រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារ តែហាក់ដូចឃុំដាច់ចិត្ត អង្គុយលើបង្កាន់ដៃស្ពាន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំគ្នាទៅឃាត់ទាន់ ។
ការប៉ុនប៉ងធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១N.៩៤៤៤ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់កំផែងទី១ ក៏បានឈប់ម៉ូតូ រួចតោងបង្កាន់ដៃស្ពាន ទៅអង្គុយលើបង្កាន់ដៃ ដែលគេសង្ស័យថា ប៉ុនប៉ងលោតទឹក តែបុរសរូបនោះ ហាក់ដូចពុំដាច់ចិត្ត។ ខណៈនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ក៏បានទៅរាយការណ៍ដល់សមត្ថកិច្ចគោលដៅរង្វង់មូលគួចកាណុង នាំគ្នាឃាត់រួចនាំចុះយកគោលដៅ ដើម្បីសាកសួរ។ លុះក្រោយមក បុរសរូបនោះ ក៏បានធ្វើដំណើរត្រឡប់ទៅវិញបាត់ទៅ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសនោះមានវិបត្តិអ្វីឡើយ បានជាគិតខ្លីប៉ុនប៉ងលោតទឹកបែបនេះ ៕




ចែករំលែកព័តមាននេះ