ប្រទេសវៀតណា៖ អាជ្ញាធរវៀតណាមបានរឹបអូសផលិតផលសាច់បង្កកជិត ១៧តោន ដែលមិនមានឯកសារបញ្ជាក់ប្រភពដើម និងអនាម័យសត្វ ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅស្ថានីយរថយន្តក្រុង ខេត្តដុងណាយ ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១ ខែសីហានេះ។
ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីកម្លាំងជំនាញប្រទះឃើញអ្នកបើកបររថយន្តដឹកទំនិញពីរនាក់ កំពុងផ្ទេរសាច់បង្កកពីរថយន្តមួយទៅរថយន្តមួយទៀត។ ការត្រួតពិនិត្យបានរកឃើញផលិតផលសត្វជាច្រើន រួមមាន កន្សោមដោះជ្រូក សាច់ជ្រូក ពោះវៀនជ្រូក និងស៊ុត។
អាជ្ញាធរបានឱ្យដឹងថា អ្នកបើកបរទាំងពីរមិនអាចបង្ហាញវិក្កយបត្រ ឯកសារបញ្ជាក់ប្រភពដើម ឬវិញ្ញាបនបត្រត្រួតពិនិត្យសត្វសម្រាប់ទំនិញទាំងនេះបានឡើយ។
តាមឯកសារដែលរឹបអូសនៅកន្លែងកើតហេតុ ទំនិញទាំងអស់មានទម្ងន់ជិត ១៧តោន និងគ្រោងចែកចាយទៅកាន់ទីផ្សារ និងភោជនីយដ្ឋានក្នុងតំបន់។ បច្ចុប្បន្ន អាជ្ញាធរបានរឹបអូសទំនិញ និងរថយន្តទាំងពីរគ្រឿង ខណៈសំណុំរឿងកំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីចាត់វិធានការតាមច្បាប់៕
ចែករំលែកព័តមាននេះ