ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយ​ចិត្តខ្លាំង​ ក្នុង​ការ​ប្រមូល​ផលដំណាំ​បន្លែ​ទំពាំង​បារាំង មាន​ទីផ្សារ​ល្អ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​អាច​លក់ដូរ​ទៅ​ដល់​រាជធានី​ភ្នំពេញ

2 ខែ មុន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ខែកក្កដា ឆ្នាំ​២០២៦​នេះ ប្រជា​កសិករ​បាន​លើក​ឡើង​ថា ទំពាំង​បារាំង ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​អាយុកាល​ដាំ​ដុះ​ក្នុង​រយៈពេល​ប្រមូល​ផល​យូរអង្វែង អាច​ចាប់ផ្តើម​ប្រមូល​ផល​ក្រោយ​ពី​ការ​ដាំ​ដុះ​បាន ៥​ទៅ​៦​ខែ និង​អាច​បន្ត​ប្រមូល​ផល​បាន​ច្រើន​ឆ្នាំ​ថែម​ទៀត​ផង។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បន្លែ​ទំពាំង​បារាំង ភាគច្រើន ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង​ខេត្តតាកែវ​ជាដើម ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ណៃ រិ​ទ្ធី រស់នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​នេះ​ថា គាត់​បាន​ចំណាយពេល​ដាំ​ដុះ បន្លែ​ទំពាំង​បារាំង​នៅ​លើ​ផ្ទៃដី​របស់​ខ្លួន ចំនួន​កន្លះ​ហិ​កតា ដោយ​ចំណាយ​ដើមទុន​ប្រហែល ១,៥០០,០០០​រៀល ទៅ​លើ​ការ​រៀបចំ​ប្រព័ន្ធ​ទឹក ដើម្បី​ស្រោចស្រព​ដំណាំ និង​សម្ភារ​មួយ​ចំនួន រួម​ទាំង​កម្លាំង​ពលកម្ម និង​ការ​ប្រើ​ជីធម្មជាតិ​ជាដើម ។

លោក​បាន​បន្ត​ទៀត​ថា កាលពីមុន នៅ​ពេល​ដែល​គេ​មិន​ទាន់​ស្គាល់​ទីតាំង​ដាំ​ដំណាំ​របស់​ខ្លួន គឺ​វា​មានការ​ពិបាក​លក់​បន្តិច តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បន្លែ​ទំពាំង​បារាំង​របស់​គាត់​មាន​ទីផ្សារ​ល្អ​បន្តិច​ម្តង​ៗ ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​លក់ដូរ​ឱ្យ​ម៉ូយ ទិញ​យក​ទៅ​ទទួលទាន និង​យក​ទៅ​លក់ដូរ​បន្ត លោក​ក៏​លក់ដូរ​បាន​តម្លៃ​ថ្លៃ ដោយ​១​គីឡូក្រាម អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី ១​ម៉ឺន​ទៅ ១​ម៉ឺន​បួន​ពាន់​រៀល។ លោក​ស្ទើរតែ​ប្រមូល​លក់​ឱ្យ​ម៉ូយ​មិន​ទាន់​នោះ​ឡើយ ព្រោះ​មាន​អ្នកខ្លះ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំការ ហើយ​អ្នកខ្លះ​ទៀត​គេ​មាន​លេខ​ទូរស័ព្ទ ក៏​កម្ម​ង់​ទិញ​ឱ្យ​ដឹក​ទៅ​ដល់​ផ្ទះ​ថែម​ទៀត​ ។

