ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ​! មន្ត្រី​ជំនាញចុះ​​បង្ក្រាប និង​ដកហូត​ឈើ​ ព្រមទាំង​មធ្យោបាយ​ល្មើសច្បាប់​ជា​ច្រើន​គ្រឿង​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវ​សីមា

1 អាទិត្យ មុន

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ជំនាញ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​មូលដ្ឋាន បាន​ចុះ​ល្បាត​ស្រាវជ្រាវ និង​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ដោយ​ប្រមូល​បាន​វត្ថុ​តាង​ជា​ឈើ​ប្រណីត ម៉ូតូ​កែ​ច្នៃ និង​រណារ​យន្ត​ជា​ច្រើន​គ្រឿង កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ​។

យោង​តាម​របាយការណ៍​ផ្លូវការ​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើងជា​ពីរ​ទិស​ដៅ​ផ្សេង​គ្នា​ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ១-កម្លាំង​ស្នាក់​ការ​រង​ស្រែ​ផ្លែង បាន​សហការ​ជាមួយ​ស្នាក់​ការ​រង​ទួល​ពង្រ និង​ភ្នាក់ងារ​ល្បាត បាន​ធ្វើការ​ចុះ​ល្បាត និង​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​កែង​ជញ្ជីង​ពូ​ចារ (​និយាម​កា ៧០១០៥២, ១៣៥០៩២០) ស្ថិត​ក្នុងភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ ។ ជា​លទ្ធផល ក្រុមការងារ​បាន​ធ្វើការ​ដកហូត​ម៉ូតូ​កែ​ច្នៃ​ចំនួន០២គ្រឿង (​ប្រើ​សម្រាប់​សកម្មភាព​ដឹក​ជញ្ជូន​) ឈើ​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន០៩ដុំ ស្មើនឹង​០,១៥៥ ម៉ែត្រគូប​។

២-នៅ​ថ្ងៃ​ដដែល កម្លាំង​ស្នាក់​ការ​រង​អូរ​រាំង បាន​ដឹកនាំ​ប្រជា​សហគមន៍​អណ្តូង​ក្រឡឹង ចុះ​ល្បាត​នៅ​ត្រង់​ចំណុច​ផ្លូវ​ទៅ ហ្គា​ទី ខ្មោច​បារាំង (​និយាម​កា ៧១៥៩៣៣, ១៣៥៧០៥៤) ស្ថិត​ក្នុងភូមិ​ហ្គា​ទី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ ។ ក្នុង​ប្រតិបត្តិការ​នេះ នៅ​ពេល​ឃើញ​វត្តមាន​ក្រុមការងារ ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​រួម​មាន រណា​រយន្ត (​អារ​ឈើ​) ចំនួន​០១​គ្រឿង (​ម៉ាក​០៣៨) ម៉ូតូ​កែ​ច្នៃ​ចំនួន​០៤​គ្រឿង​ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត នឹង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​មូលដ្ឋាន ដើម្បី​បង្កើន​ការ​ល្បាត​ស្ទាក់ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ដាច់ខាត​ ។

លោក​ប្រធាន​មន្ទីរ​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​រាយការណ៍ និង​សហការ​ការពារ​ធនធានធម្ម​ជាតិ និង​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ឱ្យ​បាន​គង់វង្ស​ផង​ដែរ​ ។ បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​នៃ​ករណី​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រមូល និង​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ស្នាក់​ការ​រង​ស្រែ​ផ្លែង និង​ស្នាក់​ការ​រង​អូរ​រាំង ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ៕