ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះ ដាក់​ឱសានវាទ​ឱ្យ​ពលរដ្ឋ​រុះរើ​សម្ភារៈ និង​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជា​បន្ទាន់

2 អាទិត្យ មុន

ខេត្តក្រចេះ​ ៖ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ប្រតិបត្តិការ​ផ្ទាល់​ដល់ទី​តាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ ក្នុងភូមិសាស្ត្រ​ឃុំ​ស្វាយ​ជ្រះ ដើម្បី​អប់រំ​ណែនាំ និង​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦​ ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​តាម​ទីតាំង​នីមួយ​ៗ ដោយ​ឃើញ​ថា នៅ​សល់​សម្ភារៈ និង​ឧបករណ៍​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ដឹកជញ្ជូន​ចេញ​អស់​។ ភ្លាម​ៗ​នោះ សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី បាន​ពន្យល់​ណែនាំ​អំពី​ទិដ្ឋភាព​ច្បាប់ និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​កើត​ចេញពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋឱ្យ​រុះរើ​ជម្រក សម្ភារៈ និង​ម​ធ្យោបាយ​ធ្វើ​អាជីវកម្ម​ទាំងអស់​ចេញ​ឱ្យ​អស់​ជា​ប្រញាប់ ដើម្បី​ជៀសវាង​ការ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់ ​។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បាន​លើក​ឡើង​ថា ពួកគាត់​ធ្វើ​អាជីវកម្ម​នេះ​ លក្ខណៈ​គ្រួសារ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ត្រឹម​ម៉ាស៊ីន​បាញ់​ទឹក​លើ​ដីស្រទាប់លើ និង​មិន​បាន​ប្រើប្រាស់​សារធាតុគីមី​គ្រោះថ្នាក់​នោះ​ទេ​។ ពលរដ្ឋ​បាន​បន្ត​ថា កាលពី​ស​ប្តា​ហ៍​មុន អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ម្តង​រួចមក​ហើយ ហើយ​ពួក​គាត់​ភាគច្រើន​បាន​រុះរើ​ជា​បណ្តើរ​ៗ ប៉ុន្តែ​នៅ​សេសសល់​ពលរដ្ឋ​មួយ​ចំនួន​តូច ​ដែល​ខ្វះខាត​មធ្យោបាយ​ដឹក​ជញ្ជូន ទើប​មិន​ទាន់​អាច​ជញ្ជូន​សម្ភារ​ចេញ​អស់ទាំង​ស្រុង​ ។

អាជ្ញាធរ​ខេត្តក្រចេះ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឱ្យ​ចូលរួម​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ការពារ ថែរក្សា​ធនធានធម្មជាតិ​ និង​សន្តិសុខ​សុវត្ថិភាពនៅ​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ ​៕