លោក​បាន​បញ្ជាក់​ថា បន្លែ​ទំពាំង​បារាំង​អាច​ដាំ​បាន​ទាំង​ការ​ប្រើ​គ្រាប់ និង​ការ​ប្រើ​ឫស​ដើម​ដាំ​ឡើង​វិញ​ក៏​បាន​ដែរ​។ ដំណាំ​ប្រភេទ​នេះ​ចូល​ចិត្ត​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ និង​ដី​ដែល​មាន​ប្រព័ន្ធ​បង្ហូរទឹក​ល្អ​(​មិន​ដក់​ទឹក​ឡើយ​)​។ ចំណែកឯ​ការ​រៀបចំ​ដី ដោយ​ប្រើ​ជីធម្មជាតិ ឬ​ជី​កំ​ប៉ុ​ស្ត ដើម្បី​ឱ្យ​ដី​ធូរ និង​មាន​ជីវជាតិ​ល្អ ។ ចំណែកឯ​ការ​ប្រមូល​ផល​បើសិនជា​ដាំ​គ្រាប់​អាច​ប្រើ​ពេល​ចាប់ពី​២​ទៅ​៦​ខែ ទើប​អាច​ប្រមូល​ផល​បាន ហើយ​វា​អាំ​ច​ផ្តល់​ផល​បាន​ច្រើន​ឆ្នាំ ពោល​គឺ​ចាប់ពី​៥​ទៅ​១០​ឆ្នាំ បើសិនជា​ថែទាំ​ដើម​បាន​ល្អ ។ បច្ចុប្បន្ន​លោក​ក៏​ប្រមូល​ផល​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់​ខេត្តសៀមរាប បាត់ដំបង និង​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ចំណែកឯ​លោក ជួន ទី ជា​មន្ត្រី​កសិកម្ម​សង្កាត់​អូរ​តា​វ៉ៅ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ដែរ​ថា ៖ ដី​ដែល​ល្អ​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​នេះ ត្រូវ​តែ​ជា​ដី​ដែល​មិន​ជាំ​ទឹក ដោយសារ​វា​មិន​ត្រូវការ​សារធាតុចិញ្ចឹម​ច្រើន​ដូច​ដំណាំ​ផ្សេង​ៗ ទៀត​ឡើយ ។ ហើយ​ដំណាំ​នេះ​ធន់​នឹង​អាកាសធាតុ​រាំង​ស្ងួត ។ ប៉ុន្តែ​វា​ទាមទារ​ការ​យកចិត្តទុកដាក់​ថែទាំ​ខ្ពស់ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​សម្រាប់​សម្អាត​ស្មៅ​នៅ​លើ​គល់​ជា​ប្រចាំ ការ​បូមទឹក​ស្រោចស្រព និង​ការ​ប្រមូល​ផល​ពន្លក​រៀងរាល់ថ្ងៃ មិន​អាច​ទុក​ពន្លក​ទំពាំង​ឱ្យ​ចាស់​បាន​ទេ ត្រូវ​ដក​ចេញពី​គុម្ព​។ លោក​បន្ត​ទៀត​ថា បន្លែ​ទំពាំង​បារាំ​អ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​យ៉ាងដូច​ជាំ ឆា​ជាមួយ​សាច់​គោ ឆា​គ្រឿង​សមុទ្រ ឬ​បង្គា អាំង​ញ៉ាំ​ជាមួយ​សាច់​ជ្រូក​៣​ជាន់ ឬ​អាច​ស្ងោរ​ស៊ុប ឬ​ធ្វើ​ជា​បន្លែ​ញ៉ាំ​ជាមួយនឹង​ទឹកគ្រឿង​ក៏​បាន​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ៖​សម្រាប់​ការ​ដាំ​ដុះ​ជា​លក្ខណៈ​អាជីវកម្ម ដំណាំ​នេះ​ត្រូវការ​ផ្ទៃដី​ដាំ​ដុះ​ធំ​ជាង​ដំណាំ​បន្លែ​ទូទៅ ព្រោះ​ហេតុផល​ថា ក្នុង​មួយ​គុម្ព​អាច​ប្រមូល​ផល​បាន​ត្រឹម ១-៥​ដើម ក្នុង​មួយ​ដង ហើយ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​សម្រាប់​ការ​ដាំ​ដុះ​លើក​ដំបូង​។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​ស្រាវជ្រាវ គឺ​បន្លែ​ទំពាំង​បារាំង​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន ជាតិ​រ៉ែ និង​ប្រូតេអ៊ីន​សំខាន់​ៗ ហើយ​ទំពាំង​បារាំង​មាន​បរិមាណ​កាឡូរី​ទាប​បំផុត ដែល​មិន​មាន​កូ​លេ​ស្តេ​រ៉ុល​ហើយ​មាន​ជាតិ​សូ​ដ្យូ​ម​ទាប​ផង​ដែរ ។ វា​ក៏​ជា​ប្រភព ដ៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ចំណី​ដែល​ចាំបាច់​សម្រាប់​រាង​កាយ​របស់​មនុស្ស​យើង ៕