ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​ចិន​៤​នាក់ ភ្ជង់​គំរាម​ចាប់ជំរិត​ទារប្រាក់​១​លាន​ដុល្លារ មិន​បាន​សម្រេច​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនជាតិ​ចិន ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត Hydra ហើយ​ភ្ជង់​ជំ​រាម​បាញ់​សម្លាប់ ជំរិត​ទារប្រាក់​ចំនួន​១​លាន​ដុល្លារ មិន​បាន​ស​ម្រ​ច រួច​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល ។

ហេតុការណ៍​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​បេតុង បុរី​វ៉ា​រី​ណា ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ៖
១. ឈ្មោះ YE SHENGJIANG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន គ្មាន​សារធាតុ​ញៀន​) ។
២. ឈ្មោះ QIAO GEZI ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​អគារ ហ្វូ​លី ផ្លូវ​៥០​ម៉ែត្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
៣. ឈ្មោះ ZHANG WEI ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន ប្រាកដ ។
និង​៤. ឈ្មោះ LI MING ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន ប្រាកដ ។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ LI MINGJIE ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត Hydra ផ្ទះ​លេខ​៤៦០ ផ្លូវ​បេតុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វីរ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ថ្ងៃត្រង់​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុង​បុរី​យាម​បញ្ញា ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី ជនសង្ស័យ​០១​នាក់ បាន​ឆាត​តាម Tiktok ចង់​ជួប​ជន​រង​គ្រោះ LI MINGJIE ដែល​ស្គាល់គ្នា តាម Tiktok កាលពី​អំឡុង​ឆ្នាំ​២០២៤ ដោយ​និយាយ​គ្នា​រឿង​រកស៊ី រួច​ជន សង្ស័យ បាន​សុំ​តេ​ឡេ​ក្រាម​របស់​ជន​រង​គ្រោះ ឆាត​និយាយ​ចង់​ទិញ​សំបុក​ត្រចៀកកាំ ដោយ​ជន​រង​គ្រោះ​ស្គាល់​កន្លែង​លក់​បោះ​ដុំ​សំបុត្រ​ត្រចៀកកាំ និង​បាន​ណាត់ជួប នៅផ្ទះ​លេខ​៨ ផ្លូវ​បេតុង បុរី​វ៉ា​រី​ណា ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ស៊េរី​២០០៦ ស្លាក​លេខ​ភ្នំពេញ 2T-3727 តែ​ម្នាក់ឯង ទៅ​ដល់ទី​តាំង​ផ្ទះ​របស់​ជនសង្ស័យ ដែល​មាន​បក្សពួក​ចំនួន​បី​នាក់​ទៀត នៅ​ចាំ​រួច​ជា​ស្រេច​។ បន្ទប់​ពី​អង្គុយ​ផឹក​តែ និយាយ​គ្នា ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ព្រួត​គ្នា​ចាប់​ជន​រង​គ្រោះ យក​ខ្សែ​ជ័រ​មក​ចងដៃ​ទាំង​ពីរ​របស់​ជន​រង​គ្រោះ ព័ទ្ធ​មក​ក្រោយ​ជាប់ រួច​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព វាយតប់​លើ​ជន​រង​គ្រោះ នឹង​ដៃជើង បណ្តាល​ឲ្យ​ជន​រង​គ្រោះ របួស​ជាំ​ដៃជើង​សងខាង