កម្លាំងឧទ្យានុរក្សដកហូតម៉ូតូ ២គ្រឿង និងដុ.តបំផ្លាញចោលសាច់សត្វជ្រូកព្រៃ ៣ក្បាល ក្នុងដែនជម្រកសត្វព្រៃស្រែពក ណាំលៀរ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កម្លាំងស្នាក់ការឧទ្យានុរក្សចំនួនបីស្នាក់ការ បានរួមគ្នាចុះបេសកកម្មល្បាត តាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ណាំលៀរ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បង្ក្រាបបានការបរបាញ់សត្វព្រៃខុសច្បាប់ ក្នុងជម្រកសត្វព្រៃស្រែពក-ណាំលៀរ ។
សេចក្តីបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សចំនួនបីស្នាក់ការ រួមមាន ស្នាក់ការស្រែថាស ស្នាក់ការត្រពាំងត្រាច និងស្នាក់ការត្រពាំងធ្មៀរ សរុបកម្លាំងចំនួន ០៨នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ល្បាតមកដល់ចំណុចអូររចកលើ (និយាមកា 734541 .1430321) ស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការពួនស្ទាក់ និងឃាត់ដកហូតបានម៉ូតូម៉ាក វ៉េវ (Wave) ស្លីម ពណ៌ខ្មៅ ចំនួន ០២គ្រឿង (គ្មានស្លាកលេខ) ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើស សាកសពសត្វជ្រូកព្រៃ ចំនួន ០៣ក្បាល។
សេចក្តីរាយការណ៍បន្តថា ខណៈពេលមន្ត្រីជំនាញសម្រុកចូលទៅជិតដល់ ជនសង្ស័យចំនួន ០២នាក់ បានឆក់ឱកាសរត់គេចខ្លួនចូលព្រៃក្រាស់បាត់ស្រមោល។ ដោយអនុវត្តតាមនីតិវិធីជំនាញ កម្លាំងក្រុមការងារបានដុតបំផ្លាញចោលនូវសាកសពសត្វជ្រូកព្រៃទាំង ០៣ក្បាល នៅនឹងកន្លែងកើតហេតុ ចំណែកឯវត្ថុតាងម៉ូតូទាំង ០២គ្រឿង ត្រូវបានប្រមូលយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការត្រពាំងធ្មៀរ។
ពាក់ព័ន្ធនឹងប្រតិបត្តិការខាងលើនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្តបន្ថែមដល់កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះល្បាត តាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិឱ្យបានកាន់តែខ្លាំងក្លា ដើម្បីធានាឱ្យបាននូវការការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស។ហើយលោកប្រធានមន្ទីរបាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលព្រៃបរបាញ់ឬដាក់អន្ទាក់សត្វព្រៃ ដែលទាំងនេះជាសកម្មភាពល្មើសច្បាប់នាំឲ្យបងប្អូនដែលប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕






ចែករំលែកព័តមាននេះ