ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! កម្ពុជាបន្តរងឥទ្ធិពលព្យុះទី១៣ ធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​១៣ ឈ្មោះ​ដូ​ល​ហ្វី​ន ធ្វើ​ឱ្យ​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ព្យុះសង្ឃរា​ទី​១៣ ឈ្មោះ ដូ​ល​ហ្វី​ន (Dolphin) T2613 នៅ​តែ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង់​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ​សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ដូ​ល​ហ្វី​ន​នេះ​ទេ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្ត​បន្ទាយ មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សី​តុ​ណ្ហ ភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំ និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦០% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប​លើ​ផ្ទៃដី​៤០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​៕