ជំនាញពេទ្យសត្វសោះ បែរមកព្យាបាលមនុស្ស បណ្ដាលឱ្យស្លា.ប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
- កំពង់ចាម
ខេត្តកំពង់ចាម ៖ តាមពិតទៅបុគ្គលឈ្មោះគាត គឹមស្រ៊ីន ជំនាញពេទ្យសត្វសោះតែបែរជាមកព្យាបាលជំងឺមនុស្សទៅវិញ។ ហេតុតែចង់បានលុយពេក មិនស្ដាប់ការណែនាំរបស់ជំនាញសុខាភិបាល ដោយបានលួចព្យាបាលជំងឺគ្រុនឈាមលើក្មេងស្រីអាយុ១៣ឆ្នាំរស់នៅឃុំមហាលាភ ស្រុកកោះសូទិនរហូតដល់មានអាការៈធ្ងន់ធ្ងរ ទីបំផុតក្មេងស្រីដែលរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ បណ្ដាលឱ្យស្លាប់ ។ អាចជាការព្រមានដល់អ្នកផ្សេងទៀតទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពេទ្យសត្វរូបនេះហើយនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។
លោកវេជ្ជបណ្ឌិតវ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា: ការងារស្នើសុំសេវាឯកជនដោយធ្វើឡើងនៅច្រកចេញចូលតែមួយនៅសាលាស្រុកកោះសូទិន ដើម្បីសុំអាជ្ញាប័ណ្ណបើកព្យាបាលជំងឺ ដោយមានមារនិងក្មួយរស់នៅផ្ទះជាមួយគ្នា បុគ្គលឈ្មោះគឹមស្រ៊ីន ពីមុនមកមានជំនាញពេទ្យសត្វ បានដើរចាក់ថ្នាំនៅក្នុងភូមិរបស់ខ្លួន(ជីហែ) ក្រោយពីជំនាញសុខាភិបាលដឹងក៏បានចុះបិទ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថា កន្លងទៅថ្មីៗពេទ្យសត្វឈ្មោះគឹមស្រ៊ីន បានព្យាបាលជំងឺគ្រុនឈាមលើក្មេងស្រីឈ្មោះសុង បូរ៉ែន អាយុ១៣ឆ្នាំ រស់នៅឃុំមហាលាភស្រុកកោះសូទិន ជាហេតុបណ្ដាលឱ្យស្លាប់ ។ ក្រោយពីមានករណីនេះកើតឡើងរូបលោកនឹងឲ្យប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៩ទៀតនៅក្នុងខេត្តកំពង់ចាម ដើម្បីរាយការណ៍មើលពីស្ថានភាពនៃការបើកសេវាឯកជនដោយយកចិត្តទុកដាក់ធ្វើយ៉ាងណាគ្រប់គ្រងទិន្នន័យឲ្យបាន សន្យាមិនឱ្យមានហេតុការណ៍បែបនេះកើតឡើងបន្តទៀតឡើយ។ លោកដឹងថាពេទ្យស្រុីនជំនាញទៅលើការព្យាបាលសត្វឯណោះតែបែរជាមកព្យាបាលជំងឺមនុស្សទៅវិញគឺជាទង្វើមួយខុសច្បាប់ ចំពោះការឃុំខ្លួននិងការពិន័យអន្តរកាលគឺអាស្រ័យទៅលើស្ថាប័នសាលាដំបូងខេត្ត។
អ្នកស្រីខាន់ បូរិន អាយុ៣៧ឆ្នាំ ត្រូវជាម្ដាយនៃសពបានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែជីវភាពខ្វះខាតគាត់បានចេញទៅធ្វើការឱ្យគេនៅរាជធានីភ្នំពេញជាមួយនឹងប្ដីដោយទុកកូនស្រីឱ្យបងស្រីឈ្មោះវ៉ាន់ឈីម ជួយមើលថែទាំគាត់បានទទួលដំណឹងថាកូនស្រីមានជំងឺគ្រុនឈាមក៏បានធ្វើដំណើរទាំងប្រញាប់ ដើម្បីអោយទាន់ដង្ហើមកូនតែគួរអនិច្ចាបានពាក់កណ្ដាលផ្លូវ បងស្រីទូរសព្ទមកប្រាប់ថាកូនស្លាប់ទៅហើយគ្រាន់តែឮពិតជារន្ធត់យំទឹកភ្នែកអាណិតកូនណាស់ ដោយគាត់ស្រឡាញ់កូនប្រៀបដូចជាគ្រាប់ពេជ្រមួយដុំ។
សពក្មេងស្រីឈ្មោះសុង បូរ៉ែន អាយុ១៣ ឆ្នាំជាសិសេសរៀនពូកែតាំងពីថ្នាក់ទី១ ដល់ទី៦ ត្រូវបានបញ្ចុះនៅក្រោយផ្ទះជីដូនជីតារបស់ខ្លួនក្នុងភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន។
លោកគ្រូពេទ្យវិសាល បម្រើការងារនៅការិយាល័យសុខាភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៩កក្កដាថា ក្មេងស្រីឈ្មោះសុងបូរ៉ែន អាយុ១៣ឆ្នាំ បានទៅឲ្យពេទ្យឈ្មោះគាត គឹមស្រ៊ីន បើកឃ្លីនិកនៅផ្សារជាហែរ ស្រុកកោះសូទិន ព្យាបាលជំងឺគ្រុនឈាម ជាហេតុបណ្ដាលឱ្យមានក្មេងស្រីរូបនេះស្លាប់។ រហូតមកដល់ព្រឹកថ្ងៃទី២៩កក្កដាឆ្នាំ២០២៦ កម្លាំងរបស់មន្ទីរសុខាភិបាលខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋានដោយសម្រេចចុះបិទគ្លីនិកមួយនេះ ។សូមបញ្ជាក់ថាពេទ្យឈ្មោះស្រុីន ពុំមានសញ្ញាបត្រនោះទេ គឺបានយកឈ្មោះរបស់ក្មួយចម្រើន កិរិយា មកបើកដើម្បីមើលថែទាំអ្នកជំងឺជាច្រើនឆ្នាំមកហើយ ទើបដឹងប្រវត្តិច្បាស់ ក្រោយពីមានករណីស្លាប់ក្មេងស្រី៕








ចែករំលែកព័តមាននេះ