ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ព្រ​លែង​កូន​ត្រី​ចម្រុះ និង​មេ​ពូជ​ជិត​៣​ម៉ឺន​ក្បាល ដើម្បី​អបអរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០២៦

1 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០២៦ ដោយ​បាន​ព្រ​លែង​កូន​ត្រី​ចម្រុះ និង​មេ​ពូជ​ជិត​៣​ម៉ឺន​ក្បាល នៅ​តំបន់​ការពារ និង​អភិរក្ស​ជលផល ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ មានការ​អញ្ជើញ​ចូល​រូ​ម​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព មន្ត្រីរាជការ ព្រះសង្ឃ អង្គការ​ជាតិ​-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ ។

តាម​របាយការណ៍​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ទិវា​មច្ឆា​ជាតិ​នេះ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលបំណង​បំផុស​ប្រជារាស្ត្រ ចូលរួម​ចំណែក​ការពារ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ជលផល ដោយ​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​ជាមួយ ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​នេសាទ និង​បំផុស​ចលនា ប្រជាពលរដ្ឋ​គ្រប់​ៗ រូប​ឱ្យ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ថែរក្សា​ពូជ​ត្រី ក៏​ដូច​ជា​វា​រី​ជាតិ​ផ្សេង​ៗទៀត ឱ្យ​មាននៅ​ក្នុង​ដែនទឹក​ធម្មជាតិ ព្រមទាំង​បង្កើន​ផល​ត្រី​នៅ​តាម​តំបន់​ដែល​មិន​ជាប់​ដែន​នេសាទ​ផង​ដែរ ជា​ពិសេស​នៅ​តាម​តំបន់​វាលទំនាប និង​វាលស្រែ ទូ​ទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ធានា​ឱ្យ​មាន​ផល​ត្រី​នៅ​តាម​ទី​ជនបទ ឆ្ងាយ​ដាច់​ស្រយាល​ ។

លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត បាន​លើក​ឡើង​ថា ក្នុង​ស្ថានភាព ​នៃ​កំណើន​តម្រូវការ​ស្បៀងអាហារ ដោយ​រត់​តាម​កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន​នា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក វិស័យ​កសិកម្ម​ជា​វិស័យ​អ​ទិ​ភាព​មួយ ក្នុង​នោះ​អនុ​វិស័យ​ជលផល នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​រក្សា​និរន្តរភាព នៃ​កំណើន​សេដ្ឋកិច្ច​ធានា​សមធម៌ ធានា​សុវត្ថិភាព សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជនបទ​ហើយ​ក៏​ជា​បណ្តាញ​មួយ​នៃ​សុវត្ថិភាព​សង្គម ដោយសារ​ត្រី និង​វា​រី​ជាតិ​ផ្សេង​ៗ ទៀត​នៅ​តែ​ជា​អាហារ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ប្រជាជន បន្ទាប់​ពី​ដំណាំ​ស្រូវ​-​អង្ករ ​។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គាំទ្រ​សកម្មភាព​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​និង​កំពុង​អនុវត្ត ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​បំផុសស្មារតី ចូលរួម​តាម​រយៈ​ទិវា​មច្ឆជាតិ ១ កក្កដា ជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​ផ្តល់​អនុសាសន៍ ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្កើន​កិច្ចសហការ យកចិត្តទុកដាក់ និង​ពង្រឹង​ការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធាន​ជលផល ដើម្បី​ធានា​បាន​និរន្តរភាព​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ទេសចរណ៍ធម្មជាតិ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​ជំរុញ​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​រៀបចំ​ដាក់​ស្លាក​កន្លែង អភិរក្ស​ជលផល​ឱ្យ​បាន​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​ធ្វើ​សកម្មភាព​គ្រប់គ្រង កន្លែង​អភិរក្ស​ជលផល​ឱ្យ​ប្រកបដោយ​សុវត្ថិភាព ជា​ពិសេស​រួម​សហការ​គ្នា​បង្ក្រាប​បទល្មើស​ជលផល និង​ទប់ស្កាត់​រាល់​ការ​ប្រើប្រាស់ ឧបករណ៍​នេសាទ ដែល​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដល់​ធនធានធម្មជាតិ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ត្រូវ​ខិតខំ​បំផុស និង​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​វិនិយោគ​លើ​ការងារ​ចិញ្ចឹម​ត្រី ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ព្រមទាំង​ធ្វើការ​កែ​ច្នៃ​ផលិតផល​ជលផល ដើម្បី​នាំ​ចេញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ២០២៦ នេះ លោក​ជំទាវ​ បាន ស្រី​មុំ និង​ក្រុមការងារ បាន​ព្រ​លែង​កូន​ត្រី​ពូជ មាន​ដូច​ជា ៖ ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​ប្រា និង​ត្រី​ចម្រុះ ប្រមាណ​ចំនួន ២៦ ០០០​ក្បាល ចូល​ទៅ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ជលផល ស្ថិត​នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ៕