ខេត្តស្ទឹងត្រែង៖ ជំនាញជលផល និងសមត្ថកិច្ច បង្កើនការល្បាតការពារអន្លង់ផ្សោត និងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយកម្លាំងឆ្មាំទន្លេ និងប្រជាសហគមន៍បាននិងកំពុងបង្កើនការល្បាតនៅតំបន់អន្លង់ផ្សោតត្បូងខ្លា ស្រុកសៀមបូក ដើម្បីការពារត្រីមេពូជ និងសត្វផ្សោតកម្រឱ្យបានគង់វង្ស ។

នាឱកាសចុះសួរសុខទុក្ខក្រុមការងារអភិរក្សនៅឃុំអូរម្រះ កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ លោកស្រី សំ វិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា កម្លាំងជំនាញត្រូវបង្កើនការអភិរក្ស និងបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិនេសាទ ឱ្យបានទូលំទូលាយ ។
លោកនាយខណ្ឌក៏បានអំពាវនាវអោយប្រជានេសាទឈប់ប្រើឧបករណ៍ខុសច្បាប់ដូចជា ឧបករណ៍ឆក់ បំពុល និងការលួចដាក់មងក្រឡាធំនៅពេលយប់ ហើយងាកមករួមគ្នាការពារធនធានធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសតផ្សោតនាដូវប្រាំងខាងមុខ។

លោក ខាន់ សុផល មន្ត្រីឆ្មាំទន្លេបានឱ្យដឹងថា ប្រជានេសាទភាគច្រើនបានភ្ញាក់រលឹក និងគោរពច្បាប់បានល្អ ប៉ុន្តែកម្លាំងជំនាញនៅតែបន្តតាមដាន និងបង្ក្រាបជនខិលខូចមួយចំនួនដែលលួចធ្វើសកម្មភាពយប់ ។
ជាក់ស្តែង ក្នុងខែកក្កដានេះ សមត្ថកិច្ចបង្ក្រាបបាន២១លើក ដោយដកហូតមងបាន ៥,៨៥២ម៉ែត្រ និងសន្ទូចរនង១,១៥១ផ្លែ ព្រមទាំងបានអប់រំណែនាំប្រជានេសាទ២៥នាក់ (ធ្វើកិច្ចសន្យា២០នាក់)។

យោងតាមច្បាប់ស្តីពីជលផល ការប្រើប្រាស់ឧបករណ៍ឆក់ជាតិពុល ឬឧបករណ៍បំផ្លាញធ្ងន់ធ្ងរ និងការធ្វើនេសាទក្នុងតំបន់អភិរក្សពេលរដូវបិទនេសាទ គឺជាបទល្មើសជលផលធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។
អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ គោរពច្បាប់នេសាទ ចៀសវាងការប្រើឧបករណ៍ខុសច្បាប់ ដើម្បីរក្សាកូនត្រី និងត្រីមេពូជ ។ ដើម្បីបង្កើនប្រភពចំណូលសហគមន៍តាមរយៈវិស័យអេកូទេសចរណ៍ ។ ចូលរួមរាយការណ៍ជូនអាជ្ញាធរភ្លាមៗ ពេលឃើញមានសកម្មភាពនេសាទខុសច្បាប់ ។


ចែករំលែកព័តមាននេះ