និង​ជាំ​ក្រហម​ភ្នែក​ខាងស្តាំ​ហើយ​ជនសង្ស័យ​០១​នាក់ បាន​យក​អាវុធ​ខ្លី​០១​ដើម​ភ្ជង់ ចាក់​បុក​ចំ​ភ្លៅ​ជើង​ខាងស្ដាំ និង​ភ្ជង់​ចង្កេះ​គំរាម​បាញ់ និង​ជំរិត​ទារប្រាក់​ចំនួន​១​លាន​ដុល្លារ ពេល​នោះ​ជន​រង​គ្រោះ​ថា «​អត់​មាន​ប្រាក់​ទេ​» ក្រុម​ជនសង្ស័យ​ពុំ​ជឿ ក៏​បាន​ចាប់​យក​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ឆែក​មើល ពុំ​ឃើញ​មាន​ប្រាក់​នៅ​ក្នុង​កុង​ធនាគារ ក៏​ប្រគល់​ទូរ​សព្ទ​ដៃ ឲ្យ​ជន​រង​គ្រោះ វិញ ហើយ​ក្រុម​ជនសង្ស័យ បាន​បើករថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ខ្មៅ ដឹក​យក​ជន រង​គ្រោះ​ទៅ​ទម្លាក់​ចោល នៅ​ដី​វាល​ស្ងាត់​មួយ​កន្លែង​។ ចំណែក​រថយន្ត​ម៉ាក​ព្រូស​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ បើក​យក​ទៅ​ប្លុង​ចោល នៅ​ក្បែរ​ៗ​នោះ​ដែរ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក ជន​រង​គ្រោះ​ទៅ​យក​រថយន្ត ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ។ ហើយ​ត្រួតពិនិត្យ បាត់​លិខិតឆ្លងដែន​ជនជាតិ​ចិន​០១​ក្បាល​, កាត​ការងារ​ជនបរទេស​០១​សន្លឹក​, កាត​គ្រី​រថយន្ត​(​ម៉ាក​សឺ​ដេ​ស​) ចំនួន​០២​សន្លឹក​(​របស់​ថៅកែ​ជន​រង​គ្រោះ​) ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​បាត់បង់​សម្ភារ​នៅ​ក្នុង​រថយន្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ ជន​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ឲ្យ​ជួយ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឆែកឆេរ​តាម​កាមេរ៉ា​សុវត្ថិភាព ឃើញ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ខ្មៅ ស្លាក​លេខ កម្ពុជា V.B.8898 ជា​រថយន្ត ដែល​ក្រុម​ជនសង្ស័យ​បើក​ធ្វើ​សកម្មភាព​ដឹក​ជន​រង​គ្រោះ យក​ទៅ​ទម្លាក់​ទុក​ចោល ហើយ​បន្ត​ស្រាវជ្រាវ​តាម​ជំនាញរបស់​សមត្ថកិច្ច ​រហូត​ឈាន​ទៅ​ឃាត់​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៤​នាក់ និង​ដកហូត​សម្ភារៈ រួម​មាន ៖ ខ្សែ​ជ័រ​រិ​ត ចំនួន​០១​ថង់​, កាំបិត​ចុង​ស្រួច ចំនួន​០២​ដើម​, ផ្លា​ស្ទិ​ចប​ក​បិទ​, ស្លាក​លេខ​រថយន្ត សរុប​ចំនួន​០៨​សន្លឹក (​លេខ​ភ្នំពេញ 2BF-6759 ចំនួន​០២​សន្លឹក​, ភ្នំពេញ 2BD-3356 ភ្នំពេញ 2BY-8875, ភ្នំពេញ 2BK-2358 ចំនួន​០២​សន្លឹក​, ភ្នំពេញ 2BL-5578 ចំនួន​០២​សន្លឹក​) អាវុធ​ខ្លី​០១​ដើម​ម៉ាក​ស៊ូ​រ៉ា​គី បង់​០១ និង​គ្រាប់​ចំនួន​០៦ និង​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ខ្មៅ ស្លាក​លេខ កម្ពុជា V.B.8898 មួយ​គ្រឿង ។

ជនសង្ស័យ​ឈ្មោះ YE SHENGJIANG បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​០៣​នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ វាយដំ និង​ប្រើ​អាវុធ​ខ្លី ភ្ជង់​ជំរិត​ទារប្រាក់​ពិតប្រាកដ​មែន ៕