹកក្នុងករណីនេះក្ដី ។ សមត្ថកិច្ចគ្រាន់តែប្រាប់ថា ពេលនេះ មន្ត្រីជំនាញបាន និងកំពុងតាមដានមុខសញ្ញានៅតាមកាមេរ៉ាសុវត្ថិភាព ដែលគេរំពឹងថា នឹងអាចទម្លុះទម្លាយសំណុំរឿងនេះបាន ៕



ចែករំលែកព័តមាននេះ