ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៥០​នាក់ ក្រោម​រូបភាព​បង្ហោះ​ផ្សព្វផ្សាយ​ស្វែងរក​ការងារ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ បាន​ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) បាន​ចំនួន​២​ករណី ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ក្រោម​រូបភាព​បង្ហោះ​ផ្សព្វផ្សាយ ស្វែងរក​ការងារ និង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៥០​នាក់ និង​វត្ថុ​តាង​ជា​កុំព្យូទ័រ​យួរដៃ​និង​ទូរ​សព្ទ រាប់រយ​គ្រឿង ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​០៣ តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ សរុប​បាន​ចំនួន ៥៨​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៥៣៣​នាក់ (​ស្រី ១៤៨​នាក់​) និង​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​ចំនួន ៤​នាក់ ។

ក្នុង​ចំណោម ៥៨​ទីតាំង​នេះ ក្រុមការងារ បាន​ពិនិត្យ​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ចំនួន​២​ករណី រួម​មាន ៖
១. នៅ​ខុន​ដូរ Peninsula ជាន់​ទី​២១ បន្ទប់​លេខ​D២ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ឃាត់ ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ (​ប្រុស​) មាន​ជនជាតិ​ចិន​និង​ចិនតៃវ៉ាន់ គ្មាន​លិខិតឆ្លងដែន ព្រមទាំង​ដកហូត​សម្ភារ​រួម​មាន​៖ កុំព្យូទ័រ យួរដៃ​៣​គ្រឿង​ និង​ទូរសព្ទ ១១​គ្រឿង​។ តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​ឃើញ​ថា​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្រោម​រូបភាពបង្ហោះ​ផ្សព្វផ្សាយ​ស្វែងរក​ការងារ​ ។

២. នៅ​អគារ​ហ័ន​យូ​ប្រ​ផឹ​ធី​អគារ A១ (​បន្ទប់​លេខ​១៥-៣៣, ១៦-៣៥, ១៧-៣៦, ១៨-៣៦, ១៩-១៥) និង​អគារ A២ (​បន្ទប់​លេខ​០៧-១១, ០៧-២៥, ១៣A -២៦, ១៣A -៣០, ១៧ -២៥, ១៨-២៨, ២០-២៥) ស្ថិត​នៅ​ក្បាលដី​លេខ​៧ ផ្លូវ​បើក​ថ្មី ភូមិ​១៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៥៣​នាក់ (​ស្រី ៧​នាក់​) មាន​ជនជាតិ​វៀតណាម ៥២​នាក់ (​ស្រី ៧​នាក់​) និង​ជនជាតិ​ចិន ១​នាក់ (​ប្រុស​) ព្រមទាំង​ដកហូត​សម្ភារ​រួម​មាន​៖​កុំព្យូទ័រ យួរដៃ ៨៨​គ្រឿង ទូរ​ស័ ព្ទ ៣៣០​គ្រឿង កុំព្យូទ័រ All in one ៩​គ្រឿង ដុំ WiFi ៧​គ្រឿង និង Tablet ១​គ្រឿង​។ តាម​ការ​ធ្វើ​កោសល្យវិច័យ របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បាន​ត្រួតពិនិត្យ​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ​។

ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់ ដោយ​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ និង​សម្ភារ​ជា​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​បន្ដ​នីតិវិធី ៕